៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​

ភ្នំពេញ: ទោះបី​ឆ្លងកាត់​សម័យកាល​រាប់ពាន់​ឆ្នាំ សង្គ្រាម​ញ៉ាំ​ញី​ជាច្រើន វិទ្យាសាស្ត្រ​ទំនើប​យ៉ាងណាក្តី ក៏​ជំនឿ​មួយចំនួន​នៅតែមាន​ឥទ្ធិពល​នៅក្នុង​ផ្នត់គំនិត​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់ វណ្ណៈ​ដល់​សព្វថ្ងៃ ពិសេស​អ្នកស្រុក​តំបន់​អង្គរ​។​

​ជាក់ស្តែង​រាល់​ឆ្នាំ​ឱ្យតែ​ដល់​ថ្ងៃ​៣​កើត មាឃ​ធំ អ្នកភូមិ​ក​ក្រាញ់ សង្កាត់​សៀម​រាម ខេត្តសៀមរាប ទោះបី​ស្ថិតនៅ​ជិត​ទី​រួម​ខេត្ត​បង្កើយ ប្រើប្រាស់​របស់ទំនើប រស់នៅក្នុង​ក្នុង​ជីវភាព​ស៊ីវីល័យ​ក៏ដោយ ក៏​ប្រជា​សហគមន៍​នៃ​វត្ត​អធ្វា​នៅតែ​រក្សាបាន​នូវ​ទំនៀមទម្លាប់​ឡើង​មាឃ ឡើងអ្នកតា ចូល​រូប ដែល​បន្សល់ទុក​តាំងពី​បរម​បុរាណ​ឱ្យ​រស់​រវើក​ដដែល​។ ក្នុងថ្ងៃនេះ មិន​មានតែ​តំបន់​នេះ​ទេ ប្រជាជន​នៅតាម​ជនបទ​សង្កា​ត់មាត់​ញក​នានា​នៃ​ខេត្តសៀមរាប ក៏​នាំគ្នា​ប្រារព្ធ​ពិធី​នេះ​ដូចគ្នា ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ដល់​ភូមិករ​និង​ប្រជាជន​ទាំងអស់​។​

​ចំពោះ​ការរៀបចំ​គ្រឿង​រណ្តាប់​នៅក្នុង​ពិធី​នេះ​មាន ស្លាធម៌​បាយសី ជម​៤​សម្រាប់​អ្នកតា អ្នក​ចូល​រូប និង​វង់ភ្លេង រួមទាំង​ម្ហូបអាហារ​ជាច្រើន​មុខ​ដែល​ប្រជាជន​យកមក​រៀងៗ​ខ្លួន​ដើម្បី​ចូលរួម​ពិធី​។ មិនតែប៉ុណ្ណោះ​ក៏មាន​ក្បាលជ្រូក មាន់ស្ងោរ​ជាច្រើន​គូ​សម្រាប់​សំណែន និង​លាបំណន់ ថែមទាំង​មាន​បង្អែមចម្អាប ផ្លែឈើ នំ​នេ​ក ទឹក ស្រា​ជាដើម ដើម្បីឱ្យ​អ្នកតា​សេពសោយ​ឱ្យបាន​បរិបូណ៌ មុននឹង​ទៅ​ស្រុកស្រែ​វិញ​។​

​ការរៀបចំ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នៅ​ប្រាសាទ​អធ្វា​នេះ មិនឃើញ​មាន​វត្តមាន​ព្រះសង្ឃ​និមន្ត​មក​សូត្រធម៌​ទេ ទោះបី​កន្លែង​ប្រារព្ធ​ពិធី​នៅក្នុង​វត្ត​ក៏ដោយ ពោលគឺ​មានតែ​យាយ​តា អ្នក​ចូល​រូប អ្នកស្រុក និង​ក្មេងៗ​ប៉ុណ្ណោះ ខុសពី​ពិធី​ដទៃទៀត​ដែលជា​ជំនឿ​ពី​ដូនតា​ដូចគ្នា​។ បន្ទាប់ពី​រៀបចំ​សំណែន​ហើយ សំឡេង​ច្រៀង​និង​សំឡេង​ភ្លេង​ប្រគំ​អញ្ជើញ​គ្រូ​បាន​បន្លឺឡើង ខណៈ​អ្នក​ចូល​រូប​អង្គុយ​បួងសួង រំឭក​គុណគ្រូ​ជា​បារមី​ឱ្យចូល​សណ្ឋិត​ក្នុង​ខ្លួន​។​

