អង្គការ​គ្រួសារ​ថ្មី​ចង់​ឃើញ​អនាគត​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់​នៅ​កម្ពុជា​ប្រសើរ​ឡើង

ឆ្នាំ​២០១៦ នេះ ជា​ឆ្នាំ​ទី​២៥ នៃ​វត្តមាន​អង្គការ​គ្រួសារ​ថ្មី។ រយៈកាល ២៥​ឆ្នាំ​មក​នេះ អង្គការ​គ្រួសារ​ថ្មី​បាន​ធ្វើការ​លើក​កម្ពស់​ជីវិត​រស់​នៅ​របស់​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់​នៅ​កម្ពុជា ប្រមាណ ១​ម៉ឺន​នាក់។ អ្វី​ដែល​ស្ថាបនិក​នៃ​អង្គការ​មួយ​នេះ មាន​មោទនភាព គឺ​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ដែល​ថា ក្មេង​ពិការ​ភ្នែក និង​គ​ថ្លង់ មិន​អាច​ទៅ​រៀន​បាន។ ត​ទៅ​មុខ​ទៀត គ្រួសារ​ថ្មី ចង់​ឃើញ​ស្ថានភាព​នៃ​កុមារ​ពិការ​គ និង​ថ្លង់​នៅ​កម្ពុជា មាន​ឱកាស​ដូច​កុមារ​មិន​ពិការ​ផ្សេង​ទៀត។

តើ​រយៈពេល ២៥​ឆ្នាំ អង្គការ​គ្រួសារ​ថ្មី ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​អ្វី​ខ្លះ?

អេសស្បែរ៉ង់ហ្សាតស៍ (Esperanz’Arts) ក្រុម​តន្ត្រី​ក្លាស៊ីក (classic) បារាំង មក​ពី​ទីក្រុង​ប៉ារីស កំពុង​អបអរ​ខួប​ទី ២៥​ឆ្នាំ​របស់​អង្គការ​គ្រួសារ​ថ្មី ចំពោះ​បេសកកម្ម​គាំពារ​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់​នៅ​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​បើ​សម្លឹង​មើល​ស្ថានភាព​នៃ​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់ ផ្លាស់ប្ដូរ​ច្រើន​តាំង​ពី​កម្រិត​នៃ​ការ​រើសអើង ការ​អប់រំ និង​សុខុមាលភាព។ មាន​វត្តមាន​សិស្ស​និស្សិត​ពិការ​ភ្នែក និង​គ​ថ្លង់ នៅ​តាម​ថ្នាក់រៀន​មួយ​ចំនួន ហើយ​ក៏​មាន​ដែរ​មន្ត្រី​ពិការ​ភ្នែក និង​គ​ថ្លង់ ដែល​បម្រើការ​នៅ​ស្ថាប័ន​រដ្ឋ​ជាន់​ខ្ពស់។

សិស្ស​មួយ​ចំនួន​របស់​អង្គការ​គ្រួសារ​ថ្មី បាន​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​វិទ្យាល័យ ហើយ​បាន​បន្ត​កា​រក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​ថែម​ទៀត។ សិស្ស​ពិការ​ភ្នែក​ទី​១ របស់​អង្គការ​គ្រួសារ​ថ្មី ទទួល​បាន​សញ្ញាប័ត្រ​កម្រិត​សាកលវិទ្យាល័យ កាល​ពី​ឆ្នាំ​២០១០ ហើយ​បន្ទាប់​មក​ទៀត និស្សិត​គ​ថ្លង់​ទី​១ ក៏​បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ ក្នុង​ឆ្នាំ​២០១៤។

