ជើងខ្លាំង ៤ក្រុមដណ្ដើម បានកៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រពាន Smart Futsal Cup បណ្ដោះអាសន្ន

ភ្នំពេញ៖ នៅសល់ពេលមួយ សប្ដាហ៍ទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ ហ្វូតសាលពានរង្វាន់ Smart Futsal Cup លើកទី២ នឹងបញ្ចប់ការ ប្រកួតជម្រុះក្នុងពូល ប៉ុន្ដែខណៈពេលនេះបាន រកឃើញក្រុមជើងខ្លាំង ៤ក្រុមជាបណ្ដោះអាសន្ន ដែលរកបានពិន្ទុច្រើនជាងគេ និងកក់កៅអីវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ(វគ្គ ១/២ផ្ដាច់ព្រ័ត្រ) ហើយ ។
បន្ទាប់ពីឆ្លងកាត់ ប្រកួតអស់រយៈពេល ៤សប្ដាហ៍កន្លងមក សម្រាប់ការប្រកួតវិលជុំក្នុងពូលA ដែលមាន ៦ក្រុមចូលរួមប្រកួតនោះ គឺក្រុម Lion Tear និងក្រុម White Unicom កំពុងឈរកំពូលតារាង ជាបណ្ដោះអាសន្ន ដោយមាន ១២ពិន្ទុស្មើគ្នា ក្រោយបញ្ចប់ការប្រកួត ៤លើក មិនស្គាល់ពាក្យថាចាញ់ ឬស្មើ ។ នៅក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ កាលពីថ្ងៃទី២០ ខែកុម្ភៈនេះ ក្រុម Lion Tear បានលត់ក្រុម NOC-FC ដោយលទ្ធផល ៩-១ ខណៈក្រុម White Unicom យកឈ្នះក្រុមហ្វូណន ៤-២ ដើម្បីបន្ថែម ៣ពិន្ទុរៀងៗខ្លួន ។

ដោយឡែកក្រុមគោព្រៃ និងក្រុម Smart Eagle វិញ ពេលនេះក្រុមទាំងពីរ កំពុងមានពិន្ទុស្មើគ្នា ១០ពិន្ទុ ឈរកំពូលតារាងពូលB ក្រោយឆ្លងកាត់ការប្រកួត ៤លើក ឈ្នះ៣ និងស្មើ ១ប្រកួត ។ ប៉ុន្ដែលទ្ធផលពេលនេះ គឺបញ្ជាក់ឲ្យឃើញថា ក្រុមគោព្រៃ និងក្រុម Smart Eagle គឺមានឱកាសស្ទើ ១០០% ដើម្បីបន្ដទៅកាន់វគ្គ ១/២ផ្ដាច់ព្រ័ត្រហើយ ព្រោះការប្រកួតនៅសល់តែមួយប្រកួត ខណៈក្រុមមានពិន្ទុដេញតាម ពីក្រោយទើបរកបាន ៦ពិន្ទុ ។
លោក អ៊ុង សិទ្ធិ តំណាងក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនផ្ដួចផ្ដើម គំនិតរៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា នេះជាលើកទី២ ដែលក្រុមហ៊ុន Smart ផ្ដួចផ្ដើមគំនិតបង្កើត ព្រឹត្តិការណ៍នេះឡើង ដើម្បីផ្ដល់ឱកាស ឲ្យបុគ្គលិកទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និងផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងបុគ្គលិក និងបុគ្គលិក ឬ បុគ្គលិក និងថ្នាក់ដឹកនាំរបស់ខ្លួន ។

លោកបន្ដថា ការប្រកួតនេះ គឺមាន ១២ក្រុមចូលរួម និងបែងចែកជា ២ពូល ខណៈការប្រកួតជម្រុះក្នុងពូលនីមួយៗ គ្រោងនឹងបញ្ចប់នាចុងសប្ដាហ៍ក្រោយ ។ ប៉ុន្ដែក្នុងការប្រកួតនេះ ទោះបីកីឡាករគ្រប់រូប មិនមែនជាកីឡាករអាជីព ក៏ដោយ តែពួកគេបានប្រកាន់ ព្យាភ្ជាប់គោលការណ៍ប្រកួត Fair-Play យ៉ាងត្រឹមត្រូវ ដើម្បីរួមចំណែកជំរុញ ព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ និងមានការគាំទ្រ កាន់តែច្រើនពីទស្សនិកជន ។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការ ប្រកួតជម្រុះក្នុងពូលជាស្ថាពរ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំពូលទាំងពីរ នឹងត្រូវឡើងទៅប្រកួតខ្វែងពូល នៅវគ្គ ១/២ផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមតំណែងជើងឯក ។ អ្វីដែលពិសេស គឺក្រុមហ៊ុន Smart បានត្រៀមប្រាក់រង្វាន់ ១៦លានរៀល សម្រាប់ផ្ដល់ជូនដល់ ក្រុមដណ្ដើមបានជ័យលាភី ចន្លោះលេខ១ ដល់ចំណាត់ថ្នាក់លេខ៣ ៕

ជើងខ្លាំង ៤ក្រុមដណ្ដើម បានកៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រពាន Smart Futsal Cup បណ្ដោះអាសន្ន

ជើងខ្លាំង ៤ក្រុមដណ្ដើម បានកៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រពាន Smart Futsal Cup បណ្ដោះអាសន្ន

ជើងខ្លាំង ៤ក្រុមដណ្ដើម បានកៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រពាន Smart Futsal Cup បណ្ដោះអាសន្ន