ក្រសួងការ បរទេសកម្ពុជា បញ្ជាក់អំពីស្ថានភាព អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ

ភ្នំពេញ៖ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីណែនាំឲ្យ ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះទៅពិនិត្យស្ថានភាព អាជីវករខ្មែរលក់ដូរ នៅផ្សាររ៉ុងក្លឿ ម្សិលមិញនេះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦  ។

យោងតាមសេចក្តីជូនព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ប្រកាសនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា «កាលពីថ្ងៃទី២០ ខែកុម្ភៈ ម្សិលមិញនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ  បានចុះទៅពិនិត្យស្ថានភាព ការលក់ដូររបស់អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ រួចរាល់ហើយ» ។

ក្នុងសេចក្តីជូនព័ត៌មាននោះ បានបន្តថា «ក្នុងផ្សាររ៉ុងក្លឿមានតូបចំនួនជាង ៣០០០តូប ក្នុងនោះប្រមាណ១/៣ ជាតូបលក់ទំនិញកម្មសិទ្ធិបញ្ញា (ប្រហែល៣០% បានបើកលក់ឡើងវិញ) ហើយ២/៣ទៀតលក់ទំនិញជជុះ និងទំនិញអត់ស្លាកយីហោ (ជាង៩០% បានបើកលក់ឡើងវិញ)»។

សេចក្តីជូនព័ត៌មានខាងលើក៏បានលើកពីចំណុចបញ្ហាបងប្អូនអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ បានត្អួញត្អែរថា «អាជីវកម្មពុំចំណេញតាំងពីដើមឆ្នាំ២០១៥មក តូបភាគច្រើនបិទ និងសេងម្ចាស់ មូលហេតុមកពីអតិថិជនថយចុះហើយក្រុមស៊ើបអង្កេតកម្មសិទ្ធិបញ្ញារបស់ថៃចុះមកត្រួតពិនិត្យញឹកញាប់» ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុលកម្ពុជា ដោយមានកិច្ចសហការជាមួយអាជ្ញាធរថៃនៅផ្សាររ៉ុងក្លឿ បានចុះជួបសំណេះសំណាលជាមួយអាជីវករខ្មែរដែលលក់ទំនិញកម្មសិទ្ធិបញ្ញា ហើយបានណែនាំអាជីវករបញ្ឈប់ការលក់ទំនិញ ក្លែងយីហោដែលអាជ្ញាធរថៃបានហាមឃាត់។

ទាក់ទងទំនិញកម្មសិទ្ធិបញ្ញា អាជីវករបានស្នើស្ថានអគ្គកុងស៊ុល ជួយអន្តរាគមន៍ជាមួយអាជ្ញាធរថៃទុកពេលឲ្យពួកគាត់ពី ១ ទៅ ២ឆ្នាំ ដើម្បីលក់ទំនិញទាំងនោះឲ្យអស់៕

ក្រសួងការ បរទេសកម្ពុជា បញ្ជាក់អំពីស្ថានភាព អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