ស្ថាបនិក​អង្គការ​គ្រួសារ​ថ្មី លោក បឺន័រ ឌូសាតូ អាម៉ង់ហ្សុង (Benoit Duchateau-Arminjon) រំឭក​ឡើង​វិញ​ថា ២៥​ឆ្នាំ​មុន​គឺ​នៅ​ឆ្នាំ​១៩៩១ ពេល​ដែល​លោក​បម្រើការ​នៅ​ជំរំ​ជនភៀសខ្លួន​សាយធូ (Site II) លោក​សង្កេត​ឃើញ​ថា កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់ ត្រូវ​បាន​គេ​បោះបង់​ចោល គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់។ ពេល​នោះ​ហើយ​ដែល​លោក​បាន​បង្កើត​អង្គការ​គ្រួសារ​ថ្មី ដើម្បី​ប្រមែប្រមូល​កុមារ​ដែល​មិន​ទទួល​បាន​ការ​ថ្នាក់ថ្នម​ទាំង​នោះ​យក​មក​ចិញ្ចឹម​បីបាច់៖ «គ្រួសារ​ថ្មី ជា​ឈ្មោះ​ជា​ភាសា​ខ្មែរ។ យើង​ជា​គ្រួសារ​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់ ដែល​គេ​បោះបង់​ចោល ឬ​មិន​ត្រូវការ​ក្នុង​សង្គម។ យើង​ផ្ដល់​នូវ​អារម្មណ៍​មួយ​ដល់​កុមារ​ទាំង​នោះ ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​ក៏​ជា​សមាជិក​មួយ​នៅ​ក្នុង​គ្រួសារ និង​ជា​ផ្នែក​មួយ​នៃ​សង្គម​កម្ពុជា»

ស្ថាបនិក​អង្គការ​គ្រួសារ​ថ្មី លោក បឺន័រ ឌូសាតូ អាម៉ង់ហ្សុង ៨៥៥
ស្ថាបនិក​អង្គការ​គ្រួសារ​ថ្មី លោក បឺន័រ ឌូសាតូ អាម៉ង់ហ្សុង (Benoit Duchateau-Arminjon)។ រូបថត​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៦។ RFA/San Sel

នៅ​ឆ្នាំ​១៩៩២ អង្គការ​គ្រួសារ​ថ្មី ក៏​ផ្លាស់​ទី​ចូល​មក​ប្រទេស​កម្ពុជា ដោយ​បើក​ជា​មជ្ឈមណ្ឌល​គាំពារ​កុមារ។ ក៏ប៉ុន្តែ​មាន​កុមារ​ពិការ​ភ្នែក​ម្នាក់​ចង់​ទៅ​រៀន ខណៈ​ដែល​មិន​មាន​សាលា​សម្រាប់​បង្រៀន​កុមារ​ពិការ​ភ្នែក​នៅ​ប្រទេស​កម្ពុជា ឡើយ។

លោក ឌូសាតូ អាម៉ង់ហ្សុង បាន​ជួប​គ្រូបង្រៀន​ម្នាក់ គឺ​អ្នកគ្រូ នាង ផល្លា ដើម្បី​រៀបចំ​សាលា​ឲ្យ​កុមារ​ពិការ​ភ្នែក​រៀន។ អ្នកគ្រូ ផល្លា រៀបរាប់​ថា នៅ​ពេល​អ្នកគ្រូ​ដើរ​ប្រមូល​ក្មេង​ពិការ​ភ្នែក​មក​រៀន ម្ដាយ​ឪពុក អាណាព្យាបាល​របស់​ក្មេង បដិសេធ​មិន​ឲ្យ​កូនៗ​មក​រៀន​ទេ ដោយ​យល់​ថា មិន​ដែល​មាន​ប្រវត្តិ​អ្នក​ពិការ​ទៅ​សាលារៀន​ទេ ហើយ​បើ​ទោះ​ជា​រៀន​ចប់ ក៏​គ្មាន​អ្នក​ណា​ទទួល​ឲ្យ​ធ្វើ​ការងារ​ដែរ៖ «ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​គ្រួសារ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្លូវ​ដែល​ល្អ ផ្លូវ​ដែល​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន ចាប់​អារម្មណ៍​មែន​ទែន គឺ​ផ្លូវ​ដែល​យើង​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់ ព្រោះ​លក្ខណៈ​ដែល​យើង​ជួយ​គាត់ គឺ​សំខាន់​មែនទែន។ បើ​សិន​ណា​យើង​មិន​ជួយ​គាត់​ទេ គឺ​គាត់​មិន​អាច​ទទួល​ការ​អប់រំ​ដូច​កុមារ​ធម្មតា​ទេ។ ២៥​ឆ្នាំ​មុន បើ​សិន​គ្មាន​គ្រួសារ​ថ្មី​ទេ ការ​ជួយ​ដល់​កុមារ​ពិការ​ភ្នែក និង​ទី​ទាល់ក្រ​ទេ បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​ដូច​កុមារ​ដទៃ​ទៀត​ដែរ»

