ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​រណ្តៅ​ជីក​យក​អាចម៍ដី​មួយ​កន្លែង​មាន​ទំហំ​ប្រហែល​ជាង​៣០​ម៉ែត្រ​បួន​ជ្រុង ស្ថិត​នៅ​ភូមិ​អណ្តូង​ជ័យ ឃុំ​ក្រែក ស្រុក​ពញាក្រែក បាន​ឆក់​យកអាយុ​ជីវិត​ក្មេង​ប្រុស​ជំទង់​អាយុ​១៥​ឆ្នាំ​ម្នាក់ ។ ហេតុការណ៍​លង់ទឹក​ស្លាប់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​ក្មេង​ប្រុស​រង​គ្រោះ​បាន​ចុះ​លេង​ទឹក​រណ្ដៅ​ដី​នោះ​ជាមួយនឹង​មិត្តភក្តិ​២​នាក់​ផ្សេង​ទៀត ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​ដែល​បាន​លង់ទឹក​រណ្តៅ​ស្លាប់​នោះ​ឈ្មោះ ថុ​ង គី​មង​ន់ អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​មួយ​​ក្នុងភូមិ​អណ្តូង​ជ័យ ដោយ​មិន​បាន​ទៅ​រៀន​នោះ​ទេ គឺ​បាន​នាំ​គ្នា​ទៅ​ងូតទឹក​រណ្តៅ​ដី​ស្ថិត​ក្នុង​ឡូត៍​ចំការ​កៅស៊ូ ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​៧០០​ម៉ែត្រ​ពី​សាលារៀន ជាមួយ​មិត្តភក្តិ​២​នាក់​ផ្សេង​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀ​ថា ក្នុង​ពេល​ដែល​ចុះ​ទៅ​លេង​ទឹក​នោះ ដោយសារ​តែ​មិន​ចេះ​ហែល​ទឹក​ទើប​ជា​ហេតុ​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ ដែល​តាម​ការ​សន្និដ្ឋាន​រណ្តៅ​នោះ​មាន​ជម្រៅ​ប្រហែល​៣​ម៉ែត្រ ។ បន្ទាប់​មក​ក្រុម​សាច់ញាតិ​បាន​នាំ​គ្នា​ទៅ​ស្រង់​ចេញពី​ក្នុង​ទឹក​រណ្តៅ​យក​មក​ផ្ទះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ នៅ​ពេល​ដែល​ទទួល​បាន​ដំណឹង​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ក្មេង​ប្រុស​ជំទង់​ដែល​លង់ទឹក​ស្លាប់ នៅ​ពេល​ដែល​បាន​សួរនាំ​អ្នក​ជិតខាង​ត្រូវ​បាន​ពលរដ្ឋ​ប្រាប់​ថា កន្លង​មក​ក្មេង​ប្រុស​រង​គ្រោះ​ធ្លាប់​បាន​លង់​ទឹក​នៅ​ត្រង់​ចំណុច​រណ្តៅ​ខាងលើ​២​លើក​ហើយ​ តែ​មិន​ស្លាប់​ដោយ​ត្រូវ​បាន​មិត្តភក្តិ​ជួយ​សង្គ្រោះ​ទាន់ លុះ​រសៀល​ថ្ងៃ​ទី​២០​កុម្ភៈ​នេះ បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​ម្តងទៀត​ក៏​លង់​ស្លាប់​តែ​ម្តង ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក​បញ្ជាក់​ថា រណ្តៅ​ជីក​យក​អាចម៍ដី​ខាងលើ​នោះ​កន្លែង​ខ្លះ​មាន​ជម្រៅ​រហូត​ដល់​ទៅ​៤​ម៉ែត្រ ប្រសិនបើ​យើង​មិន​ចេះ​ហែល​ទឹក​ទេ​នោះ​ គួរតែ​កុំ​នាំ​គ្នា​ទៅ​លេង​អី ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ  ហើយ​បាន​បង្ក​នូវ​ក្តី​សោកសៅ​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ ៕