បណ្ឌិត សុខ ទូច៖ គណបក្សណា ក៏មានអ្នកគាំទ្រ ចេញពីបេះដូង

ភ្នំពេញៈ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ធ្វើកិច្ចសំភាសន៍ពិសេសមួយ ជាមួយលោកបណ្ឌិតសភាចារ្យ សុខ ទូច អ្នកវិភាគសង្គមឯករាជ្យ លើប្រធានបទសន្ទុះនយោបាយរបស់បក្សប្រឆាំង ខណៈស្ថានការណ៍នយោបាយ ស្ងប់ស្ងាត់។

ជំរាបសួរលោកបណ្ឌិតសភាចារ្យ សុខ ទូច!
នាងខ្ញុំហៅពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល!
បាទជំរាបពីខាងដើមអម្ពិល!
សំណួរទី១៖ ចាសលោកបណ្ឌិត! លោកបណ្ឌិត នៅព្រឹកថ្ងៃនេះ ប្រធានស្តីទីគណបក្សប្រឆាំងឯកឧត្តម កឹម សុខា មានប្រសាសន៍ប្រាប់សកម្មជនខ្លួន ដោយបង្ហាញសារនយោបាយថ្មីមួយថា អ្នកគាំទ្រមកលើបក្សប្រឆាំង គឺចេញមកពីបេះដូងពលរដ្ឋ? តើមូលហេតុអ្វីបានឯកឧត្តម កឹម សុខាលើកឡើងសារនយោបាយបែបនេះ ខណៈដែលស្ថានការនយោបាយនៅកម្ពុជា ហាក់ថយកំដៅ?    

ចម្លើយទី១៖ ជាការពិតអ្នកនយោបាយ លោកចេះតែលើកឡើង អំពីគណបក្សខ្លួន! គណបក្សណាក៏ដោយសុទ្ឋសឹង តែមានអ្នកគាំទ្រចេញ ពីបេះដូងដូចតែគ្នានឹង មានអ្នកគាំទ្រគណបក្សខ្លះ រហូតដល់ងប់ងល់ទៀត ប៉ុន្តែកាលណាយើងជឿជាក់ ទៅលើបក្សខ្លាំងពេកធ្វើឲ្យបក្សនោះ នឹងបាត់បង់ការរៀបចំខ្លួន ទៅថ្ងៃអនាគតដើម្បីការងារសង្គម រហូតដល់ជេរគេជេរឯងនេះជាការងប់ងល់។ ករណីចេញពីបេះដូងវិញសួរថា តើគាំទ្រលើបុគ្គល ឬគាំទ្រលើគោលនយោបាយ? បើគោលនយោបាយបក្សមួយៗ មានគោលនយោបាយដូចៗគ្នា។ សព្វថ្ងៃនេះ យើងបែងចែងអត់ទាន់ដាច់ទេ តើគាំទ្រលើអ្វីឲ្យច្បាស់ បើប្រទេសគេជឿនលឿនគេ គាំទ្រគោលនយោបាយបក្ស ដូចនៅអាមេរិកអីចឹង តែខ្ញុំសូមឲ្យអ្នកគាំទ្រនៅកម្ពុជាញែកទាំងពីរនេះ ឲ្យដាច់ពីគ្នា តើគាំទ្របក្ស ឬគោលនយោបាយបក្ស។

សំណួរទី២៖ ការលើកឡើងដដែល តែខុសពេលវេលាគ្នា គឺថាគណបក្សប្រឆាំងតែងលើកឡើងថា ការកែទម្រង់ក្នុងរដ្ឋាភិបាលសព្វថ្ងៃនេះ ទាក់ទងនឹងការដំឡើងប្រាក់បៀវត្សមន្រ្តីរាជការ និងកែប្រែបញ្ហាសង្គមខ្លះ សុទ្ធតែមានឥទ្ឋិពល មកពីគណបក្សប្រឆាំង។ ចា៎! សូមលោកបណ្ឌិតបកស្រាយអំពីរឿងនេះ?

