លោក ញឹក ប៊ុន ឆៃ៖ បើ ហ្វ៊ុនស៊ិនប៉ិច ចង់បានទីស្នាក់ការបក្ស ឬ ស្លាកសញ្ញាបក្ស ត្រូវដោះស្រាយគ្នាតាមផ្លូវច្បាប់

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ដែលទើបតែបែកខ្លួនចេញពី គណបក្សហ៊្វុនស៊ិនប៉ិច ហើយបាននាំគ្នាមកបង្កើតបក្សថ្មីមួយឈ្មោះ «គណបក្សខ្មែររួមរួមជាតិ » ហើយទំនងជា បេក្ខភាពប្រធានបក្សថ្មីនេះផងនោះ បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍ ទី២០ ខែតុលានេះថា បើសិនជាគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ដែលដឹកនាំដោយ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ចង់បានទីស្នាក់ការបក្ស នៅតាមបណ្តាររាជធានីខេត្តនោះ គឺត្រូវដោះស្រាយគ្នាតាមផ្លូវច្បាប់ មិនអាចមករំលោភ យកបាននោះទេ ព្រោះថាទីស្នាក់ការទាំងនោះ ភាគច្រើនបានកើតមុនពេល បង្រួបបង្រួមគ្នា រវាងបក្សសង្គមរាស្រ្ត រាជាធិបតេយ្យ និង ហ្វ៊ុនស៊ិនប៉ិច។

លោក ញឹក ប៊ុន ឆៃ បានបញ្ជាក់ថា ទីស្នាក់ការទាំងអស់មាន ២១ លើ ២៥ រាជធានីខេត្ត អត់មានតែ៤ខេត្តទេគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងប៉ៃលិន ហើយទីស្នាក់ការនោះ ទៀតមាន ៣ប្រភេទ ប្រភេទទី១ ទីស្នាក់ការមាន ៧ខេត្ត ជាឈ្មោះកម្មសិទ្ធិឯកជន ប៉ុន្តែកន្លងមកម្ចាស់កម្មសិទ្ធ នៅគណបក្សនោះគេ បានអនុញ្ញាតិឲ្យលើកស្លាកធ្វើការ ជារៀងរហូតមក ទី២ប្រភេទជា សហកម្មសិទ្ធ មាន៧ខេត្ត មានចំណែកបក្សផង និងកម្មសិទ្ធឯកជនផង មានន័យថា បក្សមានដី ឯកជនចេញលុយសង់អគារ ទីស្នាក់ការ និងមាន ៧ខេត្ត ទៀតមានប័ណ្ណកម្មសិទ្ធ របស់គណបក្ស បើគណបក្ស ហ្វ៊ុនស៊ិនប៉ិច ចង់បានត្រូវដោះស្រាយគ្នា តាមផ្លូវច្បាប់ ហើយឥឡូវម្ចាស់កម្មសិទ្ធិ និងអ្នកកាន់កាប់ទីស្នាក់ការ ទាំងនោះបានមករួមរស់ ជាមួយគណបក្ស ខ្មែររួមរួមជាតិ ដូច្នេះបើចង់បាន ត្រូវតែដោះស្រាយគ្នា ឲ្យបានច្បាស់លាស់។

លោក ញឹក ប៊ុនឆៃ បានរំលឹកថា “ទីស្នាក់ទាំងនោះ ភាគច្រើនបានកើតឡើង នៅក្នុសម័យដឹកនាំ ដោយ លោក កែវ ពុទ្ធរស្មី និងសម្តេច រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ហើយជិតពាក់កណ្តាល គឺបានសង់ជាថ្មីក្នុងពេលនេះ ហើយការសាងសង់ នោះទៀតសោតពាក់ព័ន្ធ និងគណបក្សវាមានតិចតួចណាស់ ព្រោះបុគ្គលជាអ្នកសាងងសង់ មុនពេលបង្រួមបង្រួប បក្សទាំងពីភាគី ខាងគណបក្សសង្គមរាស្រ្ត រាជាធិបតេយ្យ របស់សម្តេចក្រុមព្រះ អត់មានទីស្នាក់ការអ្វីទាំងអស់ ដូច្នេះមិនអាចទាមទារ អ្វីបាន តែឯងនោះទេ ព្រោះពួកយើងខ្ញុំជាអ្នកគ្រប់គ្រង”។  លោកថានៅពេលថ្មីៗនេះ មានខាង ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះបាន ចុះទៅដាក់មនុស្សថ្មី ប្រទាញប្រទុង និងចាក់សោរជាដើម ធ្វើឲ្យប៉ះពាល់សិទ្ធិបុគ្គល ព្រោះទីស្នាក់ការខ្លះជាកម្មសិទ្ធិ របស់បុគ្គលដូចជាផ្ទះ របស់គេជាដើម ដែលផ្ទុយពីច្បាប់ យើងបាន ជូនដំណឹង និងបង្ហាញពីភស្តុតាង ប័ណ្ណកម្មសិទ្ធិទៅ អាជ្ញាធរមូលដ្ឋាន រួចហើយ មិនអាចធ្វើអ្វីបានស្រេចចិត្ត នឹកឃើញនោះទេ ។

