បក្ស​ប្រឆាំង​កៀរគរ​គណបក្ស​បែកបាក់​ឲ្យ​ចូល​រួម​ជាមួយ​បក្ស​របស់​ខ្លួន

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កៀរគរ​ឲ្យ​គណបក្ស​ដែល​បែកបាក់​ចូលរួម​ជីវភាព​បក្ស​របស់​ខ្លួន។ ជាង​នេះ​ទៅ​ទៀត លោក កឹម សុខា ប្រាប់​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​មូលដ្ឋាន​បើក​ផ្លូវ​ទទួល​ស្វាគមន៍​សមាជិក​ដែល​កំពុង​បែកបាក់។

​លោក កឹម សុខា យល់​ថា គណបក្ស​ដែល​បែកបាក់​ទាំង​នោះ នឹង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង ឬ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ស្វាគមន៍​រង់ចាំ​ទទួល​អ្នក​ទាំង​នោះ ដើម្បី​រួមគ្នា​ដណ្ដើម​យក​ជ័យជំនះ​នៅ​ពេល​ខាង​មុខ។

​លោក កឹម សុខា ថ្លែង​បែប​នេះ ក្នុង​ពេល​ចុះ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​បន្ថែម​លើ​ប្រសាសន៍​របស់​លោក កឹម សុខា ថា កន្លង​មក មាន​មន្ត្រី​គណបក្ស​មួយ​ចំនួន​មក​ទាក់ទង​ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ថា គណបក្ស​ណា​ខ្លះ​នៅ​ឡើយ​ទេ៖ «»។

​ការ​លើក​ឡើង​នេះ ខណៈ​នៅ​ក្រសួង​មហាផ្ទៃ មាន​គណបក្ស​ជាង ៦០ ចុះ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​គណបក្ស​មួយ​ចំនួន ក៏​ចាប់​បែកបាក់​ពី​គណបក្ស​មួយ​ទៅ​ជា​គណបក្ស​ពីរ ឬ​មួយ​ទៅ​បី​ក៏​មាន និង​កំពុង​ប្ដឹង​គ្នា​ឡើង​តុលាការ។ ជា​ឧទាហរណ៍ រួមមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ជាដើម។

​ស្រដៀង​នឹង​លោក កឹម សុខា លើក​ឡើង​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន ប្រកាស​ហៅ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ផ្សេង​បែរ​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។