ហាង​បាយ​ចល័ត​បង្ហាញ​វត្ត​មាន​នៅ​ភ្នំពេញ​

Doliprane TVC

​កាលពីមុន​នៅក្នុង​ប្រទេស​កម្ពុជា​ពុំដែល​មាន​ហាង​បាយ​ចល័ត​នោះទេទើបតែ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះហាង​បាយ​ចល័ត​បានបង្ហាញ​ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ។ ហាង​បាយ​ ចល័ត​នេះ​កំពុង​បានទទួលការទាក់ទាញ​ពី​អតិថិជន​យ៉ាងច្រើន​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ហាង​បាយ​ចល័ត​នេះបាន​ជួយ​បង្កើត​ការងារ​ដល់​សិស្ស និង និស្សិត​ដែលមាន​ជីវភាព​ខ្វះខាត​មួយចំនួន​ផងដែរ ។ ម្ចាស់​ហាង​បាយ​ចល័ត​នេះ​អតីត​ជា​និស្សិត​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ជប៉ុន ។​

ហាង​បាយ​ចល័ត​បង្ហាញ​វត្ត​មាន​នៅ​ភ្នំពេញ​

​រទេះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​លក់​បាយ​សាច់ជ្រូក​ចល័ត​ពីរ​គ្រឿង​ដែលមាន​តុបតែង​យ៉ាង​ស្រស់ស្អាត និងមាន​អនាម័យ​ខ្ពស់​ផង​នោះ​ដែល​ត្រូវបាន​មនុស្សម្នា​ជាច្រើន​ហៅថា​ហាង​បាយ​សាច់ជ្រូក​ចល័ត ។ ​លោក បុល វ៉ាន់​នៀត អគ្គនាយក​មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​ការសិក្សា NEIC និង ជា​ម្ចាស់​អាជីវកម្ម​ហាង​បាយ​ចល័ត​នេះ​មានប្រសាសន៍ថា​«​មុនដំបូង​ខ្ញុំ​បាន​ទៅសិក្សា​នៅ​ប្រទេស​ជប៉ុន​រយៈពេល​មួយឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ២០០៩ ដល់ ២០១០ ផ្នែកវិទ្យាសាស្ត្រ​អប់រំ ពេល​ត្រឡប់​មកពី​ប្រទេស​ជប៉ុន​វិញ​ខ្ញុំ​បាន​ចូល​បម្រើការ​ក្នុង​ធនាគារជប៉ុន​មួយ Tokyo-Mitsubishi UFJ ប្រចាំ​កម្ពុជា​នៅចុងឆ្នាំ ២០១១ រហូតដល់​ឆ្នាំ ២០១៤ ខ្ញុំ​បាន​សុំ​លាឈប់​ពី​តួនាទី ។

នៅ​ឆ្នាំ ២០១៤ ដដែល​ខ្ញុំ​បាន​បើក​មជ្ឈមណ្ឌល ​មួយ​គឺ​ឈ្មោះ NEIC(Neat Educational Information Center) មាន​បម្រើ​សេវាកម្ម​ដូចជា ទីមួយ ការផ្តល់​ព័ត៌មាន​ពី​ការសិក្សា ទី​ពីរ ការផ្តល់​ប្រាក់កម្ចី សម្រាប់​ការអប់រំ ទី​បី ការណែនាំ​បុគ្គលិក និង ទី​បួន ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​» ។ ​លោក វ៉ាន់​នៀតបាន​បន្តទៀតថា​«​ហាង​បាយ​ចល័ត​នេះ​ជា​ចំណែក​មួយ​នៃ​សេវាកម្ម​របស់​មជ្ឈមណ្ឌល​ផ្តល់ព័ត៌មានការសិក្សា​ហៅ​កាត់​ថា NEIC របស់ខ្ញុំ​ហើយ​ក្នុងន័យ​នេះ​ខ្ញុំ​បាន​ប្រកាន់​គោល​ការ ៥ យ៉ាងដើម្បី​សម្រេចបាន​ជោគជ័យ​សម្រាប់​អាជីវកម្មរបស់ខ្លួន​គឺ ទី ១ អនាម័យ ទី​២ សេវាកម្ម ទី ៣ រសជាតិ ទី ៤ តម្លៃ និង ទី ៥ ការ កែច្នៃ​ប្រឌិត​សម្ភា​រៈលក់ ។

