គយ​ពន្យា​ពេល​​ ១​ខែ​ទៀត​ អោយ​ឡាន​ចង្កូត​ស្តាំ មាន​ស្រាប់​ចូល​បង់ពន្ធ​បញ្ចប់​

ភ្នំពេញ: ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​បានប្រកាស​អោយដឹងថា​ ខ្លួន​បាន​ពន្យា​ពេល​១​ខែ​ចុងក្រោយ​ទៀត​អោយ​ម្ចាស់​ឡាន​ចង្កូត​ស្តាំ​ដែលមាន​ស្រាប់ ក្នុងប្រទេស​ទាំងអស់​ចូលទៅ​បង់​ពន្ធគយ​នាំចូល​បាន​បន្ទាប់ពី​បាន​បើក​អោយ​ចូលមក​បង់ពន្ធ​ចាប់តាំងពី​ថ្ងៃទី​១៨ ​មករា ​ឆ្នាំ​២០១៦ ​និង​បញ្ចប់​នៅ​ថ្ងៃទី​១៨ កុ​ម្ភះ ឆ្នាំ​២០១៦​រួចមក​។​

​នៅ​ថ្ងៃទី​១៩​ កុ​ម្ភះ ​ឆ្នាំ​២០១៦ ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បានធ្វើ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ថ្មី​មួយទៀត​ជម្រាប​ដល់​ម្ចាស់​ឡាន​ចង្កូត​ស្តាំ​ទាំងអស់​ដែលមាន​ស្រាប់​ក្នុងប្រទេស​នាពេលនេះ​ថា ​ពេលនេះ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានសម្រេច​ពន្យា​ពេល​ការចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ​ចំនួន​១​ខែ​ គឺ​រហូតដល់​ថ្ងៃទី​១៩​មីនា ឆ្នាំ​២០១៦​ គឺជា​កាលបរិច្ឆេទ​ចុងក្រោយ ដោយសារ​ការយល់ពី ការលំបាក​របស់​ប្រជាពលរដ្ឋ​ម្ចាស់​យានយន្ត​ចង្កូត​ស្តាំ​។​

​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​បាន​និយាយ​ក្នុង​សេចក្តីជូនដំណឹង​នេះដែរ​ថា​ក្នុង​រយៈពេល​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ​មុន​រយៈពេល​១​ខែ​​​ គឺ​ចាប់ពី​ថ្ងៃទី​១៨ ​មករា ​ឆ្នាំ​២០១៦​ ដល់​នៅ​ថ្ងៃទី​១៨ ​កុ​ម្ភះ ឆ្នាំ​២០១៦​នោះ​មាន​ម្ចាស់​រថយន្ត ចង្កូត​ស្តាំ​ជាច្រើន​បានមក​ចូលមក​ចុះបញ្ជី​ និង​កក់​ប្រាក់ ​២០​ភាគរយ​នៃ​ប្រាក់​ពន្ធ​សរុប​ ប៉ុន្តែ​ក៏​នៅមាន​ម្ចាស់​មួយចំនួន​នៅ​ស្ទាក់ស្ទើរ​ឬ​ពុំទាន់​បាន​ចូលមក​បង់​។​

​អគ្គនាយកដ្ឋាន​គយ​បានបញ្ជាក់​ដែរ​នេះ​គឺជា​ការពន្យា​ចុងក្រោយ​ហើយ​ដូច្នេះ​ម្ចាស់​ឡាន​ចង្កូត​ស្តាំ​ទាំងអស់​ត្រូវ​រួសរាន់​ចូលមក​បង់ពន្ធ​ឬ​ចុះបញ្ជី​ជា​អោយទាន់ពេល​វា​លា​ជា​កំហិត​ព្រោះ​ផុត​ឧសា​ទ​វាទ​នេះ​ទៅ​ឡាន​ចង្កូត​ស្តាំ​ទាំងឡាយណា​ដែល​ពុំ​ស្ថិតក្នុង​បញ្ជី​យានយន្ត​ចង្កូត​ស្តាំ​នឹងមិន​ត្រូវបាន​ចាត់ទុក​ថា ជា​រថយន្ត​ល្មើសច្បាប់​ដែល​នឹង​ទទួលរង​នូវ​ការអនុវត្ត​ច្បាប់​ដោយ​ពុំមាន​ការអនុគ្រោះ​ឡើយ​៕