ដូន​ឆ្មប​បុរាណ ​រស់​ដោយសារ​ដើរ​កាយ​ពោះ​គេ​

Doliprane TVC

​ទោះបី​ជាមាន​កូនចៅ​ក៏ដោយតែ​ដូនចាស់​ឆ្មប​ម្នាក់នេះ​នៅតែ​លំបាក​វេទនា​ដោយសារតែ​កូនចៅ​ទាំង អស់​មាន​ជីវភាព​ក្រលំបាក​ដែរ មិនអាចជួយ​ចិញ្ចឹម​គាត់​ជា​ម្តាយ​បានឡើយ ។ ទីបំផុត​គឺ​ខ្លួន​ទីពឹង​ខ្លួន​ហើយសព្វថ្ងៃនេះ​បើទោះបី​ជាមាន​វ័យចាស់​ទៅហើយ​ក្តីដូនចាស់​នៅតែប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​កម្លាំងកាយ​ខ្លួនឯងគឺ​ប្រក​បរបរ​ដើរ​កាយ​ពោះ​ឱ្យ​អ្នកស្រុកដែលមាន​ជំងឺ​ឈឺពោះ ឬ ទល់ខ្យល់​ក្នុង​ពោះ​ជាដើម​ដើម្បី​យក​កម្រៃ​សម្រាប់​ចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ ដូនចាស់​គឺជា​ឆ្មប​បុរាណ​ប្រចាំ​ភូមិចេះ​កាយ​ពោះ និង ជួយ បង្កើតកូន​ឱ្យគេ​ល្បី​ពេញ​ស្រុកភូមិ ។ដូន​ឆ្មប​បុរាណ ​រស់​ដោយសារ​ដើរ​កាយ​ពោះ​គេ​

​ដូន​ឆ្មប​បុរាណ​ម្នាក់នេះ ឈ្មោះ អិន ភួង អាយុ ៦៩ ឆ្នាំ រស់នៅ​ភូមិ​រមៀត ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត តាកែវ ។ ដូនចាស់​កម្សត់ អិន ភួង បាន​រៀបរាប់​ពី​រឿងរ៉ាវ ជីវិត និង ចេះ​វិជ្ជា​ឆ្មប​បុរាណ​ថាលោកយាយ​មាន​បងប្អូនបង្កើត​ចំនួន​បួន​នាក់ ស្រី​បី ប្រុស​ម្នាក់ លោកយាយ​ជា​កូន ទី​ពីរ ដែលមាន​ឪពុក​ឈ្មោះ អិន កាន់ ម្តាយ​ឈ្មោះ ផាន់ សេង មាន​ស្រុកកំណើត​ក្នុង​មូលដ្ឋាន​ខាងលើ ។ សព្វថ្ងៃ​លោកយាយ​មានកូន​ប្រាំ​នាក់ ប្រុស​បី ស្រី​ពីរ មាន​ប្តី​ឈ្មោះ អៀង ហល់ បាន​ស្លាប់ចោល​លោកយាយ​អស់​រយៈពេល ជាង​ដប់​ប្រាំ​ឆ្នាំ​មកហើយ ។

បន្ទាប់ពី​ប្តី​ស្លាប់ទៅ​លោកយាយ​កាន់តែ​លំបាក​ខ្លាំង​ឡើងៗក្នុងនាម​ជា​ស្ត្រី​មេម៉ាយ​ដែលមានរូប​កាយ​ឈឺ​គ្មាន​ឈប់ឈរ ។ កាលនោះ​អាការ​ជំងឺ​លោកយាយ​ចេះតែ​ក្អក​ស្គមរីងរៃហើយ​ឃ្លាន​តែ​ស្រា​-​ស មួយថ្ងៃៗ​ផឹក​មួយ​លីត្រ​ទៅ​ពីរ​លីត្រ​នៅតែ​មិន​ឆ្អែត​ទៀត ។ យប់​ឡើង​ដេក​យល់សប្តិ​ឃើញតែ​ដើរ​ផឹក​តែ​ស្រា​ហើយពី មួយថ្ងៃ​ទៅមួយថ្ងៃ​ចេះតែ​វង្វេងស្មារតី ដូច​មនុស្ស​ឆ្កួត​សំងំ​តែ​ក្នុងព្រៃ​ខ្មោចរហូត​គេ​ចងទុក​នៅផ្ទះ​មួយកន្លែង ។ បន្ទាប់មក​ក៏បាន​រៀបចំ​អាសនៈ​គ្រឿង​សក្ការៈ បាយសី ស្លាធម៌ កាន់​គ្រូ​ឆ្មប តាម​ពាក្យ​គ្រូ​ហោរ​ទាយ​ទើបបានជា សះស្បើយ និង លែង​ឃ្លាន​ស្រា​ដូចមុន ។