ចម្លើយទី២៖ វាជាការពិត នៅពេលមានកំណែទម្រង់ គណបក្សប្រជាជនធ្លាក់កៅអី មកនៅត្រឹម៦៨អាសនៈ អីចឹងគាត់ដឹង ថាស្អីដែលគេចង់បាន! ចឹងគណបក្សសង្គ្រោះជាតិលោកចង់បានម៉េច? ចង់ទាញយកអង្គរវត្ត ចង់ឡើងប្រាក់ខែអ្វីនឹង ដែលបក្សសង្គ្រោះជាតិធ្វើ ដើម្បីឡើងកៅអី ក៏គណបក្សកាន់អំណាចគេ កែទៅរកចំណុចទាំងនោះហើយ ដូចជាតំឡើងប្រាក់ខែតាមសន្យាដល់១លាន ទៅឲ្យមន្រ្តីរាជការ ដំឡើងប្រាក់ខែ កម្មករដល់ជាង១៤០នឹង កាលណាដៃគូកាន់តែល្អគូប្រជែងកាន់តែរឹងមាំ។ ឧទាហរណ៍ បើនៅក្នុងភូមិមួយ មាននារីម្នាក់ស្អាតស្រាប់ទៅហើយ តើនារីនោះប្រឹងធ្វើខ្លួនធ្វើអ្វីទៀត ព្រោះមានអ្នកចាប់អារម្មណ៍ទៅហើយនឹង តែដល់ឃើញមាននារីក្នុងភូមិច្រើន រឿងអីមិនថានាងនឹងមិនប្រឹងធ្វើខ្លួន ដើម្បីឲ្យមានការទាក់ទង និងអ្នកស្រលាញ់! ដូចគ្នាចឹងគណបក្សនយោបាយ កាលណាមានអ្នកធ្វើល្អកាន់តែច្រើន ធ្វើឲ្យមានការប្រកួត ប្រជែងខ្លាំង។ មួយទៀត បើមានតែផលិតជប៉ុនតែមួយ ក៏អត់ការប្រជែងដែរ តែបើមានអាមេរិក បារាំង អាចឹងក៏មានការប្រកួតប្រជែងទៅលើគុណភាព និងតម្លៃ។ សរុបមកវិញ កាលណាគណបក្សនយោបាយកាន់តែច្រើន អ្នកខ្លាំងកាន់តែច្រើន ធ្វើឲ្យមានការរីកចម្រើន នូវកម្មវិធីនយោបាយរបស់បក្ស នីមួយៗបាទ!

សំណួរទី៣៖ ចំណុចមួយទៀត លោកបណ្ឌិត  គណបក្សសង្គ្រោះជាតិតែងអះអាងថា នៅឆ្នាំ២០១៨ បក្សខ្លួននឹងឈ្នះ ដើម្បីដឹកនាំរដ្ឋាភិបាល។ តើការអះអាងនេះ អាចទទួលយកបានទេ?

ចមើ្លយទី៣៖ គណបក្សសង្គ្រោះជាតិ គាត់ជាប់ឆ្នោតហើយតើ តែគាត់ឈ្នះតិច ឬច្រើនយើងមិនទាន់ដឹង ឥឡូវនេះគាត់ជាប់ឆ្នោតហើយ គឺមានបក្សកាន់អំណាច និងបក្សប្រឆាំង ប៉ុន្តែចំនួនច្រើន ឬតិចយើងមិនទាន់ដឹងទេ ជាធម្មតាបក្សមួយៗ តែងមានមោទនភាពថា ខ្លួនជាប់ច្រើន ទោះបីជាគណបក្សណាក៏ដោយ ក៏អះអាងថាខ្លួនឈ្នះ ដូចជាកីឡាករអីចឹងមិនទាន់វៃផង អះអាងទៅដៃគូរៀងៗខ្លួនថា ខ្លួននឹងឈ្នះក្នុងការប្រកួត។ តែនៅឆ្នាំ២០១៧នឹង យើងអាចវិភាគថា អ្នកណាមានអាសនៈនៅក្នុងសភា និងអ្នកណាគ្មានអសនៈ នៅក្នុងសភា ក្រោយការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់។

សូមជម្រាបថា គណបក្សចំនួន២នៅតែស្ថិត ក្នុងក្រសែភ្នែក និងជាការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរ ទោះបីជាមានកូនបក្សតូចៗទើបកើតឡើងច្រើន នៅក្នុងអាណត្តិនេះក្តី។ បក្សទាំង២នោះ ពលរដ្ឋខ្មែរស្ទើរតែរត់មាត់ថា បក្សកាន់អំណាច និងបក្សប្រឆាំង។ ជាការចាប់អារម្មណ៍ បក្សណាដែលមាន ប្រយោជន៍ដល់សង្គម បក្សនោះនឹងទាញចិត្តពលរដ្ឋបានមកដោយងាយ ព្រោះពលរដ្ឋចង់បានតែដុំបាយហូបគ្រប់គ្រាន់ និងគ្មានការជិះជាន់ ពីសង្គមតែប៉ុណ្ណោះ។ បញ្ហាសង្គមមិនត្រូវបានកាត់បន្ថយ ការគាំទ្រកាន់ឆ្នាំនឹងចាប់ផ្តើមប្រែប្រួល ទោះបីជាស្ថិតនៅក្នុងបរិបទបែបណាក៏ដោយ។ គ្រួសារមួយដែលជួបការលំបាក និងរងភាពអយុត្តិធម៌ក្នុងសង្គម ការគិតចេញពីផ្នត់គំនិតដើមនឹងកើតមានឡើង ដើម្បីឲ្យមានការផ្លាស់ប្តូរ៕

បណ្ឌិត សុខ ទូច៖ គណបក្សណា ក៏មានអ្នកគាំទ្រ ចេញពីបេះដូង