​លោកគ្រូ​ភ្លេង​ម្នា​ក់បាន​ប្រាប់ថា ការប្រគំ​ភ្លេង​ជា​ញឹកញាប់​ក្នុង​ពិធី​មាន​ប្រាំ​បទ ១. បទ​ម្លប់​ដូង​: សម្រាប់​អញ្ជើញ​គ្រូ​និង​សំពះគ្រូ ២. បទ​ទាក់ដំរី​: សម្រាប់​អញ្ជើញ​គ្រូ​ដែល​រវល់​ទៅ​ទាក់ដំរី​នៅ​ទី​ឆ្ងាយ ឱ្យមក​កាន់​កន្លែង​ពិធី ៣. បទ​ច្រូង​: សម្រាប់​អញ្ជើញ​គ្រូ​តូច​គ្រូធំ​ដែល​នៅ​សេសសល់ ៤. បទ​អុំទូក​: សម្រាប់ អ្នក​ចូល​រូប​រាំលេង​កម្សាន្ត ៥. បទ​បញ្ចុះ​: សម្រាប់​រាំលេង​បណ្តេញ​ព្រាយ​ព្រ័​ក្ស​ដែល​ចូលមក​យាយី​។ ក្រៅពី​៥​បទ​នេះ​ក៏មាន​បទ​ជាច្រើន​ទៀត​ដែរ ដែល​ត្រូវ​ប្រគំ​រួម​នឹង​ចម្រៀង​តាម​សេចក្តីត្រូវការ​របស់​មេ​មត់ បើ​ភ្លេង​លេង​មិនត្រូវ​បទ​ដែល​មេមត់​ចូលចិត្ត គ្រូ​បារមី​នោះ​ក៏​មិន​ចូលមកសណ្ឋិត​ក្នុង​រូបអ្នក​ស្នង​ដែរ​។​

​ចំពោះ​អ្នក​ចូល​រូប​មាន​គ្នា​៤​នាក់ ប្រុស​១ ស្រី​៣ ដែល​តំណាងឱ្យ​ស្តេច​នាគ​ខៀវ នាគ​ក្រហម (​ញី ឈ្មោល​) មហារាជ មហាជម្ពូ បិតា​យមរាជ​ជាដើម រេ​រាំ​តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ​តែ​អង្គឯង និង​លេង​ជាមួយ​អ្នកភ្លេង​ក៏មាន​។ ពេលខ្លះទៀត​រូបនោះ​ក៏​យំសោក​បោក​ខ្លួន ខឹង​ក្រោធ​នឹង​កូនចៅ ឬ បុគ្គល​ណាមួយ​ដែល​ជិះជាន់​គាត់​។ ខ្លះទៀត​ក៏​សេពសោយ​អាហារ សុរា​តាម​ចំណូលចិត្ត ព្រមទាំង​និយាយប្រាប់​កូនចៅ​ពី​បំណង​របស់ខ្លួន​តាម​កា​រ​សួរនាំ​។​

​តាម​ការ​ប្រាប់​របស់​អ្នកស្រុក បារមី​នៅ​វត្ត​អធ្វា​មាន​លោកតា​មហារាជ មហាជម្ពូ កេសរមាលា ស្រី​ខ្មៅ មហា​សម្បថ ស្តេច​ភុជង្គនាគ យមរាជ យាយ​ប៉ុក តា​មឿង​។​ល​។ ដែល​អ្នកស្រុក​ទាំងអស់​មានការ​ជឿជាក់​គោរពបូជា​យ៉ាងខ្លាំង​។ ពេល​មាន​ទុក្ខភ័យ អ្នកស្រុក​តែង​បន់ស្រន់ បញ្ចូល​រូប ហើយ​ពេល​បានជា​សះស្បើយ​ឬ​សម​ដូច​បំណង គេ​តែង​យក​សំណែន​មក​សែន​លាបំណន់​។ ម្យ៉ាងទៀត​ពេល​ចូល​រូប អ្នកស្រុក​ក៏​តែង​ឱ្យ​បារមី​ជួយ​ទស្សន៍ទាយ មើលជំងឺ និង​សុំ​ទឹកមន្ត​ដើម្បី​លុបលាង​មុខ ផឹក ប្រោះព្រំ​ឱ្យមាន​សិរី​សួស្តី ឈ្នះ​ជំងឺ​រោគា និង​ឧបទ្រពចង្រៃ​ផ្សេងៗ​ផង តាម​ជំនឿ​របស់​ពួកគាត់​។​

