អ្នកវិភាគសង្គម ខ្វែងគំនិត ក្រោយពីបក្សប្រឆាំងថា អ្នកគាំទ្រខ្លួន គឺចេញពីបេះដូងពិត

ភ្នំពេញៈ លោកបណ្ឌិត សុខ ទូច លើកឡើងថា គណបក្សណាក៏មានអ្នកគាំទ្រចេញពីបេះដូង។ ប៉ុន្តែសំរាប់អ្នកវិភាគសង្គមម្នាក់ទៀត លោកបណ្ឌិតមាស នី គាំទ្រចំពោះការលើកឡើងរបស់បក្សប្រឆាំង ដែលថា អ្នកគាំទ្របក្សសង្គ្រោះជាតិ គឺចេញពីបេះដូងពិត។

លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា “ជាការពិតអ្នកនយោបាយលោកចេះតែលើកឡើង អំពីគណបក្សខ្លួន! គណបក្សណាក៏ដោយសុទ្ឋសឹង តែមានអ្នកគាំទ្រចេញពីបេះដូងដូចតែគ្នានឹង មានអ្នកគាំទ្រគណបក្សខ្លះ រហូតដល់ងប់ងល់ទៀត ប៉ុន្តែកាលណាយើងជឿជាក់ ទៅលើបក្ស ខ្លាំងពេកធ្វើឲ្យបក្សនោះ នឹងបាត់បង់ការ រៀបចំខ្លួន ទៅថ្ងៃអនាគតដើម្បីការងារសង្គម រហូតដល់ជេរគេជេរឯងនេះជាការងប់ងល់។ ករណីចេញពីបេះដូង វិញសួរថា តើគាំទ្រលើបុគ្គល ឬគាំទ្រលើគោលនយោបាយ? បើគោលនយោបាយបក្សមួយៗ មានគោល  នយោបាយដូចៗគ្នា។ សព្វថ្ងៃនេះ យើងបែងចែងអត់ទាន់ដាច់ទេ តើគាំទ្រលើអ្វីអោយច្បាស់ បើប្រទេសគេជឿនលឿនគេ គាំទ្រគោលនយោបាយបក្ស ដូចនៅអាមេរិកអីចឹង តែខ្ញុំសូមអោយអ្នកគាំទ្រនៅកម្ពុជាញែកទាំងពីរនេះ ឲ្យដាច់ពីគ្នា តើគាំទ្របក្ស ឬគោលនយោបាយបក្ស។

លោកបណ្ឌិត មាស នី អ្នកវិភាគសង្គមឯករាជ្យ បញ្ចេញទស្សនៈថា តាមពិតបើសង្កេតមើលពីការប្រជុំ របស់គណបក្សសង្គ្រោះជាតិកន្លងមក ឃើញថា មនុស្សដែលមកចូលរួម គឺមិនមានការចេញលុយចេញកាក់ ឲ្យអ្នកគាំទ្រទេ។ ចំណុចនេះហើយ បានជាបក្សប្រឆាំងអះអាងថា អ្នកគាំទ្រចេញពីបេះដូង។

លោកបណ្ឌិត មាស នី “ គឺថាគេមកដោយខ្លួនគេ នៅពេលមានកិច្ចប្រជុំធំៗ ហើយការចែកអំណោយ ពីគណបក្សសង្គ្រោះជាតិក៏អត់ទាន់ ឃើញមានដែរ ត្រង់នឹងមួយគឺថា អ្នកមកនឹងមកគាំត្រចេញពីបេះដូង នេះជារឿងមួយដែលយើងតែងសង្កេតឃើញ ហើយសង្គ្រោះជាតិ ក៏មិនសូវចំណាយលុយច្រើនទៅ លើអ្នកគាំទ្រ”។

