សេវាកម្ម &raquo សប្បុរសធម៌

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ដែល​រង​នូវ​គ្រោះ​មហន្តរាយ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ហ្មត់​ទាំងស្រុង នៅ​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៦ លោក​ឧត្តមសេនីយ៍ទោ អាត់  ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​នាំ​យក​អំណោយ របស់​ឧ​ប​នាយ​រដ្ឋមន្ត្រី កែ   គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ជា​គ្រឿង​ឧបភោគបរិភោគ ស័ង្កសី និង​ថវិកា​យក​ទៅ​ប្រគល់​ជូន​ដល់​គ្រួសារ​រង​គ្រោះ ។ ជាមួយ​គ្នា​នោះ​ដែរ ក៏​មាននូវ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារ និង​ថវិកា​របស់​ព្រះ​ស​ង្ឈ​នៅ​វត្ត​ម៉ា​ឡៃ ក៏​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នា​គ្រានោះ​ផង​ដែរ​។

លោក​មេឃុំ​និយាយ​ថា កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦ កន្លង​មកនេះ មាន​អគ្គិភ័យ​បាន​កើតឡើង​ដោយសារ​ក្មេង​លេង​ភ្លើង បណ្តាល​ឲ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​៣​គ្រួសារ​រង​គ្រោះ ដោយសារ​អគ្គិភ័យ​នេះ​ឆេះ​ផ្ទះ អង្ករ និង​សម្ភារ​ថវិកា​អស់ទាំង​ស្រុង ១-​ឈ្មោះ​ថូ ផាត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ស្បូវ​, ២-​ឈ្មោះ​អន សុ​ខន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ពិការ​ល្វឹ​ត​ជើង មានកូន​ម្នាក់​ក្នុង​បន្ទុក ផ្ទះ​ទំហំ​៣​ម៉ែត្រ​គុណ​៤​ម៉ែត្រ ប្រក់​ស្បូវ​, ៣-​ឈ្មោះ​អន រ៉ា​ន់ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មាន​ប្តី និង​កូន​ក្នុង​បន្ទុក​ចំនួន​៧​នាក់ ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ។