តុលាការ ឃាត់ខ្លួន មហាសេដ្ឋី រុស្ស៊ីម្នាក់ ដោយចោទពីបទ ពាក់ព័ន្ធនឹង ករណីបំផ្ទុះគ្រាប់បែក ស្លាប់មនុស្សអស់ ៣៧នាក់

ម៉ូស្គូ៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ តុលាការរដ្ឋធានីមូស្គូ បានឃាត់ខ្លួនបុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាមហាសេដ្ឋីមួយរូប ដោយចោទប្រកាន់ទៅ លើអំពើពាក់ព័ន្ធនឹង ការបង្កឲ្យមាន ការបំផ្ទុះគ្រាប់បែក ហើយបណ្តាលឲ្យមាន អ្នកស្លាប់អស់ប្រមាណ៣៧នាក់ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក ឌីមេទ្រី ខាមិនឈិក (Dmitry Kamenshchik) ត្រូវបានឃាត់ខ្លួន ដោយលោកមានមាន ជាប់ពាក់ព័ន្ធនឹងអំពើបង្កឲ្យ មានការបំផ្ទុះគ្រាប់សម្លាប់ មនុស្សអស់ប្រមាណ៣៧នាក់ កាលពីខែមករា ឆ្នាំ២០១១ ។

សូមបញ្ជាក់ថា លោក ឌីមេទ្រី ខាមិនឈិក ជាមហាសេដ្ឋីរុស្ស៊ីមួយរូប ដែលមានវ័យ៤៧ឆ្នាំ ដែលគេស្គាល់ច្បាស់ ជាម្ចាស់ព្រលានយន្តហោះ ឯកជនមួយនៅក្នុងប្រទេស រុស្ស៊ី ហើយការចោទ ប្រកាន់ពីសំណាក់តុលាការ រដ្ឋធានីមូស្គូ ដោយសារតែ ព្រលានយន្តហោះរបស់គាត់ មិនមានអ្នកការពារ សន្តិសុខគ្រប់គ្រាន់ ដែលបណ្តាលឲ្យមាន ករណីបំផ្ទុះគ្រាប់បែក កើតឡើង ហើយបណ្តាលឲ្យ អ្នកដំណើរស្លាប់អស់ ៣៧នាក់ ។

គេបានដឹងថា មហាសេដ្ឋីរូបនេះមានទ្រព្យសម្បតិ្ត ដែលរកឃើញប្រមាណ ២,៩ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ។

ក្រោយពីតុលាការ បានឃាត់ខ្លួន លោក ខាមិនឈិក បានឆ្លើយបដិសេធនឹង ទង្វើទាំងឡាយដែលមានជាប់ពាក់ព័ន្ធ ជាមួយលោក និងអ្នកស្លាប់ទាំងនោះ ។

តែទោះបីជាយ៉ាងនេះក្តី តុលាការបានសម្រេច ឃុំខ្លួនជនជាប់ចោទរូបនេះ និងតាមដានសំណុំរឿងបន្ត រយៈពេល ២ខែទៅមុខទៀត ទើបសម្រេចកាត់ក្តីជាក្រោយ ៕