សុខភាព &raquo សុខភាព

ចំពោះ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ការ​ហាត់ប្រាណ​បន្ទាប់​ពី​អាហារ​ពេល​ល្ងាច​គឺ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​សុខភាព​របស់​ពួក​គេ ដោយ​វា​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​និង​ខ្លាញ់​ក្នុង​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព ។ នេះ​ជា​ការ​រក​ឃើញ​ថ្មី​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Missouri ។
ការ​រក​ឃើញ​ខាង​ដើម​បាន​បង្ហាញ​ថា បណ្តា​បុគ្គល​ដែល​ជា​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ដោយ​គ្រាន់តែ​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​រាង​កាយ​ក្រោយ​ពេល​ទទួលទាន​អាហារ​ពេល​ល្ងាច​រួច ។

ជា​ធម្មតា ការ​ធ្វើ​លំ​ហាត់ប្រាណ​គឺ​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​បុគ្គល​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​អនុវត្ត​ជា​ប្រចាំ ប៉ុន្តែ​មានការ​សិក្សា​ស្រាវជ្រាវ​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ពិនិត្យ​មើល​ពី​អត្ថប្រយោជន៍​នៃ​ពេលវេលា​ហាត់ប្រាណ​ក្រោយ​ឬ​មុន​អាហារ​ពេល​ល្ងាច ។

Jill Kanaley សាស្ត្រាចារ្យ​នៅ​នាយកដ្ឋាន អាហារូបត្ថម្ភ និង​សរីរវិទ្យា​លំ​ហាត់ប្រាណ​បាន​និយាយ​ថា ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា វា​មិនមែន​ត្រឹមតែ​ហាត់ប្រាណ​ឱ្យ​ច្រើន​និង​រាល់ថ្ងៃ​ផ្តល់​សារសំខាន់​ជាងគេ​នោះ​ទេ តែ​ការ​កំណត់​ពេលវេលា​ហាត់​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ ។ លទ្ធផល​ពី​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​បង្កើន​កម្លាំង​សាច់ដុំ​(​លើក​ដុំ​ដែក​ខ្លី​-​វែង​...)​ក្រោយ​អាហារ​ពេល​ល្ងាច មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​លើ​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​និង​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម ។

អំឡុង​ការ​ពិសោធ លោកស្រី Kanaley និង​ក្រុមការងារ​របស់​ខ្លួន បាន​ពិនិត្យ​តាមដាន​លើ​បុគ្គល​ធាត់​ៗ​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែ​មួយ​ចំនួន​។ នៅ​ក្នុង​ឱកាស​មួយ អ្នក​ស្ម័គ្រ​ចូលរួម​ការ​ពិសោធ​ទាំងនេះ ហាត់ប្រាណ​មុន​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច​ខណៈ​អ្នក​ស្ម័គ្រ​ពិសោធន៍​ផ្សេង​ទៀត ហាត់ប្រាណ​រយៈពេល​៤៥​នាទី​បន្ទាប់​ពី​បរិភោគ​អាហារ​ពេល​ល្ងាច​រួច ។ លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ​មុន​ពេល​អាហារ​ពេល​ល្ងាច គឺ​អាច​កាត់​បន្ថយ​បាន​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ ចំណែកឯ​អ្នក​ដែល​បាន​ហាត់ប្រាណ​បន្ទាប់​ពី​អាហារ​ពេល​ល្ងាច​រួច អាច​កាត់​បន្ថយ​បាន​ទាំង​ជាតិ​ស្ករ​និង​កម្រិត​ជាតិ​ខ្លាញ់ ។

លោកស្រី Kanaley បាន​និយាយ​ថា ដោយ​ដឹង​ថា ក្រោយ​អាហារ​ពេល​ល្ងាច​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ហាត់ប្រាណ វា​គឺ​អាច​ផ្ដល់​នូវ​ចំណេះដឹង​កាន់តែ​ល្អ​ប្រសើរ​ស្តី​ពី​ការ​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ទូទៅ ជា​ពិសេស​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ។

លោកស្រី​បាន​កត់សម្គាល់​ឃើញ​ថា ភាពល្អ​ប្រសើរ​កម្រិត​ជាតិ​ស្ករ​និង​ខ្លាញ់​ក្នុង​ឈាម​របស់​អ្នកជំងឺ​គឺ​មាន​រយៈពេល​ខ្លី ហើយ​មិន​អាច​បន្ត​ទៅ​ថ្ងៃស្អែក​បាន​ទេ ។ ដូចនេះ ការ​ហាត់ប្រាណ​ជា​ប្រចាំ​គឺជា​គន្លឹះ​រក្សា​បាន​នូវ​កម្រិត​សុខភាព​ស្ថិតស្ថេរ ៕