អង់គ្លេស​នឹង​បោះឆ្នោត​ទៅ​លើ​សមាជិកភាព​ក្នុង​សហភាព​អឺរ៉ុប​ក្នុង​ខែ​មិថុនា

អង់គ្លេស​នឹង​បោះឆ្នោត​ទៅ​លើ​សមាជិកភាព​ក្នុង​សហភាព​អឺរ៉ុប​ក្នុង​ខែ​មិថុនា

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស David Cameron ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ខាង​ក្រៅ​គេហដ្ឋាន​របស់​នាយក​រដ្ឋ​មន្រ្តី​ ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស David Cameron បាន​កំណត់​យក​ថ្ងៃ​ទី​២៣ខែ​មិថុនា​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​អំពី​ការ​បន្ត​សមាជិកភាព​នៃ​ប្រទេស​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​ត​ទៅ​ទៀត។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ខាង​ក្រៅ​គេហដ្ឋាន​នាយក​រដ្ឋ​មន្ត្រី​ដែល​ជា​ផ្ទះ​លេខ​១០​ ផ្លូវ ​Downing ក្នុង​កណ្តាល​ក្រុង​ឡុងដ៍ លោក Cameron បាន​មាន​ប្រសាសន៍​ថា​ គណៈរដ្ឋមន្ត្រី​របស់​លោក​បាន​យល់​ព្រម​តាម​អនុសាសន៍​មួយ​ដែល​ឱ្យ​ប្រទេស​អង់គ្លេស​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​មួយ​មាន​ការ​កែ​ទម្រង់ និង​មាន​ប្រទេស​២៨​ជា​សមាជិក។

លោក Cameron បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​អង់គ្លេស​នឹង​មាន​សុវត្ថិភាព​ច្រើន​ជាង​មុន​ ខ្លាំង​ជាង​មុន និង​មាន​ធនធាន​ច្រើន​ជាង​មុន​ដោយ​ស្ថិត​នៅ​ជា​សមាជិក​មួយ​របស់​សហភាព​អឺរ៉ុប​ត​ទៅ​ទៀត នៅ​ពេល​នេះ​ដែល​ក្រុម​ដៃ​គូ​របស់​ខ្លួន​ក្នុង​ទ្វីប​អឺរ៉ុប​បាន​យល់ព្រម​ឱ្យ​មាន​ការ​កែប្រែ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​មាន​សិទ្ធិ​រដ្ឋាភិបាល​របស់ប្រទេស​អង់គ្លេស។​

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​បាន​និយាយ​បន្ថែម​ថា ​សេចក្តី​សម្រេច​ផ្តាច់​ព្រាត់​នឹង​ធ្វើ​ដោយ​ប្រជារាស្ត្រ​អង់គ្លេស​ក្នុង​ខែ​មិថុនា។ ​លោក​បាន​សន្យា​ថា​ លោក​នឹង​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ប្រជាមតិ​ដោយ​គាំទ្រ​សមាជិកភាព​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប។​ កិច្ចព្រមព្រៀង​របស់​ប្រទេស​អង់គ្លេស​ជាមួយ​សម្ព័ន្ធភាពនយោបាយ​ និង​សេដ្ឋកិច្ច​នៃ​ទ្វីប​អឺរ៉ុប​នេះ​មាន​ឡើង​ក្រោយ​កិច្ចចរចា​ពីរ​ថ្ងៃ​ក្នុង​សន្និសីទ​កំពូល​មួយ​ក្នុង​ក្រុង​ព្រុចសែល។ ក្រុម​សមាជិក​សហភាព​អឺរ៉ុប​បាន​យល់ស្រប​ជា​ឯកច្ឆ័ន្ទ​លើ​កញ្ចប់​សម្បទាន​មួយ​ដល់​អង់គ្លេស​ដែល​លោក Cameron ហៅ​ថា​ «ឋានៈ​ពិសេស»៕