គណបក្ស​ជាប់​ឆ្នោត​ទាំង​២​រង​ការ​រិះគន់​រឿង​ចែក​លុយ​ចែក​ឡាន

សង្គម​ស៊ីវិល និង​អ្នក​វិភាគ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ​​ថា គិត​តែ​ប្រយោជន៍​ផ្ទាល់​​ខ្លួន ដោយ​​មិន​​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ។ ការ​រិះគន់​នេះ បន្ទាប់​ពី​គណបក្ស​ទាំង​២ ជួប​​ប្រជុំ​គ្នា​ដោយ​ឯកភាព​ផ្ដល់​មធ្យោបាយ​ដល់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច ភាគ​ច្រើន​នៅ​ក្នុង​សភា​នូវ​​ឡាន ជំនួយការ ឬ​ទីប្រឹក្សា និង​ថវិកា​មួយ​ចំនួន​ធំ។

ការ​រិះគន់​របស់​សង្គម​ស៊ីវិល និង​អ្នក​វិភាគ ខណៈ​ដែល​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច ភាគ​ច្រើន​នៅ​ក្នុង​សភា ត្រូវ​គណបក្ស​ទាំង​បង្កើត​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ បែរ​ជា​ទើប​នាំ​គ្នា​គិតគូរ​ផ្ដល់​មធ្យោបាយ។ សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នៅ​តែ​យល់​ថា ការ​ផ្ដល់​មធ្យោបាយ​ដល់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច ភាគ​ច្រើន​នៅ​ក្នុង​សភា គឺ​គណបក្ស​ទាំង​ពីរ​កំពុង​តែ​ចែក​ប្រយោជន៍ ហើយ​នាំ​គ្នា​មើល​រំលង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ការ​ចែក​លុយ ឡាន និង​តួនាទី​ការងារ​នៅ​ពេល​នេះ ជា​សញ្ញា​បង្ហាញ​ថា បក្ស​ទាំង​ពីរ​ផ្សះផ្សា​គ្នា​ឡើង​វិញ​តាម​រយៈ​វប្បធម៌​សន្ទនា។ ប៉ុន្តែ​លោក​ថា បក្ស​ទាំង​ពីរ​មិន​គួរ​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ លោក​បណ្ឌិត មាស នី ថា គណបក្ស​ទាំង​ពីរ​គួរ​បង្ហាញ​គោលនយោបាយ ឬ​ដំណោះស្រាយ​នយោបាយ​ល្អ​​ជាង ព្រោះ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយ​ចិត្ត​ជាង៖ «»។

​គណបក្ស​២​ទាំង​ព្រមព្រៀង​ផ្ដល់​មធ្យោបាយ​ដល់​ប្រធាន​តំណាងរាស្ត្រ​ភាគ​តិច ភាគ​ច្រើន គឺ​ឡាន​មួយ​គ្រឿង ទីប្រឹក្សា ឬ​ជំនួយការ ចំនួន ៩​នាក់ មាន​តួនាទី​ខ្ពស់​បំផុត​ស្មើ​រដ្ឋលេខាធិការ និង​ផ្ដល់​កញ្ចប់​ថវិកា ពោល​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លុយ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​មាន​តំណាងរាស្ត្រ​ច្រើន​ជាង។

​ក្រោយ​ជំនួប​រវាង​លោក ស ខេង និង​លោក កឹម សុខា នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា ការ​ផ្ដល់​មធ្យោបាយ​នេះ ដើម្បី​ប្រធាន​ក្រុម​តំណាងរាស្ត្រ​មាន​លទ្ធភាព​គ្រប់គ្រាន់​បំពេញ​ការងារ​របស់​ខ្លួន និង​ស្រប​ទៅ​តាម​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន។ លោក​ថា ប្រសិនបើ​ដំណើរ​ការ​ល្អ សំណើ​នេះ​នឹង​ស្នើ​ទៅ​រដ្ឋសភា​ក្នុង​ពេល​ខាង​មុខ​យ៉ាង​ខ្លី៖ «»។

​ជា​ការ​កត់សម្គាល់​គណបក្ស​ទាំង​ពីរ​នៅ​ពេល​មាន​ជម្លោះ ហើយ​បែរ​មក​ផ្សះផ្សា​គ្នា​ឡើង​វិញ គេ​តែង​ចែក​អំណាច ឬ​តួនាទី​នៅ​ក្នុង​សភា។

​ជាក់ស្ដែង កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ យល់​ព្រម​ចូល​អង្គុយ​ធ្វើ​ការ​នៅ​សភា មាន​ការ​ផ្ដល់​តួនាទី​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ផ្ដល់​តួនាទី ប្រធាន​គណៈកម្មាធិការ​ចំនួន ៥ ក្នុង​ចំណោម ១០ នៅ​រដ្ឋសភា​បក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១៥ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច បាន​បោះឆ្នោត​ដក​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ពី​លោក កឹម សុខា មក​វិញ នៅ​ពេល​នេះ ប្រមុខ​គណបក្ស​ទាំង​ពីរ​មើល​មុខ​គ្នា​លែង​ចំ។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត និយាយ​ថា លទ្ធផល​ដែល​គណបក្ស​ទាំង​២ ដោះស្រាយ​មិនមែន​ជា​អ្វី​ដែល​ពលរដ្ឋ​ចង់​ឃើញ​ទេ។ លោក​ថា រឿង​នេះ ត្រូវ​ចំណាយ​ថវិកា​រដ្ឋ​ច្រើន ហើយ​ផ្ទុយ​ទៅ​វិញ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ទេ៖ «»។

​កាល​ពី​ឆ្នាំ​២០១៤ ក្រុម​ភាគតិច ភាគ​ច្រើន​នៅ​ក្នុង​សភា ត្រូវ​បាន​បង្កើត​ដោយ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បន្ទាប់​ពី​ប្រមុខ​គណបក្ស​ទាំង​ពីរ​បង្កើត​វប្បធម៌​សន្ទនា ដើម្បី​ជជែក​នៅ​រដ្ឋសភា។

​ការ​ផ្ដល់​មធ្យោបាយ​ដល់​ក្រុម​ភាគ​តិច​ភាគ​ច្រើន​នៅ​ពេល​នេះ បន្ទាប់​ពី​មាន​បែក​ធ្លាយ​ព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខភាព​លោក ប៉ុល ហំម ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជំនួស​លោក កឹម សុខា ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។