​លុះដល់​កិច្ច​ចុងបញ្ចប់ គេ​ក៏​រៀប​គ្រឿង​សំណែន​ដែល​បាន​សែន​ហើយ​យកទៅ​ចោល​នៅ​ទី​សមគួរ​ឬក៏​ដាក់​សំពៅ​សែង​ទៅ​ចោល​នៅ​កន្លែង​ណាមួយ​តាម​ទម្លាប់ បន្ទាប់ពី​ដូនតា​បាចអង្ករ​ប​ញ្ជេ​រហើយ​។ ជាធម្មតា​ទំនៀម​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អធ្វា គេ​ធ្វើ​ពិធី​ឡើងអ្នកតា​ឬ​ឡើង​មាឃ​នេះ​ដល់​ទៅ​៣​កន្លែង​ក្នុងពេល​តែមួយ គឺ​នៅ​ប្រាសាទ​អធ្វា ទួល​យាយ​ប៉ុក (​អ្នក​ចូល​រូប​មានតែ​ម្នាក់​) និង​ទួល​តា​មឿង (​អ្នក​ចូល​រូប​មក​ជុំគ្នា​ទាំងអស់​) ហើយ​មាន​បែប​សណ្ឋាន​នៃ​ការ​ប្រារព្ធ​ពិធី​ដូចៗ​គ្នា ខុស​តែ​ចំនួន​អ្នក​ចូល​រូប​ប៉ុណ្ណោះ​។​

​លោកយាយ រួម អ្នកភូមិ​ក​ក្រាញ់​និង​ជា​ពុទ្ធបរិស័ទ​នៃ​វត្ត​ប្រាសាទ​អធ្វា​បាន​ប្រាប់ថា ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ថ្ងៃ​៣​កើត មាឃ​ធំ គឺ​គាត់​និង​អ្នកភូមិ​តែង​មក​ជុំគ្នា​នៅ​ប្រាសាទ​អធ្វា​ដើម្បី​រៀបចំ​ពិធី​ឡើង​លោកតា​។ មួយឆ្នាំ​គេ​ធ្វើ​២​ដង គឺ​៣​កើត មាឃ​ធំ ខែ​ទឹកទន្លេ​ចុះ គេ​បញ្ជូន​លោក​ទៅ​ក្រោម (​ស្រុក​) វិញ និង​៣​កើត ខែ​ពិសាខ ខែ​ទឹកទន្លេ​ឡើង គេ​អញ្ជើញ​លោកតា​ឡើងគោក ដើម្បី​សុំឱ្យ​កូនចៅ​សុខ​សប្បាយ ធ្វើស្រែ​ចម្ការ​បានល្អ ទទួលបាន​ភោគផល​ច្រើន​។ ពិធី​នេះ​មិនដែល​អាក់ខាន​ធ្វើ​ឆ្នាំ​ណា​ទេ បើ​មិន​ធ្វើ​មានជំនឿថា កូនចៅ​នឹង​គ្មាន​ក្តី​សុខ មាន​គ្រោះ​ពេញ​ភូមិ​ស្រុក​មិន​ខាន​។ លោកយាយ​បន្តទៀតថា ពិធី​នេះ​គាត់​ឃើញ​តាំងពី​តូចៗ​ម្ល៉េះ ហើយ​បន្តធ្វើ​រហូតដល់​បច្ចុប្បន្ន​។ ចំពោះ​គាត់ អ្នកតា​គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ អ្នកថែរក្សា​ស្រុក អ្នក​ឃុំគ្រង​កូនចៅ​ឱ្យបាន​សុខ​សប្បាយ​គួរឱ្យ​គោរពបូជា មិនអាច​មើលងាយ​ឬ​លេងសើច​បានទេ​។​

