មន្ត្រីក្រសួង សុខាភិបាល៖ ជំងឺផ្តាសាយជ្រូក មានសភាព ដូចជំងឺផ្តាសាយធម្មតា

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានអះអាងថា ជំងឺផ្តាសាយជ្រូកមានសភាពដូចជំងឺ ផ្តាសាយធម្មតា គ្មានអ្វីព្រួយបារម្ភ ដូចកាលផុសឡើងក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ២០០៩នោះទេ។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានមានប្រសាសន៍ថា ជំងឺផ្តាសាយជ្រូកនេះ មន្ទីរពេទ្យកម្ពុជាបានរកឃើញជារៀងរាល់ថ្ងៃ ហើយវាជាជំងឺមួយធម្មតា និងឆ្លងធម្មតា វាមិនមែនជាជំងឺផ្តាសាយ ប្រភេទថ្មីអីទៀតនោះទេ គឺកើតឡើងជា ច្រើនឆ្នាំមកហើយ។

លោកវេជ្ជបណ្ឌិត បានបន្តថា “នៅពេលកើតជំងឺនេះ ត្រូវញុំាទឹកឲ្យបានច្រើន ញុំាឱសថឲ្យបានច្រើន គេងឲ្យបានច្រើន ញុំាអាហារដែលមានជីវជាតិបំប៉នទៅ។ យើងមានជំងឺនេះតាំងពីឆ្នាំ២០០៩ ប៉ុន្តែយើងមិន ទាន់មានទិន្នន័យចំនួនមនុស្សសរុប កើតចំនួនប៉ុន្មាននោះទេ រហូតមកដល់ពេលនេះ ព្រោះយើងអត់មាន ធ្វើមន្ទីរពិសោធន៍”។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា កាលជំងឺផ្តាសាយនេះ កើតឡើងក្នុងអំឡុងឆ្នាំ២០០៩ មានមនុស្សស្លាប់ ព្រោះវាជា ជំងឺប្រភេទថ្មី គឺភាគច្រើនមនុស្សអត់ទាន់មានភាពស៊ាំនឹងជំងឺ ដូច្នេះពេលឆ្លង ទៅអាចគ្រោះថ្នាក់ ពិសេសមនុស្សក្នុងវ័យជំទង់ ប៉ុន្តែឥឡូវ វាទៅជាផ្តាសាយធម្មតាហើយ។ ចំពោះអ្នកដែល វិវឌ្ឍន៍ទៅកាន់សភាពធ្ងន់ធ្ងរ គឺមនុស្សក្រោមអាយុ ៥ឆ្នាំ ហើយអាចវិវឌ្ឍន៍ទៅជា រលាកសួតទៀត។

សូមបញ្ជាក់ថា ជំងឺផ្តាសាយជ្រូកនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងវិញ នៅពេលដែលមានបុរសម្នាក់ បានឆ្លងជំងឺនេះ ហើយបច្ចុប្បន្នគាត់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ៕

មន្ត្រីក្រសួង សុខាភិបាល៖ ជំងឺផ្តាសាយជ្រូក មានសភាព ដូចជំងឺផ្តាសាយធម្មតា