ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទូរទស្សន៍​ជាតិ​ស៊ី​រី​រាយការណ៍​ថា កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ វាយ​កាន់កាប់​ផ្នែក​នានា​នៃ​ផ្លូវថ្នល់​ភ្ជាប់​ខេត្ត​អា​ឡែ​ប ជាមួយ​ក្រុង​រ៉ា​កា ជា​រដ្ឋធានី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។

យោង​តាម​ទូរទស្សន៍​នេះ​ថា កងទ័ព​ស៊ី​រី​ដណ្តើម​ត្រួតត្រា​ទាំងស្រុង​ផ្លូវថ្នល់​ក្នុង​តំបន់ AL MA’AMEL និង​មូលដ្ឋាន​អាកាសចរណ៍ KWERIS ភាគ​ខាងកើត​ខេត្ត​អា​ឡែ​ប ។ នេះ​ជា​ការ​រុលទៅមុខ​ចុង​ក្រោយ​មួយ​របស់​កងទ័ព​ស៊ី​រី​ជួយ​ទ្រទ្រង់ ដោយ​ពួក​ជីវពល​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​នៅ​អា​ឡែ​ប ។ ទូរទស្សន៍​នេះ​រាយការណ៍​ទៀត​ថា កងទ័ព​ពេល​នេះ​ខិត​ទៅ​ក្បែរ​ទីក្រុង​រ៉ា​កា​ហើយ ។

ជិត​មួ​យស​ប្តា​ហ៍​មុន​នេះ អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH អះអាង​ថា កងទ័ព​ស៊ី​រី​កំពុង​រៀបចំ​ការ​វាយ​រុល​ឆ្ពោះទៅ​ទីក្រុង​រ៉ា​កា ។ OSDH បន្ត​ថា កងទ័ព​រដ្ឋាភិបាល​ដោយ​ដណ្តើម​យក​ផ្លូវថ្នល់​កាត់​វាល​ខ្សាច់​ជិត​ទីក្រុង ATHRAYA កំពុង​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ ពី​ព្រំដែន​ខេត្ត​រ៉ា​កា មាន​ទីប្រជុំ​ឈ្មោះ​ដូច​គ្នា​នេះ ។

ការ​រុលទៅមុខ​នៅ​ខេត្ត​រ៉ា​កា​នឹង​អាច​ឱ្យ​កងទ័ព​ស៊ី​រី​វាយលុក​លើ​ទីក្រុង​មានឈ្មោះ​ដូច​គ្នា​នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាន់កាប់​មូលដ្ឋាន​អាកាសចរណ៍ TABAQA កាលពី​ឆ្នាំ​២០១៤​មក ។

ចំពោះ​អន្តរាគមន៍​យោធា​តួ​ក​គី​នៅ​ស៊ី​រី អនុរដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​រី លោក FAISAL MEKDAD ថ្លែង​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​តួ​ក​គី​រំលោភ​បំពាន​អធិបតេយ្យភាព​របស់​ស៊ី​រី​ទៀត​ឡើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ AL MAYADEEN TV អនុរដ្ឋមន្ត្រី​រូប​នេះ​គូសបញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​អំពើ​ដ៏​ឆ្កួត​លីលា​នេះ​របស់​រដ្ឋាភិបាល​តួ​ក​គី ។ ស៊ី​រី​ត្រៀម​ឆ្លើយ​តប​រាល់​ការ​ឈ្លានពាន ហើយ​រាល់​អំពើ​ឆ្កួត​លីលា​ប្រឆាំង​ស៊ី​រីនឹង​ពុំ​អាច​អត់ឱន​ឱ្យ​បាន​ឡើយ ។ យើង​នឹង​ការពារ​ប្រទេស​យើង ហើយនឹង​មិន​អនុញ្ញាត​ឱ្យ​តួ​ក​គី ឬ​ប្រទេស​ផ្សេង​ទៀត​រំលោភ​បំពាន​អធិបតេយ្យ​យើង​បាន​ឡើយ ។

អន្តរាគមន៍​យោធា​តួ​ក​គី​នៅ​ស៊ី​រី​មាន​ទិស​ដៅ​បញ្ឈប់​ការ​រុលទៅមុខ​របស់​ពួក​យុទ្ធ​ជន​ឃើ​ត​នៅ​ភាគ​ខាងជើង​ស៊ី​រី​ជិត​ព្រំដែន​តួ​ក​គី ហើយ​បង្កើត​តំបន់​សន្តិសុខ​មួយ​ដែល​តួ​ក​គី​ចង់​បង្កើត​ឡើង​លើ​ដែនដី​ខ្លួន ដើម្បី​ប្រឈម​មុខ​នឹង​ការ​ហូរ​ចូល​នៃ​ជនភៀសខ្លួន ។

ពេល​សួរ​អំពី​ការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​កមួយ​រូប​លោក JEAN LUC MELENCHON ថ្លែង​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ថា ខ្ញុំ​សរសើរ​រុ​ស្ស៊ី​ចំពោះ​សកម្មភាព​របស់​គេ​នៅ​ស៊ី​រី ។ លោក​យល់​ថា លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នឹង​ដោះស្រាយ​បញ្ហា​ហើយ​កម្ទេច​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ជា​សហ​ស្ថាបនិក​គណបក្ស​ឆ្វេងនិយម​អា​េ​ម​រិ​កមួយ លោក JEAN LUC MELENCHON បន្ត​ថា ខ្ញុំ​យល់​ថា លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នឹង​ដោះស្រាយ​បញ្ហា​កម្ទេច​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម។ ខ្ញុំ​សរសើរ​រុ​ស្ស៊ី​ថា គឺ​ពួក​រុ​ស្ស៊ី​ដែល​កាត់​ផ្តាច់​ការ​បញ្ជូន​ប្រេងកាត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដើម្បី​រត់ពន្ធ​ទៅ​តួ​ក​គី ។ ខ្ញុំ​សរសើរ​រុ​ស្ស៊ី​ដែល​អាច​កាត់​ផ្តាច់​ខ្សែ​រត់ពន្ធ​ប្រេង​នោះ​ដែល​បែប​នេះ​ជា​ការ​កាត់​ផ្តាច់​ប្រភព​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សំខាន់​សម្រាប់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​យើងខ្ញុំ​ចង់ឱ្យ​ក្រុម​នេះ​ត្រូវ​វាយ​ឱ្យ​ស្លាប់​តែ​ម្តង ៕