សុខភាព &raquo សុខភាព

តាម​របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​តៃវ៉ាន់​បានឱ្យ​ដឹង​ថា បណ្តា​ថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជាប់​ពាក់ព័ន្ធ​នឹង​កំណើន​ហានិភ័យ​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អីុ​ដ​ក្នុង​ចំណោម​បណ្តា​អ្នក​ប្រើប្រាស់​ជា​ស្ត្រី ។

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ MedPage Today ការ​សិក្សា​ដែល​ដឹកនាំ​ឱ្យ​ដោយ​សាស្ត្រាចារ្យ Shiu-Dong Chung មក​ពី​មន្ទីរពេទ្យ Far Eastern Memorial ក្រុង​តៃប៉ិ​បានឱ្យ​ដឹង​ថា ជន​ដែល​លេបថ្នាំ​បញ្ចុះ​ខ្លាញ់​ជា​ទម្លាប់​៤០​ភាគរយ​ប្រឈម​កើត​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អុ​ី​ដ​ដោយ​ក្នុង​នោះ ស្ត្រី​ប្រឈម​ខ្លាំង​ជាងគេ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា ការ​សិក្សា​តាម​បែប​អង្កេត​ជា​ច្រើន​ពី​មុន​មក​គឺ​សុទ្ធតែ​បាន​បង្ហាញ​នូវ​លទ្ធភាព​ដែល​ថា ការ​ប្រើប្រាស់​ពពួក​ថ្នាំ​បញ្ចុះ​ខ្លាញ់ អាច​បន្ថយ​ហានិភ័យ​ពី​ជំងឺមហារីក​គ្រប់​ប្រភេទ ។ យ៉ាងណា​ក្តី នេះ​ជា​ការ​សិក្សា​លើក​ដំបូង​គេ​ដែល​បាន​ពិនិត្យ​មើល​លើ​ផល​ប៉ះពាល់​នៃ​មហារីក​ទី​រ៉ូ​អីុ​ដ ។

នៅ​ក្នុង​ការ​ពិសោធ​រយៈពេល​៣​ឆ្នាំ​លើ​មនុស្ស​២​ពាន់​៥​រយ​នាក់​វ័យ​៤០​ឆ្នាំ​ឡើង​ទៅ​បាន​រក​ឃើញ​ថា ៥​រយ​នាក់​ដែល​កើត​មាន​មហារីក​ក្រ​ពេញទី​រ៉ូ​អីុដ​ជា​បុគ្គល​ដែល​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជា​ប្រចាំ ។ ដោយឡែក​ចំពោះ​មូលហេតុ​ដែល​ស្ត្រី​ប្រឈម​ខ្លាំង​ជាង​បុរស​គឺ​ដោយសារ​ភាព​ខុស​គ្នា​នៃ​អ័រម៉ូន​ភេទ​ទាំង​២ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្នើ​ថា វា​អាច​នឹង​ទៅ​រួច​ដែល​ថា ស្ត្រី​គឺជា​ប្រធានបទ​ផ្តោត​សំខាន់ ដ្បិត​កម្រិត​អ័រម៉ូន Estrogen របស់​គេ​ខ្ពស់​ជាង​បុរស ។ យើង​សូម​ផ្តល់​ជា​អនុ​សាសន៍​ថា បណ្តា​ក្រុម​គ្រូពេទ្យ​គួរ​តាមដាន​ឱ្យ​បាន​ម៉ត់ចត់​ចំពោះ​អ្នកមាន​បញ្ហា​ទី​រ៉ូ​អីុ​ដដែល​កំពុង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ខ្លាញ់ ។ ការ​ប្រើ​ជា​ប្រចាំ​ច្រើន​ខែ​អាច​នឹង​បណ្តាល​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ហួស​ពី​ការ​គិត ៕
                   ឈិ​ត គឹ​ម​ឆុ​ន