​លោកយាយ ទឹម អ្នក​ស្នង​រូប​មហារាជ​៥​ឆ្នាំ​មកហើយ​បាន​ប្រាប់ថា រាល់ពេល​ឡើង​មាឃ គាត់​ជា​តួ​បារមី​ម្នាក់​ក្នុងចំណោម​បារមី​ទាំង​៤​។ ពីមុន​គាត់​ជា​មនុស្ស​ធម្មតា ក្រោយមក​លោកតា​ប្រាប់ថា​ចង់​នៅ​ជាមួយ​ក៏មាន​បារមី​មក​សណ្ឋិត ហើយ​គាត់​គោរព​ដល់​សព្វថ្ងៃ​។​

​ការធ្វើ​ពិធី​ឡើង​មាឃ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កូនចៅ ជាការ​គោរព​ដឹងគុណ​ដល់​លោកតា​ម្ចាស់​ស្រុក ដែល​បាន​ថែរក្សា​ភូមិករ​ឱ្យបាន​សុខសាន្ត ហើយ​ពិធី​នេះ​មិនដែល​ចោលការ​បញ្ចូល​រូប​ទេ​រាល់ៗ​ឆ្នាំ​។ លោកយាយ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​ទំនៀមទម្លាប់​នេះដែរ ព្រោះ​ក្មេងៗ​ជំនាន់​ក្រោយ​មិនសូវមាន​អ្នកណា​គេ​ចង់​ធ្វើជា​អ្នក​ចូល​រូប​ទេ ខ្លាច​ខ្មាស​គេ ហើយ​ពួកគេ​ក៏​រវល់​ច្រើន​ក្នុង​រឿង​រកស៊ី​ចិញ្ចឹមជីវិត​ផងដែរ​។​

​លោកតា កែវ អ្នក​ស្នង​រូប​ស្តេច​នាគ​ឈ្មោល បាន​ប្រាប់ថា អ្នកតា​មាន​២​ប្រភេទ​៖ ១. ពួក​ទេវតា​រក្សា​ព្រះ​នគរ ប្រជាជន​ខ្មែរ​ហៅថា អ្នកតា​ព្រះ​ស្រុក ២. អ្នកតា​រក្សា​ខេត្ត​ស្រុក​ទាំងឡាយ ហៅថា អ្នកតា​ចាស់​ស្រុក​។ លក្ខណៈ​រូប​នៃ​អ្នកតា​មាន​ជា​ដុំថ្ម គល់​ឬ​មែកឈើ ដំបូក ឬ​ទួល​ក្តី នៅតាម​ប្រាសាទ និង​ខ្ទម​ដែល​ប្រជាជន​សង់​ឱ្យ ហើយ​ត្រូវបាន​គេ​គោរព​តាំងពី​សម័យ​បុរេប្រវត្តិ​មកម្ល៉េះ​។ ការបូជា​ជំនឿ​នេះ​មិនមែនជា​រឿង​អកុសល​ទេ ពីព្រោះ​ខ្មែរ​មិនមែន​បូជា​ថ្ម ដំបូក​នោះទេ ប៉ុន្តែ​វិញ្ញាណ​ឬ​បារមី​ស័ក្ដិសិទ្ធិ​របស់​ដូនតា​ដែល​មក​ប្រថាប់​ក្នុង​វត្ថុ​នោះ ប្រកបដោយ​ម​ហិ​ទ្ធ​ឫទ្ធិ​គួរឱ្យ​ស្ញប់​ស្ងែ​ង​ក្រៃលែង​។​