អ្នកគ្រូ នាង ផល្លា សព្វថ្ងៃ ជា​អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ​សម្រាប់​កុមារ​ពិការ​ភ្នែក​នៃ​អង្គការ​គ្រួសារ​ថ្មី។ សាលា​សម្រាប់​កុមារ​ពិការ​ភ្នែក​លើក​ដំបូង​នៅ​កម្ពុជា ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤។ បី​ឆ្នាំ​ក្រោយ​មក សាលាបង្រៀន​កុមារ​គ​ថ្លង់ ក៏​ត្រូវ​បាន​បើក​ទ្វារ។ អ្វី​ដែល​អង្គការ​គ្រួសារ​ថ្មី បាន​បន្សល់​ទុក​សម្រាប់​ការ​អប់រំ​របស់​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់ មិន​ត្រឹមតែ​សាលារៀន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​គ្រួសារ​ថ្មី បាន​បង្កើត​ប្រព័ន្ធ​សរសេរ​ស្ទាប ឬ​អក្សរ​ប្រែល (Khmer Braille) ព្រមទាំង​ផលិត​សៀវភៅ​ភាសា​សញ្ញា។

តាម​ការ​ពិត​ទៅ នៅ​គ្រួសារ​ថ្មី មិន​មែន​មាន​តែ​កម្មវិធី​អប់រំ​សម្រាប់​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ដែរ កម្មវិធី​គាំពារ​កុមារ និង​កម្មវិធី​បង្រៀន​សិល្បៈ​ខ្មែរ។ ក្នុង​ឆ្នាំ​១៩៩៦ សាលា​សិល្បៈ និង​វប្បធម៌​ខ្មែរ លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​ស៊ីសូផុន ខេត្ត​បាត់ដំបង។

លោក កែវ វណ្ណា វ័យ ៣៥​ឆ្នាំ ត្រូវ​បាន​លោក ឌូសាតូ អាម៉ង់ហ្សុង យក​មក​ចិញ្ចឹម​តាំង​ពី វណ្ណា អាយុ ៨​ឆ្នាំ​ម្ល៉េះ។ វិថី​ជីវិត វណ្ណា ស្ទើរ​តែ​ស្រុង​ដើរ​តាម​ស្រមោល​របស់​អង្គការ​គ្រួសារ​ថ្មី។ ពេល​នេះ វណ្ណា ធ្វើ​ជា​គ្រូ​ភ្លេង​នៅ​សាលា​សិល្បៈ​របស់​គ្រួសារ​ថ្មី។ សម្រាប់ វណ្ណា គ្រួសារ​ថ្មី មាន​អត្ថន័យ​ធំធេង​ចំពោះ​ជីវិត​លោក៖ «សម្រាប់​គ្រួសារ​ថ្មី និង​ខ្ញុំ គឺ​ខ្ញុំ​គិត​ថា គ្រួសារ​ថ្មី គឺ​អស្ចារ្យ​ណាស់! ពីព្រោះ​បើ​គ្មាន​គ្រួសារ​ថ្មី ជីវិត​ខ្ញុំ​មិន​ដឹង​ទៅ​ដល់​ណា​ទេ។ បើ​សិន​ខ្ញុំ​នៅ​ជាមួយ​ម្ដាយ​ឪពុក​ខ្ញុំ ខ្ញុំ​មិន​ថា​ម៉េច ម៉េច​ទេ តែ​បើ​ខ្ញុំ​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ ជីវិត​ខ្ញុំ មិន​អាច​ប្រសើរ​ឡើង​បាន ដូច​នៅ​គ្រួសារ​ថ្មី​ទេ។ បើ​សិន​គ្មាន​គ្រួសារ​ថ្មី​ទេ ជីវិត​ខ្ញុំ គឺ​យ៉ាប់​ណាស់។ ដូច​ថា មិន​ដឹង​រក​ទិស​ដៅ រក​ត្រើយ​ណា​ឃើញ។ ខ្ញុំ​មិន​ដឹង​ថា ទិសដៅ​ត្រូវ​ធ្វើ​អី មក​អី។ និយាយ​ទៅ គឺ​ថា​សូន្យ អត់​ដឹង​ថា ត្រូវ​ធ្វើ​អី»

