ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​ដេញ​វាយ​គ្នា​ប្រសាច​តាម​ដង​​ផ្លូវ​សាធារណៈ​ រហូត​ផ្ទុះអាវុធ​២​គ្រាប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ​កុ​ម្ភៈ ​ស្ថិត​​នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​​ថា ​​មុន​ពេល​​កើតហេតុ មាន​ក្មេង​​ទំនើង​​២​​ក្រុម​មិនដឹង​ថា ​ដើរ​មកពីណា​ទៅ​ណា​ទេ បាន​ដេញ​វាយ​​ ​និង​យក​ដុំ​ថ្ម​ដេញ​គប់​គ្នា​រត់ប្រសាច​ពេញ​ផ្លូវ ​រួច​បែក​​​គ្នា​អស់​​ទៅ​ មួយសន្ទុះ​ស្រាប់តែ​មិនដឹង​ថា ​ជា​ភាគី​ខាង​បង្ក​និង​រងគ្រោះ និង​អ្នក​ឃើញ​ហេតុការណ៍​ទេ​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិក​ ព​ណ៌​លឿង មិន​ចាំ​ស្លាក​លេខ​ទិស​ដៅ​ពី​លិចទៅ​កើត ​​លុះ​មក​ដល់​​ចំណុច​កើតហេតុ​បាន​ដក​កាំភ្លើង​បាញ់​សំដៅ​ទៅ​លើជន​រង​គ្រោះ​ចំនួន​២​គ្រាប់​ចំ​ភ្លៅ ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មុន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​-សូរ​វៀត ចំណែក​ខ្មាញ់​កាំភ្លើង​បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​រត់គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ រើស​បាន​​សម្បក​​​​គ្រាប់​​ចំនួន​២​គ្រាប់​នៅ​កន្លែង​កើតហេតុ​ ៕