ប្រជាកសិករ​ខេត្តកំពង់ធំ ត្អូញ​រឿង​ដំឡូង​មី​ធ្លាក់​ថ្លៃ

Doliprane TVC

​ប្រជាកសិករ​ដាំដំឡូង​មី​ជាច្រើន​គ្រួសារ​នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្ត កំពង់ធំ សុទ្ធតែ​បាន​ត្អូញត្អែរថា ដល់​រដូវ​ប្រមូល​ផលដំណាំ​ដំឡូង​មី គឺ​តម្លៃ​ដំឡូង​មី​មានការ​ស្រុតចុះ​ជា​រៀងរាល់ឆ្នាំ ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​ខ្សត់ខ្សោយ​ខ្លះ​ខាតបង់ និង ខ្លះទៀត បានត្រឹមតែ​រួចខ្លួន ។ចំណែក​ប្រជាកសិករ​ដែលមាន​ជីវភាព​ធូរធារ គេ​ស្តុក​ទុក​រង់ចាំ​ផុត​រដូវ​ប្រមូល​ផល​ទើប​គេ​ចាប់ផ្ដើម​លក់ ព្រោះ​តម្លៃ​ដំឡូង​មី ឡើងថ្លៃ​នាពេលនោះ ។​

ប្រជាកសិករ​ខេត្តកំពង់ធំ ត្អូញ​រឿង​ដំឡូង​មី​ធ្លាក់​ថ្លៃ

​លោក ស៊ា​ង វុទ្ធី អាយុ ៣៩ ឆ្នាំ ជា​កសិករ​ម្នាក់​ក្នុងចំណោម​កសិករ​ទាំង​នោះ បាន​ឲ្យ​ដឹងថា តម្លៃ​ដំឡូង​មី ឆ្នាំ ២០១៦ នេះ រឹតតែ​ចុះថ្លៃ​ជាង​ឆ្នាំ ២០១៥ ។ ឆ្នាំមុន នៅពេល​ប្រមូល​ផល ដំឡូង​មី​ក្រៀម ១ គីឡូក្រាម មានតម្លៃ​ពី ៥៥០ រៀល​ទៅ ៦៣០​រៀល ។​ ​ចំណែក​ឆ្នាំនេះ ដំឡូង​មី ១ គីឡូក្រាម មានតម្លៃ​ពី ៤២០ ទៅ ៤៩០​រៀល ។ នៅពេល​ប្រមូល​ផល តម្លៃ​ធ្លាក់ចុះ​នេះ កសិករ​ដែលមាន​ជីវភាព​ធូរធារ គេ​មិន​លក់​ទេ គឺ​គេ​ស្តុក​ទុក រង់ចាំ​ផុត​ការប្រមូល​ផល ទើប​គេ​លក់ ព្រោះ​តម្លៃ​ដំឡូង​មី​ឡើងថ្លៃ​នាពេលនោះ ប៉ុន្តែ​អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ ត្រូវតែ​បង្ខំចិត្ត​លក់ ព្រោះ​គ្មាន​ប្រាក់​ឲ្យ​កម្មករ និង បង់​ធនាគារ​នោះទេ ព្រោះ​ប្រាក់​កាក់ ដែល​យកមក​ធ្វើ​ចម្ការ​នេះ​សុទ្ធតែជា​ប្រាក់កម្ចី​ពី​ធនាគារ ។​

ប្រជាកសិករ​ខេត្តកំពង់ធំ ត្អូញ​រឿង​ដំឡូង​មី​ធ្លាក់​ថ្លៃ

​លោក ថា​ន់ ផាន់​ណា អាយុ ៤៥ ឆ្នាំ ជា​ឈ្មួញ​ប្រមូល​ទិញ​ផល​ដំឡូង​មី បាន​ប្រាប់​អ្នកសារព័ត៌មាន​រប​ស់​យើង​ថា មិនមែន​គាត់​ទិញ​ទម្លាក់​ថ្លៃ នៅពេល​ប្រមូល​ផល​ដំឡូង​មីនោះ​ទេ គឺ​តម្លៃ​ទីផ្សារ ជាពិសេស​នៅ​ប្រទេស​ថៃ ឬ​ប្រទេស​វៀតណាម គេ​ទម្លាក់​តម្លៃ​តែម្ដង ។ ឆ្នាំនេះ ដូចជា​មិន​សង្ឃឹមថា​បាន​ឡើងថ្លៃ​ទៀត​ទេ ព្រោះ​រហូតមកដល់​ថ្ងៃនេះ គឺ​ផល​ដំឡូង​មី នៅ​ពេញ​ឃ្លាំង​ធំៗ​នៅឡើយ ប្រមាណ​ជាង ១០ ឃ្លាំង ឯណោះ​ដោយ​គិតតែ​នៅក្នុង​ឃុំ​មាន​រិ​ទ្ធ នេះ​ប៉ុណ្ណោះ ។ ក្រៅពី​ដំណាំ​ដំឡូង​មី​ឬ​ស្វាយចន្ទី នោះ ដូចជា​គ្មាន​ដំណាំ​អ្វីដែល​គាត់​មានលទ្ធភាព​ដាំ​នោះទេ គឺ​ដោយសារ​ទុន​របស់​ពួកគាត់​មានការ​ខ្វះខាត​។​

ប្រជាកសិករ​ខេត្តកំពង់ធំ ត្អូញ​រឿង​ដំឡូង​មី​ធ្លាក់​ថ្លៃ

​ជាមួយគ្នានេះ ប្រជាកសិករ​នៅ​ទីនោះ សុំ​ឲ្យ​រាជរដ្ឋាភិបាល​មេត្តាជួយ​រក​ទីផ្សារ​សម្រាប់​កសិផល​ក្នុងស្រុក​ឲ្យ​មានតម្លៃ​សមរម្យ​ផង ដើម្បី​ជួយ​ជីវភាព​ប្រជាកសិករ និង​លើកស្ទួយ​វិស័យ​កសិកម្ម ហើយ​កន្លងមក ក៍​ដូច​បច្ចុប្បន្ន ផលដំណាំ​ក្នុងស្រុក​នៅពេលដែល​ធ្វើបាន​ច្រើន និង ពេល​ប្រមូល​ផល គឺ​គេ​ទម្លាក់​តម្លៃ ។​ ​លោក អ៊ុន បុត្ត អភិបាលស្រុក​សណ្ដាន់ ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា​នៅ​ស្រុក​សណ្ដាន់​គឺមាន​ផ្ទៃដី​ប្រកប​របរ​កសិកម្ម​ច្រើន ហើយ​លោក ក៏ដូចជា​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម បាន​យកចិត្តទុកដាក់ និង ចុះជួយ​បង្រៀន​បន្ថែម​នូវ​ការយល់ដឹង​ពី​ការដាំ​ដំណាំ​របស់គាត់ ដោយមាន​ធាតុ​ផ្សំ​ក្នុង​ការប្រើ​ជី​ដើម្បី​កែប្រែ​ជីវជាតិ​ដី​ជាដើម ប៉ុន្តែ​ផលវិបាក គឺ ជំរុញ​ឲ្យ​ពួកគាត់​មាន​ដំណាំ​ដាំ​ដុះ និង ទទួលបាន​ផល ប៉ុន្តែ​ខ្វះ​ទីផ្សារ​នេះ ពោលគឺ​មិនមាន​តម្លៃ​សមរម្យ ដោយ​ពាក់ព័ន្ធ​នឹង​តម្លៃ​ទីផ្សារ​ប្រទេសជិតខាង ៕ សុថា​ត់​