ក្រុមបាល់ទាត់បឹង​កេតអង្គរ បង្ហាញ​ភាព​ជឿ​ជាក់ មុន​បើក​ឆាក​ជាមួយ​ក្រុមអាស៊ីអឺរ៉ុប ល្ងាច​នេះ

ក្លិប​បឹង​កេតអង្គរ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​បង្ហាញ​ពី​ឈុត​ថ្មី និង​ធន​ធាន​ចំណូល​ថ្មីរបស់​ខ្លួន ហើយ​វា​ក៏​ជា​ពេល​ដែល​ប្រធាន​ក្លិបមួយ​នេះ បាន​បង្ហាញ​ពី​ភាព​ជឿ​ជាក់​​​ក្នុង​ការ​ទទួល​បាន​ជោគ​ជ័យ​កាន់​តែ​ខ្លាំង សម្រាប់​ការ​ប្រកួត​រដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ប្រចាំ​ឆ្នាំ​២០១៦​នេះ​ផង​ដែរ។
1
នៅ​ក្នុង​សន្និសីទ​កាសែត ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ទី​ស្នាក់​ការ​របស់​ក្រុម​ហ៊ុន Cambrew Ltd កាល​ពី​ថ្ងៃសុក្រ​នោះ ​ក្លិបបឹងកេតអង្គរ បាន​បង្ហាញ​ឯកសណ្ឋានសម្រាប់រដូវកាលថ្មី ឆ្នាំ​២០១៦នេះ ដោយពណ៌ស សម្រាប់ការ​ប្រកួត​ក្នុងទឹកដី និងពណ៌ក្រហម សម្រាប់ប្រកួតក្រៅទឹកដី ស្រប​ពេល​ក្លិប​បឹង​កេត​អង្គរ ​ទទួល​បាន​ការ​ចុះ​កិច្ច​សន្យា​ភាព​ជា​ដៃ​គូរ​យៈ​ពេល​មួយ​ឆ្នាំទៀត ​ជាមួយ​ក្រុម​ហ៊ុន Cambrew Ltd សម្រាប់រដូវកាលថ្មីនេះនោះ។

បន្ថែម​លើ​នេះ​ក្លិបបឹងកេតអង្គរ បាន​បង្ហាញ​មុខ​នូវសមាសភាពថ្មីៗ​របស់​ខ្លួន​ផង​ដែរ ក្នុង​នោះ​រួមមាន​គ្រូជំនួយ​ លោក សាប៊ូន កីឡាករ ម៉ាត់ យ៉ាមីន មកពី​ក្លិបបៀលប្រាយ កីឡាករ សេង កុសែន មកពីក្លិប​ស៊ីម៉ាក់យូណាយធីត និងកីឡាករ Tatsuta Kazuki មកពីក្លិបក្រសួងការពារជាតិ រីឯ​អតីតខ្សែការពារ ធុល សុធារិទ្ធ ត្រូវបានក្លិប​បឹង​កេត ដំឡើងជាគ្រូជំនួយ​របស់​ក្លិប​វិញ​ម្តង។
2
3
ជាមួយ​នឹង​ការបង្ហាញឯកសណ្ឋានថ្មី និង​សមាស​ភាព​ថ្មី នៅ​នេះ លោក ស៊ីវថា ប្រធានក្លិបបឹង​កេតអង្គរ បានបង្ហាញ​ពី​ទំនុក​ចិត្តយ៉ាង​មុត​មាំថា ក្លិប​របស់​លោក​នឹង​ទទួល​បាន​ជោគជ័យ​គ្រប់បែបយ៉ាងនៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ។ លោក ស៊ីវ ថា បាន​បញ្ជាក់​ថា៖​«សម្រាប់​រដូវ​កាល​ថ្មី​២០១៦នេះ ក្នុងនាមជាប្រធានក្លិបខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្លិប​របស់​ខ្ញុំ​នឹង​ទទួល​បាន​ជោគជ័យ​គ្រប់​បែប​យ៉ាង ព្រោះពួកយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចរាល់ហើយ»។
4
សម្រាប់​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី ឆ្នាំ​២០១៦ នៅ​ល្ងាច​ម៉ោង​៦ ថ្ងៃ​អាទិត្យ​នេះ ក្រុមបឹង​កេតអង្គរ ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​អាស៊ីអឺរ៉ុប នៅ​ពហុកីឡដ្ឋាន​ជាតិ រីឯ​ក្រុម​​ព្រះ​ខ័ន​រាជស្វាយ​រៀង ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង​របស់​ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ CMAC ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​ផង​ដែរ ខណៈពេល​នេះ​ក្រុម​ក្រសួង​ការពារជាតិ កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​ជា​បណ្តោះ​អាសន្ន ក្រោយ​លត់​ក្រុម​ប៉ូលិស ៤-១ ហើយ​ក្រុម​ម្ចាស់​ជើងឯក​ភ្នំពេញ​ក្រោន ឈរ​នៅ​លេខ​រៀង​ទី​២ ព្រោះ​បាន​បំបាក់​ក្រុម​ខេមបូឌានថាយហ្គឺរ ៣-១។ ចំណែក លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​ក្លិប​បឹង​កេត​អង្គរ​បាននិយាយ​ថា៖​«​​ការ​បន្ត​កិច្ច​សហការ​​របស់​ស្រា​បៀរ​កម្ពុជា សរបញ្ជាក់ឲ្យឃើញពីទំនុកចិត្ត និង​ការគាំទ្រ ​ដែល​ក្លិប​ត្រូវ​ការ​បំផុត ហើយ​​ដរាប​ណា​មាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត ​កីឡាករ​ទាំង​អស់ ​និង​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព ក្នុងការដណ្តើមយកជ័យជម្នះទាំងក្នុងការប្រកួតថ្នាក់ជាតិ និង​អន្តរ​ជាតិ»៕