ព័ត៌មាន​ពី​ភូមិ​កំណើត​ខេមរៈ ស្រីពៅ ៖ ស្រី​ពៅ ឈឺ​មែន តែ​មិន​ធ្ងន់​ដូច​ព័ត៌មាន​ទេ


ព័ត៌មាន​ពី​ភូមិ​កំណើត​ខេមរៈ ស្រីពៅ ៖ ស្រី​ពៅ ឈឺ​មែន តែ​មិន​ធ្ងន់​ដូច​ព័ត៌មាន​ទេ

ព័ត៌មាន​ពី​ស្រុក​កំណើត​របស់​តារា​ចម្រៀង ខេមរៈ ស្រី​ពៅ ដែល Sabay ទទួល​បាន​នា​ព្រឹក​នេះ​ មក​ថា ប្អូន​ស្រី​របស់​លោក ខេមរៈ សិរីមន្ត​រូប​នេះ ពិត​ជា​មាន​ជំងឺ​ពិត​មែន ប៉ុន្តែ​មិន​ធ្ងន់​ធ្ងរ​ដូច​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ។ នេះ​បើ​តាម​មន្ត្រី​មូលដ្ឋាន​នៅ​ស្រុក​កំណើត​ ខេមរៈ ស្រី​ពៅ។

 

 

 

ព័ត៌មាន​ពី​ភូមិ​កំណើត​ខេមរៈ ស្រីពៅ ៖ ស្រី​ពៅ ឈឺ​មែន តែ​មិន​ធ្ងន់​ដូច​ព័ត៌មាន​ទេ

 

លោក គង់ ប៊ុនឈឿន អាយុ ៦៩ ឆ្នាំ​ជា​មេភូមិ​តាម៉ូត ឃុំ​គ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​ផ្ដល់​បទសម្ភាសន៍​ដល់ Sabay ថា​បញ្ហា​នេះ​ តារា​ចម្រៀង ខេមរៈ ស្រី​ពៅ ដែល​ជាប្រជាពលរដ្ឋ​ក្នុង​​មូលដ្ឋាន​របស់​លោក ​ពិតជា​មាន​ជំងឺ​មែន ប៉ុន្តែ​នោះ​ក៏​​មិន​មែន​មហារីក​ស្បែក​ធ្ងន់ធ្ងរ​ដូច​ព័ត៌មាន​ដទៃ​បាន​ចុះផ្សាយ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ លោក​មេភូមិដដែល សុំ​មិន​អធិប្បាយ​ស៊ី​ជម្រៅ ដោយ​សារ​ថា លោក​ក៏​ដឹង​មិន​ច្រើន​ដែរ​លើ​ករណី​នេះ គ្រាន់​តែ​ដឹង​ថា នាង​មិន​ធ្ងន់ធ្ងរ​ដូច​ព័ត៌មាន​ឡើយ។

 

ដូច​គ្នា​នឹង​ប្រសាសន៍​មេភូមិ​តាម៉ូត ឃុំ​គ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដែល​ជា​ស្រុក​កំណើត​កើត​ជា​របស់​គ្រួសារ​ខេមរៈ សិរីមន្ត អ្នក​ភូមិ​ផង​របង​ជាមួយ​ម្នាក់ ដែល​​សុំ​មិនបញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា ខេមរៈ ស្រីពៅ មិន​បាន​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដូច​គេ​ផ្សាយ​ឡើយ នាង​គ្រាន់តែ​មាន​បញ្ហា​សុខភាព​តិចតួច​ប៉ុណ្ណោះ។

 

ព័ត៌មាន​ពី​ភូមិ​កំណើត​ខេមរៈ ស្រីពៅ ៖ ស្រី​ពៅ ឈឺ​មែន តែ​មិន​ធ្ងន់​ដូច​ព័ត៌មាន​ទេ

 