ដូន​ឆ្មប​បុរាណ ​រស់​ដោយសារ​ដើរ​កាយ​ពោះ​គេ​

ទន្ទឹមនឹងនោះ​ស្រាប់តែ​លោក យាយ​ចេះ​វិជ្ជា​បង្កើតកូន និង កាយ ពោះ​ព្យាបាល​ជំងឺ​កប់​ស្បូន​ទៀត ផង ដែល​ស្នង​ត្រកូល​ពី​ម្តាយ ព្រោះអី​កាលពី​ម្តាយ​នៅរស់ម្តាយ​របស់លោកយាយ​បាន​ចាប់ដៃ​លោកយាយមក​ប៉ះ​នឹង​អវយវ​ភេទ​ខ្លួនឯងរួច​និយាយថា ម្តាយ​នឹង​ផ្ទេរ​វិជ្ជា​ឆ្មប​ឱ្យ​កូន​ម្តង ។ លោកយាយ​បន្តថា ចាប់តាំងពី​នោះមក​ចេះតែមាន​គេ​មក​ពឹង​លោកយាយជា​បន្តបន្ទាប់​រហូត​ល្បីល្បាញ​មកដល់​សព្វថ្ងៃ ប៉ុន្តែ​របរ​នេះ​មិនអាចជួយ​ឱ្យ​លោកយាយ​ក្លាយទៅជា​អ្នកមានបានឡើយបានត្រឹមតែរ​ស់គឺ​រស់​ទាំង​លំបាក ព្រោះ​មួយខែៗ​មាន​ស្ត្រី​មកកាយ​ពោះ​តែ​បី​ទៅ​បួន​នាក់​ប៉ុណ្ណោះ ។

ចំណែក​ប្រាក់កាស​គេ​ជូន​វិញ​អ្នកខ្លះ​គេ​ឱ្យ ៥.០០០ រៀល ខ្លះ​ឱ្យ ១០.០០០ រៀល ដូច្នេះ​មិនអាច​ទប់ទល់​ជាមួយ​ជីវភាព​ប្រចាំថ្ងៃ​បានឡើយ ។ ចំណែកកូនចៅ​វិញ​មាន​ប្តី​ប្រពន្ធ​បែក​ចានឆ្នាំង​អស់ហើយ​ដែរ តែ​ពួកគេ​សុទ្ធតែ​ក្រលំបាកចិញ្ចឹម​ខ្លួនឯង​មិន​ចង់​រស់​ផង​មិនអាច​មានលទ្ធភាព​ជួយ​ចិញ្ចឹម​ម្តាយ​បានឡើយ ។ លោកយាយ​រៀបរាប់​បន្តទៀតថាវិជ្ជា​កាយ​ពោះ​នេះកន្លងមក​ធ្លាប់មាន​ស្ត្រី​រៀបការ​យូរ​ឆ្នាំ​មកហើយតែ​គ្មាន​កូ បាន​មករក​លោកយាយ​ជួយ​កាយ ពោះ​ឱ្យក្រោយមក​ក៏មាន​កូន​ដូច​បំណង​ជាច្រើន នាក់​មកហើយ ។

ដូន​ឆ្មប​បុរាណ ​រស់​ដោយសារ​ដើរ​កាយ​ពោះ​គេ​

លោកយាយ​ពន្យល់ថា ស្ត្រី​ការហើយ​យូរ​ឆ្នាំ​ដែល​គ្មាន​កូន​នោះ​ដោយសារ​ដៃ​ស្បូន​កប់​ជ្រៅ​ទៅ​នៅ​ជិត​ឆ្អឹងខ្នង មិន​ព្រម​អណ្តែត​ទទួលមេជី​វិត​បណ្តាលមកពី​ធ្វើការ​ធ្ងន់​ទើប​គ្មាន​កូន​បែបនេះ ។ ភាគច្រើន​ស្ត្រី​ដែលមាន​ដៃ​ស្បូន​បែបនេះ​មាន​រូប​កាយ​ស្គាំងស្គម​មិនសូវ​ធំធាត់​ឡើយក្រោយពី​កាយ​ឱ្យ​ស្បូន​អណ្តែត​ហើយ​មិនយូរ​មិនឆាប់​នឹងមាន​ផ្ទៃពោះ ។​

