សុខភាព &raquo សុខភាព

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ក្មេង​តូច​ទើប​ចេះ​ដើរ​តេះតះ​បៅ​ទឹកដោះ​គោមួយ​ដប​មុន​ពេល​ចូល​ដំណេក​នឹង​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ធាត់​លើស​ទម្ងន់​នៅ​ពេល​គេ​ធំ​ឡើង ។ ប៉ុន្តែ​ក្មេង​អាយុ​២​ឆ្នាំ​ដែល​បៅ​ទឹកដោះគោ​១​ដប​មុន​ពេល​ចូល​ដេក​ប្រឈម​នឹង​ការ​ធាត់​លើស​ទម្ងន់​៣០%​នៅ​ពេល​ពួក​គេ​មាន​អាយុ​ជាង​៥​ឆ្នាំ ។

បណ្តា​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ថា បណ្តា​អាណាព្យាបាល​ទាំងឡាយ​ណា​ដែល​នៅ​តែ​បន្ត​ឲ្យ​កូន​បៅ​ទឹកដោះគោ​នៅ​អាយុ​ដែល​កូន​របស់​ពួក​គេ​ចាប់ផ្តើម​ញ៉ាំ​អាហារ​រឹង​បាន​នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ធាត់​លើស​ទម្ងន់​ខុស​ពី​ធម្មតា ។

អ្នក​ស្រាវជ្រាវ​ដដែល​បាន​និយាយ​ថា​ទឹកដោះគោ​ពេញ​១​ដប​(៨oz)​មាន​ចំណុះ​១៥០​កាល់​ឡូ​រី​-១២​ភាគរយ​នៃ​ថាមពល​ក្មេង​ម្នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​១​ឆ្នាំទៅ​២​ឆ្នាំ​ត្រូវការ​ក្នុង​១​ថ្ងៃ​។ ជា​ធម្មតា​ស្ត្រី​ជា​ម្តាយ​ទាំងឡាយ​តែងតែ​ឲ្យ​កូន​របស់​ខ្លួន​ដែល​ចេះ​ញ៉ាំ​អាហារ​រឹង​ហើយ​បៅ​ទឹកដោះគោ​១​ដប​មុន​ពេល​ចូល​ដេក​ក៏​ព្រោះតែ​ចង់​ឲ្យ​កូន​របស់​ខ្លួន​ឆាប់​ដេក​លក់​។

លទ្ធផល​លម្អិត​នៃ​ការ​សិក្សា​ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុង​កាសែត Pediatrics បាន​បញ្ជាក់​ថា ក្មេង​ៗ​ជិត​១/៤-២២,៩​ភាគរយ​-​នៅ​តែ​គេ​ឲ្យ​បៅ​ទឹកដោះគោ​ជា​ច្រើន​ដប​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​២​ឆ្នាំ ហើយ​ក្មេង​ៗ​ទាំងនេះ​នឹង​ធាត់​លើស​ទម្ងន់​នៅ​ពេល​មាន​អាយុ​៥​ឆ្នាំ​៦​ខែ​ឡើង​ទៅ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ពេទ្យឆ្មប​គួរតែ​លើកទឹកចិត្ត​ដល់​អ្នក​ម្តាយ​ទាំងឡាយ​ឲ្យ​ពួក​គេ​ផ្តាច់​ទឹកដោះគោ​កូន​នៅ​ពេល​ដែល​ពួក​គេ​ឆ្លង​ដល់​ខួបកំណើត​លើក​ទី​១​របស់​ពួក​គេ ។ យោង​តាម​តួលេខ​ថ្មី​ៗ​របស់ NHS ក្នុង​ចំណោម​ក្មេង​១០​នាក់ មាន​ម្នាក់​ដែល​ធាត់​លើស​ទម្ងន់​នៅ​ពេល​ពួក​គេ​ចូល​រៀន​សាលា​បឋម​សិក្សា​ហើយ​១/៥​ចាប់ផ្តើម​ធាត់​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​១១​ឆ្នាំ​ឡើង​ទៅ ៕