ហាង​បាយ​ចល័ត​បង្ហាញ​វត្ត​មាន​នៅ​ភ្នំពេញ​

អាជីវកម្ម​ប្រភេទ​នេះ​ទើបតែ​បង្កើតឡើង​នៅ​ដើមខែ​មិថុនា ឆ្នាំ ២០១៤ ហើយ​រហូតមក​ដល់ពេលនេះ​គឺ​មានតែ​រទេះ​ពីរ​ប៉ុណ្ណោះ​ដែល​កំពុង​លក់ ប៉ុន្តែ នៅ​ខែធ្នូ ឆ្នាំ ២០១៤ ខាងមុខនេះ ខ្ញុំ​គ្រោង​នឹង​ដំណើរការរទេះ​ចំនួន​ពីរ​បន្ថែមទៀត ។ បច្ចុប្បន្ន​រទេះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ចំនួន ពីរ​គ្រឿង​កំពុងដំណើរការ និង មានបុគ្គលិក​សរុប​ចំនួន ១៤ នាក់ ដើម្បី​បម្រើសេវា​កម្ម​ជូន​អតិថិជន​នៅតាម​ទីតាំង​ផ្សេងៗគ្នាក្នុង​មួយថ្ងៃអាច​រកប្រាក់​ចំណូល​បាន ៤០០ ដុល្លារ ហើយការលក់​បាយ​រាល់ថ្ងៃនេះ​គឺ​មួយ​ប្រអប់​តម្លៃ ៤.០០០ រៀល ។

ទាក់ទង​ពេលវេលា និង ទីតាំង​លក់ គឺ​រទេះ​ទីមួយ​ប្រចាំការ​ពី​ម៉ោង​ប្រាំ​កន្លះ​ដល់​ម៉ោង​ប្រាំពីរ​កន្លះ​ព្រឹក នៅ​ម្តុំ​ខាងមុខ ណាហ្គា​វើ​ល បន្ទាប់មក​ចាប់ពី​ម៉ោង​ប្រាំពីរ​កន្លះ​ដល់​ម៉ោង​ដប់​ត្រូវ​ចល័ត​ទៅ​ម្តុំ​មុខអគារ​ភ្នំពេញ​សេន​ធឺ និង បន្ទាប់មកទៀតចាប់ពី​ម៉ោង​ដប់​កន្លះ​រហូតដល់​ម៉ោង​មួយ​រសៀល​ត្រូវ​ចល័ត​បន្ត ទៅមុខ​ផ្សារ​ទំនើប អ៊ី​អន (AEON) ។ ចំណែកឯ​រ៉ឺម៉ក​ទី​ពីរ ត្រូវ​ប្រចាំការ​ចាប់ពី​ម៉ោង​ប្រាំមួយ​កន្លះ​ដល់​ម៉ោង​ប្រាំបួន​កន្លះ​នៅ​ម្តុំ​មុខ​អាគារ​ភំ​ពេញ​ថៅ​វ័រ ហើយ​បន្ទាប់មក​ត្រូវ​ចល័ត​ទៅផ្លូវ​ក្រមួនស​ដែលជា​ផ្លូវ​មាន​ធនាគារ​ជាច្រើន​» ។​

ហាង​បាយ​ចល័ត​បង្ហាញ​វត្ត​មាន​នៅ​ភ្នំពេញ​

​លោក វ៉ាន់​នៀត បាន​រៀបរាប់​បន្តទៀតថា អាជីវកម្មនេះ​បង្កើតឡើង​មាន​គោលបំណង​សំខាន់​ទី ១ ដើម្បី​ផ្លាស់ប្តូរផ្នត់គំនិត​អតិថិជន​ដែល​កាលពីមុន​ធ្លាប់តែ​គិតថា ការលក់​នៅតាម​រទេះ​គឺ​មិនមាន​អនាម័យដូច្នេះ​ត្រូវ​ព្យាយាម​ច្នៃប្រឌិតរបរ​នេះ​ឱ្យមាន​ការទទួលស្គាល់​ពី​គុណភាពអនាម័យ​ល្អ​ដែលអាច​ទទួលយកបាន ។ ទី​២ ផ្តល់ឱកាស​ការងារ​ស​ម្រា​ប់និស្សិត​កម្ពុជាដើម្បី​ជួយ​ផ្គត់ផ្គង់​ថ្លៃ​ការសិក្សា របស់​ពួកគេ ទី ៣ ​គឺ​ដើម្បី​បង្ហាញ​ស្នាដៃ​របស់​យុវជន​ខ្មែរ​ដល់​ភ្ញៀវទេសចរ​បរទេស​ឱ្យបាន​ភ្លក្ស​ស្នាដៃ​ច្នៃប្រឌិត​របស់​យុវជន​ខ្មែរ ។​

