ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រា​ជ​ធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​លឿន​ដូច​ហោះ​ទៅ​បុកពីក្រោយ​រ៉ឺ​ម៉ក​ដឹក​គ្រឿង​សមុទ្រ​ពេញទំហឹង​ បណ្តាល​ឲ្យ​ផ្លោង​​ទៅ​លើ​ខឿន​​ចិញ្ចើម​ផ្លូវ​ដួល​បោកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ​កាល​ពី​វេលាម៉ោង​៣​និង​៣០​នាទី​​​ទៀត​​ភ្លឺ​ថ្ងៃ​ទី​២០ ​កុម្ភៈ ​​២០១៦ ត្រង់​ចំណុច​ស្តុ​ប​ត្រសក់ផ្អែម តាម​បណ្តោយ​​​វិថី​​ម៉ៅ​សេ​ទុង​ កែង​ផ្លូវ​ត្រសក់ផ្អែម ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​ ។

សព​ជន​រង​គ្រោះ​​ឈ្មោះ  សួ​ស នា​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​ជា​អ្នក​ស៊ីឈ្នួល​ដឹក​គ្រឿង​សមុទ្រ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ត្នោត ឃុំ​សំបួរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ​។

តាម​ប្រភព​​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បើករ៉ឺ​ម៉ក​ចេញពី​ក្រុង​តា​ខ្មៅ​ឆ្ពោះទៅ​ផ្សារ​ដើម​គ ដោយ​ធ្វើ​ដំណើរ​តាម​​វិថី​​ម៉ៅ​សេ​ទុង​​លុះ​មក​ដល់​ស្តុ​ប​ត្រសក់ផ្អែម ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​ពណ៌ខ្មៅ ​​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ក្នុង​ស្ថានភាព​ស្រវឹងជោកជាំ​បើក​លឿន​ដូច​ហោះ​​​ទិស​ដៅ​ស្របគ្នា​ ​​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​និង​រថយន្ត​ផោ្ល​ង​ឡើង​ទៅ​លើ​ខឿន​បុក​បង្គោល​ស្លាក​មហាវិថី​ម៉ៅ​សេ​ទុងកែង​ផ្លូវ​ត្រសក់ផ្អែម​បណ្តាល​ឲ្យ​បាក់ ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​ផ្កាប់មុខ​បោកក្បាល​ស្លាប់​ភ្លាម​ៗ រ៉ឺ​ម៉ក​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​​ព្យាយាម​បើក​រត់​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ឃាត់​ទាំង​អ្នកបើកបរ​ និង​រថយន្ត​នៅ​ស្តុ​ប​បូកគោ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​មាន​​ប្រាក់​ខ្មែរ​​ចំនួន​១.១៨៩.០០០រៀល​ ទុក​យក​ទៅ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ដើម​គ មិន​ទាន់​ទៅ​ដល់​ផង​ក៏​​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ស្លាប់នៅ​តាម​ផ្លូវ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​និង​រ៉ឺ​ម៉ក​​ ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះស្រាយ​គ្នា​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​សាច់​ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ខេត្តស្វាយរៀង ៕