ក្លឹប​យុវជន​រួបរួម​នៃ​យុវជន​កម្ពុជា​ផ្សព្វផ្សាយ​ឲ្យ​យុវជន​លើក​កម្ពស់​ស្ត្រី​ក្លាយ​ជា​អ្នក​ដឹកនាំ

យុវជន​ប្រមាណ ១០០​នាក់ ជួប​ប្រជុំ​គ្នា​ស្វែង​យល់​អំពី​បញ្ហា​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ។

អ្នក​សម្របសម្រួល​ក្លឹប​រួបរួម​នៃ​យុវជន​កម្ពុជា លោក ព្រីង ឃុន ថ្លែង​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ថា យុវជន​មក​ពី​សាកលវិទ្យាល័យ​ចំនួន​៥ បាន​ជួបជុំ​គ្នា​នៅ​ក្នុង​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​ប្រធានបទ ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ។ យុវជន​ដដែល​បន្ត​ថា វេទិកា​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​យុវជន​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ខ្លួន និង​សង្គម​ឲ្យ​ងាក​មក​គិត​ថា ស្ត្រី​មាន​សមត្ថភាព​ពេញលេញ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ៖ «ទាក់ទង​នឹង​ទឹក​ចិត្ត​របស់​យើង​ផ្ទាល់ គឺ​ឃើញ​ថា គម្លាត​ក៏​ដូច​ជា ការ​ចាត់​ទុក​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត។ មាន​ន័យ​ថា សង្គម​នៅ​តែ​គិត​ថា ពួកគាត់​មិន​អាច​ធ្វើ​អ្វី​បាន​ដូច​បុរស​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​សង្គម​របស់​យើង​មិន​អាច​វិវឌ្ឍ​ទៅ​មុខ​បាន​ជឿនលឿន​ដូច​គេ​កើត»

ក្រៅ​អំពី​ការ​រៀបចំ​វេទិកា​យុវជន​ជជែក​ពិភាក្សា​នេះ ក្លឹប​រួបរួម​នៃ​យុវជន​កម្ពុជា នឹង​រៀបចំ​កម្មវិធី​២ ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ការ​លើក​កម្ពស់​ស្ត្រី។ គេ​គ្រោង​រៀបចំ​កម្មវិធី​ប្រកួត​រូបថត​ស្ត្រី ក្រោម​ប្រធានបទ​ចលនា​របស់​ស្ត្រី​កម្ពុជា ក្នុង​សតវត្ស​ទី​២១ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ដោយ​ភ្ជាប់​ទៅ​នឹង​ទិវា​នារី​អន្តរជាតិ​៨ មីនា តែម្ដង។ ចំណែក​កម្មវិធី​មួយ​ទៀត​ដែល​គ្រោង​ធ្វើ​ដែរ​នោះ គឺ​ជ្រុង​មួយ​នៃ​ស្ត្រី​ដែល​ស្ត្រី​នឹង​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួន​ទៅ​យុវជន អំពី​បញ្ហា​សិទ្ធិ​មនុស្ស ការ​អប់រំ ស្ត្រី​និង​បច្ចេកវិទ្យា និង​ស្ត្រី​ជា​អ្នក​ដឹកនាំ​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។