ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក ​ឃុន ណូ អ្នកជំនាញ​ថតរូប​ដ៏​ឆ្នើម​ម្នាក់ប្រចាំ​ស្ថាន​នី​យ​ទូរទស្សន៍ស៊ី​ធី​អ៊ិ​ន និងមា​យ​ធី​វី បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ ខ្មែរ-​សូ​វៀត អស់​រយៈ​ពេល​ជិត​១​ស​ប្តា​ហ៍​ហើយ ។ ហើយ​រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​​​ជំងឺនៅ​មាន​លក្ខណៈធ្ងន់ធ្ងរ​ដដែល ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​អះអាង​ថា ​​គាត់​មាន​មេរោគ H1N1 (ផ្តាសាយ​ជ្រូក) ​។

សូម​បញ្ជាក់​ថា លោក ​ឃុន ណូ ​​អាយុ​ជាង៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ លោក​បាន​ធ្លាក់ខ្លួន​ឈឺចូល​​សម្រាក​ព្យាបាល​នៅមន្ទីរ​ពហុ​ព្យាបាលសម្ភព «អង្គរធំ»​ តាំងពី​ថ្ងៃ​ទី​១៣ ​កុម្ភៈ មក​ម៉្លេះដោយសារ​អាកា​រៈ​ក្តៅ​រងា និង​ពិបាក​ក្នុង​ការ​ដកដង្ហើម ជា​ប្រព័ន្ធ​អាហារ​មិន​ទទួលយក​អ្វី​ដែល​ហូបចូល និង​ចេះ​តែ​អស់កម្លាំង ។ ​​រហូត​មក​ដល់​ថ្ងៃ​ទី​១៦ កុម្ភៈ ​ដោយសារ​ស្ថានភាព​​​ជំងឺ​កាន់តែខ្លាំង​ឡើង​ៗ លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​បន្ត​នៅ​ មន្ទីរពេទ្យមិត្តភាព​ខ្មែរ​-សូ​វៀត ។ ក្រោយ​ការ​តាមដាន​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ ​រួច​មក ក្រុម​គ្រូពេទ្យ បាន​បញ្ជាក់ថា រូប​លោក​កើត​​ជំងឺ​​ផ្តាសាយ​ជ្រូក( H1N1) ជាប់​ខ្លួន ។ ហើយ​គិត​មក​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី២១ ខែ​កុ​ម្ភៈ នេះ អាកា​រៈ​លោក ​ឃុន ណូ ពុំ​ទាន់​ត្រូវ​បាន​ធូ​រស្បើយ នៅឡើយ​ទេ ពោល​នៅ​មាន​សភាព​ធ្ងន់ធ្ងរដដែល ។

គួរ​បញ្ជាក់​ថា ស្ថានភាព​ក្រុម​គ្រួសារ​លោក​ ឃុន ណូ មាន​ជីវភាព​ខ្វះខាត​ខ្លាំង ពុំ​មាន​លទ្ធ​ភាព​គ្រប់គ្រាន់ក្នុង​ការ​ចាយវាយ​​និង​បង់ថ្លៃ​ព្យាបាល​​ជំងឺ​ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រពន្ធ​របស់​លោក​ក៏​កំពុង​មាន​ផ្ទៃពោះ​​ជិត​គ្រប់​ខែ​​​ទៅ​ហើយ ​ជា​ហេតុ​ធ្វើឱ្យ​ក្រុម​គ្រួសារ​ត្រូវការ​ប្រាក់​ជា​ចាំបាច់​បំផុត​ក្នុង​ ការ​ដោះស្រាយ​ទុក្ខ​លំបាក​នៅ​ចំពោះ​មុខ ។

សូម​បញ្ជាក់​​បន្ថែ​ម​ថា ​​ជំងឺ​​នេះ​បាន​ចូល​​មក​​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ​មិន​ធ្លាប់​កើត​មាននៅកម្ពុជា​ឡើយ ។ ​ទើប​តែ​ពេលនេះ​​ជា​លើក​ដំបូង​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​កើត​មាននៅ​លើខ្លួន​លោក ឃុន ណូ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ជំងឺ​​ផ្តាសាយ​ជ្រូក​នេះ ប្រសិនបើ​កើត​នៅ​លើ​អ្នកមាន​​​ជំងឺសួត​នោះ​​នឹង​ធ្វើ​ឱ្យ​​មាន​ សភាពធ្ងន់ធ្ងរ ប៉ុន្តែ​​​មិនមែន​ជា​ជំងឺ​ចម្លែក​អ្វី​ឡើយ គ្រាន់តែ​​ខុស​ប្លែក​ពី​ជំងឺ​ផ្តាសាយ​បន្តិចបន្តួច ហើយ​​អាច​​ឆ្លង​តាម​រយៈ​ការ​ដកដង្ហើម និង​កណ្តាស់​ ៕