ស្ត្រី​មាន​វ័យ​ប្រហែល​ជាង ៣០ ឆ្នាំរូប​នេះ ថ្លែង​ថា “ខ្ញុំ​ជា​អ្នក​ឡើង​ចុះ​ទៅ​មើល​គាត់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​ដោយ​ផ្ទាល់ នាង​មិន​បាន​កើត​មហារីក​ស្បែក​ឡើយ។ រឿង​ហេតុ​ពី​ដំបូង​គឺ​នាង​បាន​ទៅ​ពិនិត្យ​សុខភាព​ជា​ធម្មតា ហើយ​គ្រូពេទ្យ​មួយ​បាន​ប្រាប់​ថា​ នាង​មាន​ជំងឺ​សន្លាក់​ឆ្អឹង និង​បាន​ចេញ​ថ្នាំ​ឲ្យ​លេប។ តែ​ពេល​លេប​រួច​ស្រាប់តែ​មាន​បញ្ហា​បែក​គ្រាប់​ឈាម​ពេញ​ស្បែក  តែ​មិនមែន​មហារីក​ដូច​គេ​និយាយ​ឡើយ។ ក្រោយ​មក​មេរោគ​ទាំងនោះ​ចូល​ទៅ​ដល់​ក្នុង​សួត ដូចនេះ​ត្រូវ​បូល​ទឹក​ចេញ​ពី​សួត។ មិន​ត្រឹមតែ​សួត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​រាលដាល​ដល់​បេះដូង ធ្វើឲ្យ​នាង​ពិបាក​ដកដង្ហើម។ ដូចនេះ​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ តែម្ដង​ទៅ ហើយ​ពេល​នេះ ស្រីពៅ មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ។”

 

ប្រភព​ដដែល បាន​បញ្ជាក់​ទៀត​ថា​ តារា​ចម្រៀង​ស្រី​រាង​ខ្ពស់​ស្រឡះ​ខាង​លើ​គ្មាន​បញ្ហា​ស្បែក​រលេះរលួយ​អ្វី​នោះ​ទេ គឺ​នៅ​ធម្មតា​ដដែល គ្រាន់តែនាង​ ស្គម​ជាង​ពេល​មុន​បន្តិច​ប៉ុណ្ណោះ ហើយ​ឥឡូវ​កំពុងតែ​បំប៉ន​សុខភាព​ឲ្យ​មាន​សាច់ឈាម​ដូច​មុន។ អ្នកនាង​ក៏​បន្តថា ​មួយ​រយៈ​នេះ ស្រីពៅ ត្រូវ​ឧស្សាហ៍​ចុះឡើង​ប្រទេស​ថៃ​ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ​បន្ត។ “គ្រួសារ​អាពៅ​ត្រូវ​ឡើង​ចុះ​ៗ​ទៅ​ពិនិត្យ​ស្ថានភាព​ជំងឺ​នៅ​ប្រទេស​ថៃ​កន្លះ​ខែ ហើយ​មក​ខ្មែរ​កន្លះ​ខែ​ចឹង​ទៅ ហើយ​មុន​នេះ​បន្តិច​ពេល​ខ្ញុំ​តេ​ទៅ​ គឺ​ពួក​គាត់​កំពុងតែ​ដើរ​លេង​នៅ​ទីនោះ។”

 

ព័ត៌មាន​ពី​ភូមិ​កំណើត​ខេមរៈ ស្រីពៅ ៖ ស្រី​ពៅ ឈឺ​មែន តែ​មិន​ធ្ងន់​ដូច​ព័ត៌មាន​ទេ

 

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​ថា ខេមរៈ ស្រីពៅ កើត​ជំងឺ​មហា​រីក​ស្បែក​ធ្ងន់ធ្ងរ​ ​រហូត​ដល់​ដេក​នៅ​លើ​ស្លឹក​ចេក​ក៏​មាន ព្រោះ​មិន​អាច​គេង​លើ​កន្ទេល ដោយ​សារ​ថា ស្បែក​របស់​នាង​បាន​ប្រែ​រលួយ​ខ្លះ​ៗ​ទៅ​ហើយ។ ជុំវិញ បញ្ហា​នេះ ​សាច់​ញាតិ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ គឺ​លោក ខេមរៈ ភារុណ ជា​បង​បង្កើត បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា ប្អូន​ស្រី​របស់​លោក​ មិន​មាន​បញ្ហា​អ្វី​ឡើយ។ ទោះ​យ៉ាង​នេះ​ក្ដី ប្រភព​ខាង​លើ​ដដែល​បញ្ជាក់​ថា ឈឺ​មែន ប៉ុន្តែ​គ្រួសារ​របស់ ស្រី​ពៅ មិន​ចង់​និយាយពី​បញ្ហា​នេះ​ទេ៕

 

អត្ថបទ៖ទ្រី រ៉ាវី