មិនទាន់ជឿថា មានអគារ កម្ពស់ ១៣៣ ជាន់លេចរូបរាង​ នៅរាជធានីភ្នំពេញទេ

ភ្នំពេញ ៖ ជាដំបូងខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ ដែលបានផ្ដល់ព័ត៌មានតាម បណ្ដាញទំនាក់ទំនងសង្គមរបស់លោក កាល ពីថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នូវព័ត៌មានស្ដីអំពីការសាងសង់អគារខ្ពស់ ជាងគេនៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ ២០១៦នេះ ដែលជាការបញ្ជាក់ អំពីការរីកចម្រើនផ្នែកសំណង់នៅក្នុងរាជធានី ភ្នំពេញ ។

លោកបានបញ្ជាក់នៅក្នុងហ្វេសប៊ុក របស់លោកថា “អគារភ្លោះកម្ពស់១៣៣ ជាន់ និងលេចរូបរាងឡើង ក្នុងរាជធានីភ្នំ ពេញ របស់យើង តើបងប្អូនយល់យ៉ាងណា ចំពោះអគារដ៏ខ្ពស់សម្បើមួយនេះ?” ។

លោកបានបន្ដថា “គម្រោងអគារនេះ ឈ្មោះ(អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង) គ្រោងនឹងចាប់ដំណើរការសាង សង់នៅដើមឆ្នាំ២០១៦នេះ លើផ្ទៃដីទំហំ៥ ហិកតា ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ នេះនៅរាជធានីភ្នំពេញ មានសំណង់អគារ ខ្ពស់ៗ ចាប់ពីកម្ពស់៥ជាន់ ដល់លើសពី៤០ ជាន់ឡើងទៅមានចំនួន៦២៨អគារ” ។

ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន ខ្ញុំពិតជា មានសេចក្ដីត្រេកអរ ចំពោះព័ត៌មានរបស់ លោកខាងលើនេះ ណាស់ ។ ប៉ុន្ដែសួរថាតើ យល់ឃើញយ៉ាងម៉េច ចំពោះអគារនេះ ខ្ញុំ អាចឆ្លើយមិនគ្រប់ជ្រុងជ្រោយ ចំពោះលោក វិញថា ខ្ញុំមិនទាន់ជឿថា មានអគារកម្ពស់ ១៣៣ជាន់នេះទេ នៅលើទីតាំងដីដែលជួលឲ្យឌ្រីលែន ទល់មុខណាហ្គានោះ ។ ហេតុផលខ្ញុំអាច ពន្យល់បានត្រួសៗថា ទី១ បើមិនទាន់ឃើញ ជាក់ស្ដែង មិនទាន់ជឿ បើឃើញត្រឹមតែប្លង់ ហើយមិនទាន់បើកការដ្ឋានសម្ពោធ ក៏មិន ទាន់ជឿ ហើយបើការដ្ឋាន សម្ពោធហើយ មិនទាន់ឃើញដំណើរការសាងសង់ក៏មិនទាន់ ជឿ បើដំណើរការសាងសង់ហើយ មិនទាន់ បញ្ចប់គម្រោង មិនទាន់ជឿ ។ ខ្ញុំជឿនៅ ពេលដែលគម្រោងសាងសង់អគារនោះ បញ្ចប់ដំណើរការសាងសង់ និងសម្ពោធដាក់ ឱ្យប្រើប្រាស់ទាំងស្រុងទើបបានខ្ញុំជឿ ។ ខ្ញុំ អាចលើក ឧទាហរណ៍ត្រួសៗយកមក បង្ហាញ ជូនដូចជា អគារកម្ពស់៤២ជាន់ ដែលវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង នៅលើអតីតដីមន្ទីរពេទ្យចិន ក្នុងខណ្ឌចំការមន តើរហូតមកដល់ពេលនេះ មានសភាពយ៉ាង ដូចម្ដេច សួរថាតើជនជាតិខ្មែរ ដែលយក លុយទៅកក់ សម្រាប់ទិញអគារនេះ ទទួល ការខាតបង់ប៉ុនណា តើមានសំណងដល់ពួក គាត់ដែរឬទេ ហើយសាលារាជធានីភ្នំពេញ មានបានជួយពួកគាត់ដែរឬទេ រហូតមក ដល់ពេលនេះ (សូមកុំឆ្លើយថា នេះគឺជារឿង ឯកជន) ។ តំបន់អភិវឌ្ឍកាំកូស៊ីធី ដោយក្រុមហ៊ុនកូរ៉េដែរ តើរហូត មកដល់ពេលនេះ អនុវត្ដគម្រោងសាងសង់ អគារបញ្ចប់ហើយឬនៅ បើតាមដឹងគម្រោង នេះ ទើបតែចាប់ផ្ដើម ដំណើរការឡើងវិញ ក្រោយពីផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ។