ទាក់ទងនឹងការ ដំណើរការរៀបចំ បក្សថ្មីវិញ លោកញឹក ប៊ុនឆៃ បានអះអាងថា ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ បានរៀបចំតាមផ្លូវច្បាប់ បានយ៉ាងល្អ ហើយបានដាក់ពាក្សស្នើសុំ ទៅសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ រួចរាល់ហើយដែរ ដើម្បីរៀបចំធ្វើសមាជបក្សថ្មី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នៅមុខគេហដ្ឋាន របស់លោកផ្ទាល់ ចំពោះសមាជិកវិញភាគច្រើន មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយក៏មានគណបក្សដទៃមួយចំនួនទៀត បានមកទាក់ទងខ្លះៗហើយដែរ តែរង់ចាំធ្វើសមាជហើយសិន។

លោកបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ទី៣ ខែកុម្ភៈនេះ តទៅក្រុមការងាររបស់ លោកនឹងចុះ ទៅរៀបចំលើកស្លាកសញ្ញា បក្ស នៅតាមគោលដៅជាច្រើននៅ ទូទាំងរាជធានីខេត្ត ដើម្បីធ្វើយ៉ាងណា ឲ្យទាន់ នឹងការបោះឆ្នោតក្រុមប្រឹក្សា ដែលនឹងរៀបចំឡើង នៅឆ្នាំ២០១៧ខាងមុខនេះ ។

លោកបន្តថា យើងមានពេលតិចតួចណាស់ ក្នុងការរៀបចំបេក្ខភាព ក្រុមប្រឹក្សាឲ្យបានទាន់ពេលវេលា ជាមួយគ្នា នោះលោកបានប្រកាសដាក់បេក្ខភាព ក្រុមប្រឹក្សាគ្រប់ រាជធានីខេត្ត ទូទាំងប្រទេស ដើម្បីធ្វើការប្រកួតប្រជែង ព្រោះបក្សលោកមានគ្រឹះ រួចជាស្រេច មិនសូវជាមានការពិបាកប៉ុន្មានទេ។

សម្រាប់លក្ខខន្តិកៈ និងគោលនយោបាយ គណបក្ស លោកបានឲ្យដឹងថា មកដល់ពេលនេះ យើងបានរៀបចំ សរសេររួចរាល់ហើយ និងបានបញ្ជូនទៅឲ្យ ខាងសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល គេជួយពិនិត្យ ផ្តល់យោបល់ និងជួយកែលំអរ ហើយយកមកអនុម័តវិញ នៅពេលឆាប់ៗនេះ ដើម្បីធ្វើយ៉ាងណាឲ្យ គោលនយោបាលបក្សថ្មីនេះ កើតឡើងត្រូវតាមអ្វី ដែលអង្គការសង្គមស៊ីវិល ចង់បានផង និងស្របតាម ឆន្ទៈរាស្រ្តចង់បានផងដែរ៕

លោក ញឹក ប៊ុន ឆៃ៖ បើ ហ្វ៊ុនស៊ិនប៉ិច ចង់បានទីស្នាក់ការបក្ស ឬ ស្លាកសញ្ញាបក្ស ត្រូវដោះស្រាយគ្នាតាមផ្លូវច្បាប់