ពលរដ្ឋ​៧០​គ្រួសារ​នៅ​ស្រុក​កែវសីមា​បារម្ភ​ខ្លាច​អាជ្ញាធរ​ដុត​ផ្ទះ​អ្នក​ភូមិ

អាជ្ញាធរ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី កំណត់​ពេល​ឲ្យ​អ្នក​ភូមិ​ប្រមាណ ៧០​គ្រួសារ រុះរើ​ផ្ទះ​ចេញ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវសីមា ត្រឹម​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ ប្រសិនបើ​អ្នក​ភូមិ​មិន​​រុះរើ​ដោយ​ខ្លួន​ឯង​ទេ អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ច្បាប់​ជា​ថ្មី​ទៀត។ ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ដំណោះស្រាយ​សន្តិវិធី​កុំ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​អនុវត្ត​ច្បាប់។

៣០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ជាង ៧០​គ្រួសារ ដែល​បាន​មក​តាំង​ទៅ​លំនៅ​ចំណុច​អូររយ៉ង់ និង​អូរគគីរ ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បាន​ចាក​ចេញ​ពី​លំនៅឋាន​ជា​បណ្ដោះ​​អាសន្ន​ទៅ​រស់​នៅ​កន្លែង​មាន​សុវត្ថិភាព​ដោយ​ភ័យ​ខ្លាច​អាជ្ញាធរ​មក​រុះរើ​ដុត​បំផ្លាញ​ផ្ទះ​ពួកគាត់​កំពុង​រស់​នៅ និង​ចាប់​ខ្លួន​ពួកគាត់។

​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវសីមា បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​តាំង​ទីលំនៅ​លើ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ ហើយ​កាប់​ឆ្ការព្រៃ​យក​ដី​តាំង​លំនៅឋាន​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ លិខិត​ជូន​ដំណឹង​នេះ​មាន​ចុះ​ហត្ថលេខា ​និង​បោះត្រា​ដោយ​អភិបាលស្រុក និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ ឯកភាព​ឲ្យ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​នេះ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចក់ចារ មួយ​រូប គឺ​លោក វ៉ា ថន ថ្លែង​បញ្ជាក់​ថា អ្នក​ភូមិ​គ្មាន​ជម្រើស​រុះរើ​លំនៅឋាន​ទៅ​កន្លែង​ណា​ទៀត​ឡើយ ពីព្រោះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​បាន​មក​តាំង​ទី​លំនៅ​នៅ​តំបន់​នោះ​៤ ទៅ ៥​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​គ្មាន​ដី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ស្រុក​កំណើត។ លោក​បន្ត​ថា ពួកគាត់​កំពុង​រស់​នៅ​ដោយ​ភ័យខ្លាច​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​ផ្ទះ​ជា​ថ្មី​ដើម្បី​បង្ខំ​ឲ្យ​អ្នក​ភូមិ​ចាកចេញ៖ «គ្រាន់​តែ​ឮ​ថា​មាន​សេចក្ដី​ជូន​ដំណឹង​ថា​រុះរើ​ផ្ទះ​ចេញ គាត់​នាំ​គ្នា​គេចវេះ​ខ្លាច​គេ​ចាប់​ចង​ដោយសារ​ភ័យ​ខ្លាច គេ​ធ្វើ​បាប​គាត់​គេច​នៅ​ជិតៗ​ហ្នឹង​មួយ​រយៈ»

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ កងកម្លាំង​ចម្រុះ​ស្រុក​កែវសីមា បាន​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ទាំង​ពីរ​អស់​ជាង ១០​ខ្នង បន្ទាប់ពី​កំណត់​វេលា​ឲ្យ​អ្នក​ភូមិ​រុះរើ​ផ្ទះ​ដូច​គ្នា​នេះ ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​ព្រម​ចាកចេញ ហើយ​បន្ត​សង់​លំនៅឋាន​ស្នាក់​នៅ​ឡើង​វិញ។

អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បាន​ឆ្លើយ​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ​ថា ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​រុះរើ​លំនៅឋាន​នេះ គឺ​ជា​ក្រុម​អនាធិបតេយ្យ តាម​រយៈ​មេខ្យល់​ដែល​ជំរុញ​ឲ្យ​ពួកគេ​មក​កាប់​រាន​ព្រៃ​រដ្ឋ​យក​ដី​ ហើយ​លក់​ដូរ​ពី​ម្នាក់​ទៅ​ម្នាក់ ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។ លោក​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​មន្ត្រី​មូលដ្ឋាន​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ឲ្យ​ជួយ​ចាត់​វិធានការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​មក​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​នោះ ហេតុ​នេះ​លោក​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ជាក់ស្ដែង តើ​ការ​បំផ្លាញ​ព្រៃ​ការពារ​នៅ​តំបន់​នោះ​មាន​ទំហំ​ប៉ុណ្ណា?