​ដោយឡែក​ទាក់ទង​នឹង​ពាក្យ​អ្នកតា និង​អត្ថន័យ​នៃ​ការឡើង​អ្នកតា​តាម​ការពន្យល់​នៅក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ថា អ្នកតា​ឬ​អ្នក​ជីតា ជា​ពាក្យ​សម្រាប់​ហៅ​ភូត​បិសាច​ប្រុស​ឬទេ​ព្រ័​ក្ស​ប្រុស​ដែលមាន​ខ្ទម​ឬ​រោង​អាស្រម​ជា​លំនៅ​ឬ​ឥត​លំនៅ​។ ក្នុងនោះ​ក៏មាន​ពាក្យ​អ្នកដូន​ឬ​អ្នក​ជីដូន​ឬ​អ្នក​យាយ​ផងដែរ ជា​ពាក្យ​សម្រាប់​ហៅ​ភូត​បិសាច​ស្រី​ឬទេ​ព្រ័​ក្ស​ស្រី​ដែលមាន​ខ្ទម​ឬ​រោង​អាស្រម​ជា​លំនៅ ហើយ​ខ្មែរ​យើង​ច្រើន​និយាយថា អ្នកតា​អ្នកដូន ពាក្យ​នេះ​ជា​គូ​នឹង​គ្នា​។ សរុបមក​ឡើងអ្នកតា​មានន័យថា ការប្រជុំ​គ្នា​ធ្វើ​សក្ការៈ​ចំពោះ​អ្នកតា​ដើម្បី​គំនាប់​អ្នកតា​ឬ​សុំ​ទឹកភ្លៀង​អ្នកតា​ជាដើម​។​

​ចំណែក​អ្នកប្រាជ្ញ និង​អ្នកស្រាវជ្រាវ​ជាច្រើន បាន​បញ្ចេញ​មតិយោបល់​ខុសគ្នា​ពី​បញ្ហា​នេះ ដោយ​អ្នកខ្លះ​មានមតិ​ថា​៖ អ្នកតា​គឺជា​ព្រលឹង​របស់​បុព្វបុរស​ឬ​ជា​ជំពូក​វីរបុរស​ប្រចាំ​ស្រុក​តំបន់​ណាមួយ ពេល​ស្លាប់ទៅ​ក្លាយជា​អ្នកតា (​អ្នកតា​ឃ្លាំងមឿង​ជាដើម​)​។ ខ្លះ​យល់ថា​៖ អ្នកតា​ជា​ពួក​បុព្វបុរស​មាន​ជីតា​ជាដើម ពុំ​ចាំបាច់​មាន​មហិទ្ធិឫទ្ធិ​ទេ ពេល​ស្លាប់​ហើយនឹង​ក្លាយជា​ខ្មោច​មួយ​ពួក​ចាំ​ថែរក្សា​កូនចៅ​។ អ្នកផ្សេង​ទៀតថា​៖ អ្នកតា ក្លាយ​មកពី​ពាក្យ ទេវតា ដែល​ជំនាន់​ដើម​ប្រហែល​ហៅ អ្នក​ទេវតា តែ​យូរ​ទៅ​ក៏​ហៅ​ត្រឹម អ្នកតា​។​

​បើ​និយាយ​ចំពោះ​ស្រុក​ខេត្ត​ដែល​ប្រារព្ធ​ពិធី​នេះ តាម​ការស្រាវជ្រាវ​រប​ស់​អ្នកជំនាញ​ជាតិពន្ធុវិទ្យា​និង​នរវិទ្យា លោក​សាស្ត្រាចារ្យ អាំង ជូ​លាន បានសរសេរថា តាមពិតទៅ​ពុំមែន​មានតែ​ខេត្តសៀមរាប​ទេ តំបន់​ច្រើន​ទៀត​ប៉ែក​ខាងជើង​ប្រទេស ធ្លាយ​ចូលដល់​ខេត្ត​បូរី​រម្យ​និង​សូ​រិ​ន្ទ្រ​ដែល​សព្វថ្ងៃ​ស្ថិតក្នុង​ប្រទេស​ថៃឡង់​ដ៍​ក៏​គេ​នៅតែ​ជ្រើសរើស​ថ្ងៃនេះ ឬ​ពុំ​ដូច្នោះ​ទេ​ក៏​នៅ​ចងចាំ​ថា​ថ្ងៃ​ឡើង​មាឃ​គេ​ធ្វើ​នៅថ្ងៃនេះ​ដែរ​។ ប៉ុន្តែ​ក៏មាន​អ្នកស្រុក​ភូមិភាគ​ច្រើន​ផងដែរ ដែល​រើស​ពេលា​ខុសពី​ថ្ងៃនេះ តែ​ភាគច្រើន​ក៏​ស្ថិតនៅ​ខាង​ខ្នើត​ខែមាឃ​ធំ​ដដែល​៕

៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​

៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​

៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​

៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​

៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​

៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​

៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​

៣​កើត មាឃ​ធំ អ្នកស្រុក​អង្គរជុំ​គ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​គ្រប់​ទីកន្លែង​