លោក Museveni ទទួល​បាន​សម្លេង​គាំទ្រ​៦២​ភាគរយ​នៅ​ក្នុង​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន

លោក Museveni ទទួល​បាន​សម្លេង​គាំទ្រ​៦២​ភាគរយ​នៅ​ក្នុង​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន

លទ្ធផល​បណ្តោះអាសន្ន​ថ្មី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អ៊ូហ្គង់ដា​ដ៏​មាន​ភាពចម្រូងចម្រាស​បាន​បង្ហាញ​ថា លោក​ប្រធានាធិបតី Yoweri Museveni (កណ្តាល) ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​៣០​ឆ្នាំ​នោះ​បាន​នាំ​មុខ​គេ​ ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ជិត​៦២​ភាគរយ​។

លទ្ធផល​បណ្តោះអាសន្ន​ថ្មី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អ៊ូហ្គង់ដា​ដ៏​មាន​ភាពចម្រូងចម្រាស​បាន​បង្ហាញ​ថា លោក​ប្រធានាធិបតី Yoweri Museveni ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​៣០​ឆ្នាំ​នោះ​បាន​នាំ​មុខ​គេ​ ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ជិត​៦២​ភាគរយ​។ គេ​រំពឹង​ថា លទ្ធផល​ចុងក្រោយ​បង្អស់​នឹង​ចេញ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ ម៉ោង​ក្នុង​ស្រុក។

តួលេខ​នេះ​ត្រូវ​បាន​បង្ហាញ​ប៉ុន្មាន​ម៉ោង​មុន​កាល​កំណត់​នៃ​លទ្ធផល​ចុង​ក្រោយ​បង្អស់ ដោយ​៨៣​ភាគរយ​នៃ​សន្លឹកឆ្នោត​ត្រូវ​បាន​រាប់​រួច​រាល់។ ​

លោកKizza Besigye ដែល​ជា​គូប្រជែង​ដ៏​ធំ​បំផុត​របស់​លោក Museveni ទទួល​បាន​សម្លេង​គាំទ្រ​៣៤​ភាគរយ​ ហើយ​លោក Amama Mbabazi ទទួល​បាន​១,៥​ភាគរយ។

បេសកកម្ម​ឃ្លាំមើល​ការបោះឆ្នោត​របស់​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ប៉ុន្មាន​ម៉ោង​មុន​កាល​កំណត់​នៃ​លទ្ធផលបោះឆ្នោត​ចុង​ក្រោយ​បង្អស់ ដោយ​បញ្ជាក់​ថា គណបក្សចលនា​តស៊ូ​ជាតិ​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ជះឥទ្ធិពល​ទៅ​លើ​ទិដ្ឋភាព​នយោបាយ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​យុត្តិធម៌​នៃ​យុទ្ធនាការ​បោះឆ្នោត ហើយ​ក្រុមមន្រ្តី​រដ្ឋាភិបាល​បាន​បង្កើត​បរិយាកាស​ភ័យខ្លាច​ដល់​ម្ចាស់​ឆ្នោត​និង​បេក្ខជន​ឈរ​ឈ្មោះនៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​និង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក៕