​ចំណែក​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ថា នេះ​ជា​វិធានការ​ច្បាប់ ពីព្រោះ​អ្នក​ភូមិ​បាន​ចូល​មក​កាប់​រាន​តំបន់​ព្រៃ​អភិរក្ស ហើយ​ចាប់​យក​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​បំពាន​ច្បាប់។ លោក​ថា នឹង​ពិនិត្យ​មើល​លក្ខខណ្ឌ​នៃ​ការ​ស្នើ​សុំ​ដី​សម្បទាន​របស់​ប្រជាពលរដ្ឋ ដើម្បី​កំណត់​ថា តើ​ប្រជាពលរដ្ឋ​ទាំង​នោះ​ពិត​ជា​គ្មាន​ដី​រស់​នៅ ឬ​យ៉ាង​ណា៖ «បើ​យើង​មិន​ចាត់​វិធានការ​ទេ​អា​ហ្នឹង​វា​កាន់​តែ​អនាធិបតេយ្យ​ត​ទៅ​ទៀត។ យើង​ចង់​ថា ការពារ​ដី​ព្រៃ​បើ​រំលោភ​ទៅ​លើ​គោលការណ៍​ច្បាប់​វា​ត្រូវ​អនុវត្ត​វិធានការ​ ច្បាប់»

ទាក់ទិន​ករណី​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ពោល​គឺ​បញ្ចប់​ការ​ប្រើ​អំពើ​ហិង្សា​​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​បង្ខំ​ឲ្យ​ចាក​ចេញ។ លោក​ថា ការ​ផ្ដល់​ដី​សម្បទាន គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ៖ «សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​មាន​លំនៅឋាន​សមរម្យ មាន​ដី​បង្កបង្កើន​ផល​ចិញ្ចឹម​ក្រុម​គ្រួសារ បើទោះបី​ពួកគាត់​មក​ពី​តំបន់​ណា ខេត្ត​ណា​ក៏ដោយ សំខាន់​ពួកគាត់​ជា​ពលរដ្ឋ​ខ្មែរ​ជា​មុខ​សញ្ញា​ប្រជាពលរដ្ឋ​ក្រីក្រ»

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ចក់ចារ ៨​គ្រួសារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ បាន​នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ការពារ​សិទ្ធិ និង​បាន​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អភិបាល​ខេត្ត​មណ្ឌលគិរី ដែល​ទើប​ឡើង​កាន់​
​តំណែង​ឲ្យ​ជួយ​ទប់ស្កាត់​ការ​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន និង​ទប់ស្កាត់​ការ​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ជា​ថ្មី​ទៀត។ អ្នក​ភូមិ​អះអាង​ថា បាន​ធ្វើ​លិខិត​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​ភូមិ​ឃុំ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ដំណោះស្រាយ​បែប​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បាន​ឆ្លើយ​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ​ថា ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​រុះរើ​លំនៅឋាន​នេះ គឺ​ជា​ក្រុម​អនាធិបតេយ្យ តាម​រយៈ​មេខ្យល់​ដែល​ជំរុញ​ឲ្យ​ពួកគេ​មក​កាប់​រាន​ព្រៃ​រដ្ឋ​យក​ដី​ ហើយ​លក់​ដូរ​ពី​ម្នាក់​ទៅ​ម្នាក់ ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។ លោក​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​មន្ត្រី​មូលដ្ឋាន​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ឲ្យ​ជួយ​ចាត់​វិធានការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​មក​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​នោះ ហេតុ​នេះ​លោក​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ជាក់ស្ដែង តើ​ការ​បំផ្លាញ​ព្រៃ​ការពារ​នៅ​តំបន់​នោះ​មាន​ទំហំ​ប៉ុណ្ណា?