​អ្នក​មីង ភឹម ត្រូវជា​អ្នកជិតខាង​បាន​មានប្រសាសន៍​ឱ្យដឹងថា លោកយាយ​ចេះ​វិជ្ជា​ឆ្មបនិងកាយ​ពោះ​ឱ្យមាន​កូន​នេះ​តាំងពីក្មេង​មកម៉្លេះ​បន្ត​ពី​ខ្មោច​ម្តាយ​របស់គាត់ ។ សព្វថ្ងៃ​លោកយាយក្រលំបាក​ណាស់ ខ្វះខាត​ច្រើនរស់​ដោយសារ​គេមក​កាយ​ពោះ​ជូន​ប្រាក់កាស​តិចតួច​គ្រាន់​នឹង​បន្តដំណើរ​ជីវិត​ទៅមុខទៀត ។ គាត់​មានកូន​ប្រាំ​នាក់ពិតមែនតែ​ពួកគេ​សុទ្ធតែ​ក្រលំបាក​វេទនា ចំណែកកូនស្រី​ម្នាក់​បាន​បាត់​ខ្លួន​ចំនួន​ប្រាំ​ឆ្នាំ​មកហើយនៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី ។

​នាង ឈៀង ម៉ៅ ធ្លាប់​ឱ្យ​លោកយាយ អិន ភួង ជួយ​កាយ​ពោះ​ឱ្យ​ដែរនោះ​បាន​មាន​ប្រ សាសន៍​ឱ្យដឹងថា​«​ខ្ញុំ​បាន​រៀបការ​ចំនួន​ពីរ​ឆ្នាំ​មកហើយ​តែ​ពុំទាន់​មានកូន​សោះ​ទោះបី​ជាមាន ការព្យាបាល​ពី​គ្រូពេទ្យ​ក៏ដោយ ។ ជាមួយគ្នា​នោះ​រូប​កាយ​របស់ខ្ញុំ​ស្គមស្គាំងដោយ​លោកយាយ ភួង ប្រាប់ថា​ខ្ញុំ​មាន​ជំងឺ​កប់​ស្បូន ។ បន្ទាប់ពី​ឱ្យគាត់​ជួយ​កាយ​ពោះ​ចំនួន​បី​ព្រឹក​ដើម្បីឱ្យ​ស្បូន អណ្តែត​មក ឥឡូវ​ខ្ញុំ​មានកូន​ម្នាក់​ពិតមែន ចំណែក រូប​កាយ​ក៏​ធាត់​ជាង​មុន ។ដើម្បី​ជាការ​ដឹងគុណខ្ញុំ​បាន​ជូន​គាត់ ១០.០០០ រៀល សម្រាប់​ទិញ​ម្ហូប អាហារ​ចិញ្ចឹម​ក្រពះ​ព្រោះ​គាត់​ក្រ​ណាស់​» ។

​នាង ឈឹម វណ្ណៈ នៅ​ភូមិ​ក្បែរ​នោះដែរ​បានឱ្យដឹងថា​«​ពីដំបូង​ខ្ញុំ​មិន​មានកូន​នោះទេ បន្ទាប់ពីរៀបការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​នឹកស្មានតែ​ដាច់​ពូជ​ទៅហើយ ។ ក្រោយមក​បានឱ្យ​លោកយាយ​កម្សត់​រូបនេះ​ជួយ​កាយ​ពោះ​ប្រាំ​ព្រឹករួចមក​ក៏មាន​ផ្ទៃពោះ​កើត​បាន​កូនស្រី​ម្នាក់​គួរឱ្យ​ស្រឡាញ់ ។ ខ្ញុំ​ធ្លាប់​ផឹកថ្នាំ​បុរាណ​ខ្មែរ​ឱ្យមាន​កូន​ដែរ នៅតែ​មិនមាន​ប្រសិទ្ធភាព​ទៀត លុះដល់​ពេល​ឱ្យ​លោក យាយ​កម្សត់​ជួយ​កាយ​ពោះ​ឱ្យ​ស្រាប់តែ​មានកូន​ដូច​បំណង ។

​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់លោក​យាយ​កម្ស​ត់រូបនេះ​ពិបាក​ខ្លាំងណាស់មានពេលខ្លះ​ដាច់បាយ​ម្តងៗ​ដែរ បើ​កុំ​តែ​បាន​អ្នកជិតខាង​ជួយ​ផ្គត់ផ្គង់​បាយទឹក​ម្តងម្កាល​នោះ​ម៉្លេះ​គាត់​ដាច់ពោះ​ស្លាប់​ហើយ​» ៕​ ​ ​កែវ សិលា​