ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​ចោរ​ប្លន់​​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ចាប់​បាន​វាយ​ស្ទើរ​ស្លាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ពី​គូសង្សារ​មិន​បាន​​សម្រេច​ ​​​កាលពី​វ​លា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​២០ ​​កុ​ម្ភៈ ​ស្ថិត​នៅ​តាម​ផ្លូវ​២០០២ ត្រង់​ចំណុច​មុខ​ផ្ទះ គ្មាន​លេខ​ ក្រុម​ទី​៥ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ។

​ចោរ​ប្លន់​ដែល​ឃាត់ខ្លួន​ឈ្មោះ យិ​ន សា​យ័ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​មុខរបរ​មិន​ប្រាកដ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ឃុំ​ក្រគរ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់វី នៅ​សល់​តែ​គ្រោងឆ្អឹង ពាក់​ស្លាក​លេខ​ភ្នំពេញ1M-B3656 ចំណែកឯ​បក្ខពួក​​​២​នាក់​​​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ​។

រីឯ​ជន​រង​គ្រោះ​​​ទាំង​២នាក់​ ម្នាក់​ ​​ឈ្មោះ ប៉ាក ម៉ា​ហាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​ជា​សិស្ស​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី ថ្នាក់​ទី​៩ មាន​ទីលំនៅ​ភូមិ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌមានជ័យ ​​និង​ម្នាក់​ទៀត ឈ្មោះ ជា​ម៉ា រី​យ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ​ជា​​សិស្ស​ថ្នាក់ទី​១១ វិទ្យាល័យ​ជា​ស៊ី​ម​សន្ធរ​ម៉ុ​ក ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ​ហើយ​​ម៉ូតូ​ដែល​ក្រុម​ចោរ​ប្លន់​មិន​បាន​សម្រេច​​នោះ​ម៉ា​កនិក​ ព​ណ៌សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1BM-6640 ​។

បើ​តាម​ប្រភព​ព័​ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​សង្សារ​បាន​ដឹង​ថា ​មុន​ពេល​​កើតហេតុ​រូបគេ​ទាំង​ពីរ​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ហូប​អី​នៅ​ម្តុំ​ទួល​គោក លុះ​ហូប​រួច​ហើយ​ក៏​បាន​ជូន​សង្សារ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២០០២​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​កន្លែង​កើតហេតុ​​ស្រាប់​តែ​មាន​​ចោរ​៣​នាក់​ពាក់​ម៉ាស​បិទមុខ​​ជិះ​ម៉ូតូ​ស្មាស់​វី​មួយ​គ្រឿង​​​ដេញ​វាយ​ប្លន់​យក​ម៉ូតូ ត្រូវ​បាន​ជន​រង​គ្រោះ​ព្យាយាម​ជិះ​ចូល​ទៅ​ក្នុងភូមិ​ដើម្បី​ឱ្យ​គេ​ជួយ ។ តែ​​​ចោរ​ទាំង​៣​នាក់​នៅ​តែ​ព្យាយាម​ជិះ​តាម​ទៀត ​ទើប​ជន​រង​គ្រោះ​ស្រែ​កថា​ «ចោរ​ៗ» ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ចេញ​មក​ដេញចាប់ ជា​ចៃដន្យ​ចោរ​​ជិះទៅ​ដល់​ផ្លូវ​ទាល់​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​​ចោរ​២​នាក់​ផ្លោះ​របង​រត់​គេច​​ខ្លួន​បាត់ស្រមោល ។ ចំណែក​​ចោរ​ម្នាក់​​រត់ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​មាន​២​ជាន់ ​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​វាយ​ស្ទើរ​ស្លាប់​រង​របួសធ្ងន់​ទើប​នាំ​គ្នា​សែង​យក​ចុះ​មក​ក្រោម​​​ប្រគល់​ឲ្យ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