​កាល​ពី​ឆ្នាំ​ទៅ អ្នកគ្រូ នាង ផល្លា នៃ​អង្គការ​គ្រួសារ​ថ្មី ស្ថិត​នៅ​ក្នុង​បញ្ជី​ជម្រុះ ១០​នាក់​ចុង​ក្រោយ នៃ​ពាន​រង្វាន់​គ្រូបង្រៀន​ឆ្នើម​ពិភពលោក (Global Teacher Prize)។ ក្រៅ​ពី​នេះ គ្រួសារ​ថ្មី បាន​ទទួល​រង្វាន់​លក្ខណៈ​អន្តរជាតិ​មួយ​ចំនួន​ទៀត ដូចជា​ពានរង្វាន់ វិនហួយ (Wenhui Award) របស់​អង្គការ​យូណេស្កូ សម្រាប់​នវានុវត្តន៍ អប់រំ (Educational Innovation)។ឆ្នាំ​២០១៦ នេះ អង្គការ​គ្រួសារ​ថ្មី សម្រេច​ផ្ទេរ​សាលារៀន​បង្រៀន​ជន​ពិការ​ភ្នែក និង​គ​ថ្លង់ ដែល​មាន​ចំនួន​ប្រាំ​នៅ​ទូទាំង​ប្រទេស រួម​ទាំង​ឧបករណ៍ និង​បុគ្គលិក​ជំនាញ​របស់​ខ្លួន​ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា។

បើ​តាម​ស្ថាបនិក​នៃ​អង្គការ​គ្រួសារ​ថ្មី លោក ឌូសាតូ អាម៉ង់ហ្សុង ដំណើរការ​ផ្ទេរ​នេះ នឹង​ត្រូវ​ប្រើ​រយៈពេល ៤​ឆ្នាំ ដោយ​ក្នុង​រយៈពេល​នេះ អង្គការ​គ្រួសារ​ថ្មី ដើរ​តួនាទី​ជា​អ្នក​ប្រឹក្សា​ផ្នែក​បច្ចេកទេស​ឲ្យ​រដ្ឋាភិបាល៖ «សាលារៀន​ទាំង​នេះ នឹង​ត្រូវ​ប្រគល់​ឲ្យ​រដ្ឋាភិបាល។ យើង​មើល​ឃើញ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់ ធ្វើ​បន្ត​នូវ​អ្វី​ដែល​យើង​សម្រេច​បាន។ យើង​នៅ​តែ​មាន​រចនាសម្ព័ន្ធ​ការងារ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកទេស ក្នុង​គោល​បំណង​ធានា​ថា រដ្ឋាភិបាល​នឹង​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ​នេះ​បន្ត​ទៀត។ យើង​សម្លឹង​ឃើញ​ថា រដ្ឋាភិបាល​នឹង​អាច​បើក​ទ្វារ​បណ្ដុះបណ្ដាល​ជន​ពិការ​ឲ្យ​ពិភពលោក​ទាំង​មូល ពិសេស​អាស៊ាន។ ខ្ញុំ​ជឿ​ជាក់​ថា សមាហរណកម្ម​អាស៊ាន នឹង​ភ្ជាប់​យើង​កាន់​តែ​ស្និត​ថែម​ទៀត ហើយ​ធ្វើ​ជា​ដៃគូ​សហការ​គ្នា​នៅ​ទូទាំង​អាស៊ាន»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។