ក្រុម​ឧទ្ទាម​ស៊ីរី​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈប់​បាញ់​ជា​បណ្តោះ​អាសន្ន​បើ​រស្ស៊ី​បញ្ឈប់​ការ​វាយប្រហារ

ក្រុម​ឧទ្ទាម​ស៊ីរី​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈប់​បាញ់​ជា​បណ្តោះ​អាសន្ន​បើ​រស្ស៊ី​បញ្ឈប់​ការ​វាយប្រហារ

យុទ្ធជន​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​របស់​ស៊ីរី​កាន់​អាវុធ​របស់​ពួកគេ​នៅ​ក្នុង​ភូមិ​មួយ​ នៅ​ជាយក្រុង al-Shadadi ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០១៦។

ក្រុម​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ថា​ ខ្លួន​ប្រុងប្រៀប​រួច​ស្រេច​ហើយ​សម្រាប់​ការ​ឈប់​បាញ់​គ្នា​ជា​បណ្តោះ​អាសន្ន​មួយ ក៏​ប៉ុន្តែ​ទាល់​តែ​ប្រទេស​រុស្ស៊ី ​និង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​គោរព​កិច្ច​ឈប់​បាញ់​គ្នា​នេះ​ដែរ​ហើយ «បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ទាំង​អស់» នៅ​ក្នុង​ប្រទេស​នេះ​ដែល​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម។​

កាល​ពី​ពេល​មុន​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ ខ្លួន​នឹង​មិន​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​ប្រឆាំង​នឹង​អ្វី​ដែល​ហៅ​ថា​ទីដៅ​ភេរវជន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ​ ទោះ​ណា​ជា​មាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តី​ពីការ​ឈប់​បាញ់​គ្នា​ជា​បណ្តោះ​អាសន្ន​ក៏​ដោយ។ ​ស.រ.អា. និង​ប្រទេស​ឯ​ទៀតៗ​ដែល​មាន​ទាក់ទិន​នឹង​ការ​ខិតខំ​ព្យាយាម​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ថា ​ការ​ទម្លាក់​គ្រាប់​បែក​ភាគ​ច្រើន​របស់​រុស្ស៊ី​បាន​ត្រូវ​តម្រង់​ទៅ​លើ​ពួក​ឧទ្ទាមដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​ហើយ​មិន​មែន​ទៅ​លើ​ពួក​ភេរវជន​រដ្ឋ​ឥស្លាម​ទេ។​

ក្រុម​មន្ត្រី​បាន​និយាយ​ថា ​កាល​ពី​ថ្ងៃ​សោរ៍​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.​ John Kerry និង​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ Sergei Lavrov បាន​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​ក្នុងប្រទេស​ស៊ីរី​តាម​ទូរស័ព្ទ។​ លោក Kerry បាន​ចាប់ផ្តើម​ការងារ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ឡុងដ៍​ដែល​នៅ​ទី​នោះ​លោក​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​អង់គ្លេស​ជាន់​ខ្ពស់​ហើយ​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្ស៊កដានី​ដើម្បី​ធ្វើ​ការ​ចរចា​ថែម​ទៀត​ជាមួយ​ព្រះចៅ​ Abdullah។​

លោក Kerry បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ក្រុង​ឡុងដ៍​ថា «មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ភាព​សាំញ៉ាំ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ ហើយ​ជា​ការ​ពិត​នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ»។

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​ចម្រុះ​មួយ​នៃ​ពួក​ឧទ្ទាម​ស៊ីរី​បាន​ថ្កោលទោស​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។​ ក្រុម​ចម្រុះ​នេះ​ដែល​មាន​ឈ្មោះ​ថា​ គណៈកម្មាធិការ​ជាន់ខ្ពស់​ខាង​កិច្ច​ចរចា​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន «បង្ហាញ​ការ​មើល​ងាយ​ដល់​សហគមន៍​អន្តរជាតិ​ និង​ការ​មិន​គោរព​ដល់​ជីវិត​ប្រជារាស្ត្រ​ស៊ីរី​ទេ»។

យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី​ក៏​បាន​ត្រូវ​បន្ទោស​ដែរ​ចំពោះ​កំណើន​ការ​ស្លាប់នៃ​ក្រុម​ជន​ស៊ីវិល​ស៊ីរី​នៅ​ក្នុង​សង្គ្រាម​នេះ​ហើយ​បាន​បណ្តាល

ឱ្យ​ជន​ស៊ីវិល​ច្រើន​ថែមទៀត​ក្លាយ​ទៅ​ជា​ជន​ភៀស​ខ្លួន​ដែល​ខិតខំ​ព្យាយាម​រត់​គេច​ខ្លួន​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​តួកគី៕