ឆ្នាំ ២០១៥ កម្ពុជាទទួលជោគជ័យ ក្នុងការលុបបំបាត់ នូវជំងឺកើតឡើងលើ មាតានិងទារក

ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០១៥ ប្រទេសកម្ពុជា បានទទួលជោគជ័យថ្មីមួយទៀតក្នុងការ លុបបំបាត់ នូវជំងឺកញ្ជ្រឹល និងលុបបំបាត់ជំងឺ តេតាណូសមាតាន នៅក្នុងផ្នែកសុខភាព មាតានិងកុមារ ជាពិសេសទារក។

យោងតាមសារលិខិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា ក្នុងទិវាសុខភាពមាតា ទារក និងកុមារនៅព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទើបតែទទួលបានមុននេះបន្តិច បានឲ្យដឹងថា   “ខ្ញុំសូមសំដែង នូវអំណរសាទរ និងការកោតសរសើរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាល ក្នុងការសម្រេច បាននូវសមិទ្ធផលសុខាភិបាលជាច្រើន និងលុបបំបាត់ នូវជំងឺកញ្ជ្រឹល និង ជំងឺ តេតាណូសមាតាន នេះគឺជាការជោជ័យថ្មីមួយទៀត សម្រាប់ក្រសួងសុខាភិបាល”។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្ដថា  ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នឹងបន្ដផ្ដល់លទ្ធភាពពន្លឿនការ អនុវត្តការងារ     ផ្នែកសុខភាព មាតា ទារក និងកុមារ ។ សុខភាពបន្ដពូជ ពន្យាកំណើត ការផ្ដល់ថ្នាំបង្ការ អាហាររូបត្ថម្ភ និងការពិនិត្យ ព្យាបាលជំងឺ ទារក និងកុមារតូចៗបន្ថែមទៀត។ សម្តេចបន្ថែមថា  សង្រ្គោះជីវិតមាតា ទារក និង កុមារ គឺជាសកម្មភាពមនុស្សធម៌ និងជាការកសាងសង្គម គ្រួសារនិងសង្គមជាតិសម្រាប់ជំនាន់មុននិងបច្ចុប្បន្នផង ព្រមទាំងជំនាន់បន្ទាប់ផងដែរ ពីព្រោះបើមាតា មានសុខភាពល្អ បុត្រា និងបុត្រី មានសុខភាពល្អ នឹងបន្ដដល់កូនចៅជំនាន់ក្រោយមានសុខភាព ល្អរឹងមាំ។

សូមបញ្ជាក់ថា ឆ្នាំ២០១៥ នៅទូទាំងសកលលោក អត្រាមរណភាពមាតា និងទារក បានថយចុះប្រមាណជា៤៤%ហើយ អត្រាមរណភាពកុមារអាយុ ក្រោម៥ឆ្នាំបានថយចុះ ប្រមាណជា៥៣% ពីកម្រិតដៅឆ្នាំ១៩៩០។ ចំណែកកម្ពុជាវិញ ការសិក្សាស្រាវជ្រាវ ជាបន្ដបន្ទាប់បានបង្ហាញថា អត្រាមរណភាពមាតា បានថយចុះពី ១.០២០នាក់ ក្នុង១០០.០០០ កំណើតរស់នៅ ឆ្នាំ១៩៩០ មកនៅ១៧០នាក់ ក្នុង១០០.០០០ កំណើតរស់នៅឆ្នាំ២០១៤ ។ អត្រាមរណភាព កុមារអាយុក្រោម៥ឆ្នាំបានថយចុះ ពី២០៦នាក់ ក្នុង១.០០០កំណើតរស់នៅ ឆ្នាំ១៩៩០ មកនៅ៣៥ នាក់ ក្នុង១.០០០កំណើតរស់នៅឆ្នាំ២០១៤  និង អត្រាមរណភាពកុមារ អាយុក្រោម១ឆ្នាំ បានថយចុះពី១០២ នាក់ក្នុង១.០០កំណើតរស់នៅឆ្នាំ១៩៩០ មកនៅ២៨នាក់ ក្នុង១.000កំណើតរស់នៅឆ្នាំ២០១៤ មានន័យថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៤ និងទី៥ហើយ៕

ឆ្នាំ ២០១៥ កម្ពុជាទទួលជោគជ័យ ក្នុងការលុបបំបាត់ នូវជំងឺកើតឡើងលើ មាតានិងទារក