ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បានឱ្យ​ដឹង​ថា គំនរ​សម្រាម​ដែល​ម្ចាស់​ផ្សារ​យក​ទៅ​បោះចោល និង​ដុត បណ្តាល​ឱ្យ​ផ្សែងហុយ​ចូល​ផ្ទះ និង​ប៉ះពាល់​ដល់​បរិស្ថាន ជា​ពិសេស​បញ្ហា​ផ្លូវដង្ហើម អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត មិន​ចាត់ការ​ចំពោះ​បញ្ហា​មួយ​នេះ​ទេ ដោយ​បណ្តែតបណ្តោយ​ឱ្យ​ឈ្មួញ​ម្ចាស់​ផ្សារ​បន្ត​ធ្វើ​ស្រេច​តែ​នឹង​ចិត្ត ។

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ក្នុងភូមិ​ផ្សារ​ព្រំ​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​ម្ចាស់​ផ្សារ​ម្នាក់​ឈ្មោះ ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន​យកស​ម្រាម​ចេញពី​ផ្សារ​របស់​ខ្លួន​ទៅ​ដុត​នៅ​ខាងក្រោយ​ផ្សារ ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ហុយផ្សែង​ចូល​ផ្ទះ និង​ប៉ះពាល់​ដល់​សុខភាព គឺ​ឆេះ​ងំ​ទាំង​យប់​ទាំង​ថ្ងៃ ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ចំ​ៗ​ថា អាជ្ញាធរ​ភូមិ ឃុំ ស្រុក មិន​អើពើ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​ពួក​គាត់​ឡើយ ដោយ​ខ្លាចញញើត​នឹង​អំណាច​ម្ចាស់​ផ្សារ ព្រោះ​គេ​មាន​លុយ​ច្រើន ព្រោះ​អី​កាល​ពី​មុន​បន្ទាប់​ពី​កាសែត​ទូរទស្សន៍​ផ្សាយ​រួច ពួក​គាត់​ចុះ​ទៅ​មើល​ដែរ លុះ​បន្ទាប់​ពី​ជួប​ម្ចាស់​ផ្សា​រហើយ​ក៏​ស្ងាត់ឈឹង​ទៅ​វិញ ដោយ​គ្មាន​វិធានការ​អ្វី​សូ​ម្បី​តែ​បន្តិច​នោះ​ឡើយ ។ ពួក​គាត់​ត្អូញត្អែរ​ថា រាល់​ថ្ងៃនេះ​កូនចៅ​របស់​ខ្លួន​តែងតែ​កើត​ជម្ងឺ​ក្តៅខ្លួន ផ្តាសាយ ក្អក និង​ជម្ងឺ​ផ្សេង​ៗ​ជា​ច្រើន សង្ស័យ​បង្ក​មក​ពី​ផ្សែងភ្លើង​កាក​សំណល់​មាន​ជាតិពុល​ដែល​ជះក្លិន​ស្អុយ​នេះ ពេល​ម្ចាស់​ផ្សារ​ដុត​ម្តង​ៗ ។

ចំណែក​ម្ចាស់​ផ្សារ​ឈ្មោះ ទី បានឱ្យ​ដឹង​ដែរ​ថា ខាង​ផ្សារ​ជា​អ្នក​យកស​ម្រាម​ទាំងនោះ​ទៅ​ដុត​មែន ព្រោះ​អត់​មាន​កន្លែង​ណាមួយ​យក​ទៅ​ចាក់ចោល​ទេ ហើយ​ម្យ៉ាងវិញទៀត​អ្នក​ភូមិ​រស់នៅ​ក្បែរ​ៗ​នោះ​មួយ​ចំនួន​ក៏​យកស​ម្រាម​ទៅ​ចាក់ចោល​ជាមួយ​គ្នា​ដែរ ។ លោក​បន្ត​ទៀត​ថា បើ​សារព័ត៌មាន​ណា​ចង់​ចុះ​ផ្សាយ​ក៏​ផ្សាយ​ទៅ​ចុះ ខាង​លោក​មិន​ខ្លាច​នោះ​ឡើយ ព្រោះ​អី​ការ​ដុត​សម្រាម​នោះ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឡើយ ខាង​លោក​ដុត​តែ​នៅ​លើ​ដី​របស់​ខ្លួន​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ បានឱ្យ​ដឹង​ដែរ​ថា ការ​ចាក់ចោល​សម្រាម និង​ដុត​នៅ​ខាងក្រោយ​ផ្សារ​ព្រំ​ក្រោម​នេះ ពិតជា​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ជា​ពិសេស​ផ្លូវដង្ហើម​របស់​កុមារ​ដែល​រស់នៅ​ក្បែរ​នោះ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ជា​ញឹកញាប់​ដែរ តែ​គ្មាន​នរណា​ម្នាក់​ចុះ​ទៅ​មើល​ឡើយ សូ​ម្បី​តែ​ខាង​បរិស្ថាន​ចុះ​ទៅ​មើល​ដែរ តែ​ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ គ្មាន​វិធានការ​អ្វី​ទេ ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ៕