នៅព្រឹកថ្ងៃទី២០កុម្ភៈនេះ ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចូលរួមជាមួយថ្នាក់ ដឹកនាំមូលដ្ឋាន ក្នុងវេទិកាសកម្មជនមូលដ្ឋានស្ថិតក្នុងវត្តចំបក់ ភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ ឯកឧត្តម កឹម សុខា បដិសេធចំពោះការចោទថា បក្សប្រឆាំងទន់ជ្រាយ។ តែដោយសារកម្លាំងសង្គ្រោះជាតិរឹងមាំ ទើបមានមកដល់ថ្ងៃនេះ។ ឯកឧត្តមថ្លែងថា ប្រាក់ខែមន្រ្តីរាជការ កម្មករ និងបញ្ហាមួយចំនួន គេកំពុងដោះស្រាយបណ្តើរៗនេះ ក៏ដោយសារតែឥទ្ឋិពលរបស់គណបក្សសង្គ្រោះជាតិ។ ឯកឧត្តមកឹម សុខា មិនបាននិយាយចំឈ្មោះសំដៅទៅលើភាគីណាទេ តែគេដឹងថា ចង់ដំណឹងទៅលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

កម្លាំងសាមគ្គីរឹងមាំរបស់សង្គ្រោះជាតិ ចេញពីបេះដូងពិត ទើបមានការវិវត្តន៍ជាវិជ្ជមាន។ ម្យ៉ាងទៀតដោយសារ ខ្មែរទាំងអស់គ្នា ទើបមានការផ្លាស់ប្តូរខ្លះ តែរដ្ឋាភិបាលសង្គ្រោះជាតិ នឹងធ្វើការផ្លាស់ប្តូរជាប្រព័ន្ឋ ដើម្បីឲ្យការ ដឹកនាំប្រកបដោយស្ថិរភាពយូរអង្វែង និងប្រជាធិបតេយ្យ។

ឯកឧត្តម កឹម សុខា បន្ថែមថា “ ប្រតិភូអន្តរជាតិមិនដែលរំលងជាមួយបក្សប្រឆាំងឡើយ ដោយសារឥទ្ឋិពល របស់គណបក្សនេះ អាចឈានទៅរកការដឹកនាំប្រទេសទៅពេលអនាគត ហើយម្យ៉ាងទៀតអ្វីដែលគេឃើញ គឺឃើញកម្លាំងខ្មែរក្នុង និងក្រៅ គាំទ្របក្សប្រឆាំងចេញពីបេះដូង នេះហើយជាក្តីសង្ឃឹម ការតស៊ូរបស់យើង មិនអត់ប្រយោជន៍ទេ” ។

ទោះបីជាមានការលើកឡើង ពីប្រធានស្តីពីគណបក្សប្រឆាំង និងលោកបណ្ឌិតមាស នីបែបនេះក៏ដោយ តែអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ប្រតិកម្មតបថា អ្នកគាំទ្របក្សប្រឆាំងដូចប៉ែងប៉ោងសប់ខ្យល់។  

លោកឈាង វុន បញ្ជាក់ប្រាប់ដើមអម្ពិលថា អ្នកគាំទ្រគណបក្សប្រឆាំង គឺដូចប៉េងប៉ោងគេសប់ខ្យល់ចូល ទៅក្នុងនឹង។ ក៏ប៉ុន្តែដោយឡែក គណបក្សប្រជាជនកម្ពុជា បើមើលទៅលើសន្លឹកឆ្នោតតាំងពី១៩៩៣ មកដល់ពេលនេះអត់មានចុះទេ មានតែឡើង។ ចំពោះអ្នកគាំទ្រក៏មាន ចំនួនកើនឡើង។ លោក ឈាង វុន បន្ថែមថា” មិនដឹងថាខាងណាចេញពីបេះដូងទេ តើបក្សប្រជាជន ឬបក្សសង្គ្រោះជាតិចេញពីបេះដូង ព្រោះការគាំទ្រគណបក្សសង្គ្រោះជាតិនឹង គឺផ្អើលទៅតាមការញុះញង់កន្លងមកនៅពេលបោះឆ្នោត អាចឹងហើយខ្យល់ប៉េងប៉ោងនឹង វាមិនអាចនៅស្ថិតស្ថេរកើតទេ អាចឹងកុំថាចេញពីបេះដូង វាអត់ចេញពីបេះដូងទេ គឺចេញពីការជ្រួលជ្រើមបន្តគ្នា”៕

អ្នកវិភាគសង្គម ខ្វែងគំនិត ក្រោយពីបក្សប្រឆាំងថា អ្នកគាំទ្រខ្លួន គឺចេញពីបេះដូងពិត