ទាហាន​ថៃ​ចាប់ខ្លួន​អ្នក​ស៊ី​ឈ្នួល​ជញ្ជូន​ឈើ​គ្រញូង

ទាហាន​ថៃ​ចាប់ខ្លួន​អ្នក​ស៊ី​ឈ្នួល​ជញ្ជូន​ឈើ​គ្រញូង

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ប្រុស​ស្រី​ដែល​ចូល​ទៅ​ស៊ីឈ្នួល​កាប់​ឈើ និង​ស្ពាយ​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ​ចំនួន​៤​នាក់​ត្រូវ​បាន​យោធា​ថៃ​ចាប់ខ្លួន​ខណៈ​កំពុង​ស្ពាយ​ឈើ​គ្រញូង​ចេញពី​ក្នុង​ព្រៃ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​ចំណុច​ភូមិ​ច្រាស ឃុំ​ច្រាស ស្រុក​ប៉េ​ត​ឆេ​ត ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ។

ខ្មែរ​ប្រុស​ស្រី​ទាំង​៤​នាក់​រួម​មាន ១-​ឈ្មោះ ណា នឿ​ន ភេទ​ស្រី អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ទូត ម៉ៃ ភេទ​ស្រី អាយុ​២២​ឆ្នាំ ៣-​ឈ្មោះ គង់ កុយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​និង​៤-​ឈ្មោះ សន ពៀក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។

ពួក​គេ​ទាំង​៤​នាក់​រស់នៅ​ក្នុងភូមិ​ដងទង់​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ ពលករ​ខ្មែរ​ទាំង​៤​នាក់​ត្រូវ​ក្រុម​យោធា​ថៃ​ចាប់ខ្លួន នៅ​ពេល​ពួក​គេ​កំពុង​ស្ពាយ​ឈើ​គ្រញូង​ចុះ​ពី​ភ្នំ​មួយ​ក្នុង​ខេត្ត​សុរិន្ទ​ប្រុង​ត្រឡប់​ចូល​មក​ដី​កម្ពុជា​វិញ ។

គេ​ពុំ​ដឹង​ថា ពលករ​ទាំងនេះ​នឹង​ត្រូវ​បាន​ដោះ​លែង​ឬ​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​ក្នុង​ខេត្ត​សុរិន្ទ ឬ​យ៉ាងណា​នោះ​ឡើយ ។ ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​កោះសន្តិភាព​មិន​អាច​រក​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ទេ ។

គួរ​កត់​សម្គាល់ថា កន្លង​មក​ពលករ​ខ្មែរ​ដែល​ចូល​ទៅ​កាប់​គ្រញូង​ក្នុង​ទឹកដី​ថៃ ពេល​អាជ្ញាធរ​ថៃ​ចាប់​បាន​ម្តង​ៗ បាន​សារភាព​ថា ខ្លួន​ចូល​ទៅ​ដី​ថៃ​តាម​ច្រករបៀង​ចំការ​គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែក​នៅ​ច្រករបៀង​ចំការ​គ ក៏​មាន​សមត្ថកិច្ច​កម្ពុជា​ប្រចាំការ​តាម​ព្រំដែន​ដែរ ប៉ុន្តែ​មិនដឹង​ជា​ការងារ​ទីនោះ «​ខ្លាញ់​» យ៉ា​ង​ណា​ទេ បានជា​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​អំពើ​ថោកទាប​បែប​នេះ​សម្រាប់​ជាតិ​យើង ។

អាជ្ញាធរ​នៅ​ចំណុច​នោះ គួរ​ណាស់​នាំ​គ្នា​ជួយ​រក្សា​កិត្តិយស​ជាតិ​សាសន៍​ខ្មែរ​យើង តាម​រយៈ​កុំឱ្យ​លួច​ចូល​ទៅ​ធ្វើ​ចោរ​ដ៏​ថោកទាប​បែប​នេះ ហេតុ​អ្វី​ធ្វើ​មិន​បាន ?