​ដោយឡែក​បុគ្គលិក​អ្នកលក់​បាយ​ក្នុង​ហាង​ចល័ត​ម្នាក់​ឈ្មោះ សុគន្ធា​រី បាន​និយាយថា មុខម្ហូប​ដែល ​ហាង​ចល័ត​កំពុង​ដំណើការ​លក់​ជា​រៀងរាល់ថ្ងៃ រួមមាន​រសជាតិ​ផ្អែម និង រសជាតិ​ហឹរនៃ​បាយ​​សាច់ជ្រូក​បែប​ថ្មី​ជាមួយនឹង​អនាម័យ​ខ្ពស់​ផង​នោះបានធ្វើឱ្យ​ហាង​បាយ​ចល័ត​មួយ​នេះ​ស្រូបយក​អតិថិជន​ជាច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន មាន​ទាំង​សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន និង ជនជាតិ​បរទេស​ផងដែរ ។ ទន្ទឹមនឹងនេះ​ហាង​បាយ​ច​ល័យ​បាន​ជួយ​បង្កើត​ការងារ និង ប្រាក់ចំណូល​ដល់​សិស្ស និង និស្សិត​ក្រីក្រ​មួយចំនួន​ផងដែរ ព្រោះ​បុគ្គលិក​ដែលជ្រើសរើស​មក​បម្រើការ​នៅទីនេះ​ត្រូវបាន​ផ្តល់​អាទិភាព​ដល់​សិស្ស និង និស្សិត ដែល​កំពុង​សិក្សា​បណ្តើរ និង ស្វែងរក​ការងារ​ក្រៅ​ម៉ោង​ធ្វើ​បណ្តើរ ។

អតិថិជន​ម្នាក់​ឈ្មោះ ឡេង ឡុង ជា​បុគ្គលិក​បម្រើការ​នៅ​ផ្សារ​ទំនើប​អ៊ី​អន មានប្រសាសន៍ថានេះ​ជា​លើកទីមួយ​ហើយ​ដែល​បាន​ជួប​ប្រភេទ អាជីវកម្ម​ហាង​បាយ​បែប​ថ្មី​នេះ ហើយ​មាន​លក្ខណៈពិសេស​ច្រើន គឺ មាន​រសជាតិ​អាហារ​ប្លែក​មាន​រចនា​ម៉ូដ​រទេះ​រ៉ឺម៉ក មាន​អនាម័យ​ខ្ពស់ និងរហ័ស​ទាន់​ចិត្ត ។ ហាង​បាយ​ចល័ត​នេះ​ថែមទាំង​លើកទឹកចិត្តដល់​រាល់​អតិថិជន​ដែល​បាន​ជាវ​បាយ​សាច់ជ្រូក ​រសជាតិ​ហឹរ ឬ ក៏​ផ្អែម គ្រប់​ចំនួន ១០ ប្រអប់ ក្នុង​រយៈពេល ៦០ ថ្ងៃ អតិថិជន​នឹង​បានទទួល​បាយ​សាច់ជ្រូក​មួយ​ប្រអប់​បន្ទាប់​ដោយ​ឥតគិតថ្លៃ និង មានការដឹកជញ្ជូន​ដល់​កន្លែងប្រសិនបើ​រយៈ​ចម្ងាយ​ត្រឹម​កន្លះ​គីឡូម៉ែត្រ ឬ មួយ​គីឡូម៉ែត្រ ដែល​ការ​កុម្ម៉ង់​ចាប់ពី ៦ ប្រអប់ ដល់ ១០ ប្រអប់ ។

​ដោយសារ​មានការ​គាំទ្រ​កើន​ឡើងជា​លំដាប់ នៅ​ដំណាក់កាល បន្ទាប់​ហាង​បាយ​ចល័ត​នេះ​មានគម្រោង​បង្កើតឱ្យមាន​អាហារ​បី​ពេលគឺ​អាហារ​ពេលព្រឹកអាហារ​ពេល​ថ្ងៃត្រង់និងអាហាពេលយប់ ផង ដែរហើយក៏​ពង្រីក​ទីតាំង​លក់​ជាច្រើន​កន្លែង​​ទៀតនៅតាមទីតាំង​នានា​ក្នុង​រាជធានី​ភ្នំពេញ ៕ សុទ្ធ គឹម​សឿន​