គម្រោងសាងសង់អគារ នៅលើដីរបស់ ក្រុមហ៊ុនថៃប៊ុនរ៉ុងទឹកថ្លា ដោយក្រុមហ៊ុន ប៊ូយ៉ុងរបស់កូរ៉េ ដែលខ្ញុំនៅចាំ គឺលោកអ៊ឹម ឈុនលឹម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញ ជា អធិបតីសម្ពោធបើកការដ្ឋានសាងសង់ កាល ពីជិត៣ឆ្នាំកន្លងទៅ ។ សំណួរសួរថាតើ រហូត មកដល់ពេលនេះ មានលេចចេញជារូបរាង ជាសំណង់អគារហើយឬនៅ បើខ្ញុំមិនច្រឡំទេ សូម្បីតែស៊ីម៉ង់ត៍មួយខាំ ដែកមួយដើម សម្រាប់បុកគ្រឹៈ ក៏មិនទាន់មានផង ។ ផ្ទុយ ទៅវិញ បានត្រឹមតែឃើញអេស្កាវ៉ាទ័រ កាយដីលក់តែប៉ុណ្ណោះ ហើយដីនៅទីនោះ បាន ក្លាយទៅជាស្រះ ចិញ្ចឹមត្រីបាត់ទៅហើយ ។ អ្នកធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ដែល ឃើញដាក់បិទស្លាកយីហោ នៅរបងបរិវេណ នៃសំណងនោះ ដាក់ថា សាងសង់ដោយក្រុម ហ៊ុនប៊ូយ៉ុង គេក៏ក្រឡាស់ពាក្យនិយាយលេងថា សង្ស័យបុងយូ មានន័យថា គេគ្មានជំនឿ ថានឹងមានអគារកើតឡើងទេ ។ ម្យ៉ាងទៀត កត្ដាដែលមិនទាន់ជឿថា សំណង់ទាំងអស់នោះលេចចេញរូបរាង វាមានកត្ដាជាច្រើន ដូចជា វិបត្ដិសេដ្ឋកិច្ច បញ្ហាផ្ទៃក្នុងក្រុមហ៊ុន ឬក៏ទីតាំងដីដែលសាងសង់នោះ មានទំនាស់ មិនទាន់ដោះ ស្រាយចប់ជាដើម ។ ល ។ ដូច្នេះអ្វីដែលលោកឡុង ឌីម៉ង់ បានលើក ឡើងខាងលើ ខ្ញុំ មិនទាន់ជឿនៅ ឡើយទេ ហើយនឹងតាមដានមើលករណីនេះ ។ បើតាមខ្ញុំដឹងមិនផ្លូវការ ទីតាំងដីនេះ កំពុងតែមានទំនាស់គ្នានៅឡើយ នៅក្នុងរង្វង់ គ្រួសារឧកញ៉ាថេង ប៊ុនម៉ា ដែលបច្ចុប្បន្ន លោកកំពុង សម្រាកព្យាបាលនៅផ្ទះកូនស្រី របស់លោកឧកញ៉ា នៅទីក្រុងបាងកក ប្រទេសថៃ ។ ម្យ៉ាងទៀត បើតាមប្រភពពី ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថា គ្មានគម្រោងអគារកម្ពស់ ១៣៣ជាន់ ត្រូវបានចុះហត្ថលេខាអនុវត្ដ ដោយរដ្ឋមន្ដ្រីនោះទេ ។ នេះគ្រាន់តែជាការ រៀបរាប់ត្រួសៗមិនគ្រប់ជ្រុងជ្រោយរបស់ខ្ញុំ ក្នុងនាមជាអ្នកសារព័ត៌មានមួយរូប ៕

មិនទាន់ជឿថា មានអគារ កម្ពស់ ១៣៣ ជាន់លេចរូបរាង​ នៅរាជធានីភ្នំពេញទេ