ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បេ​ក្ខ​នារី​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​នៅ​រដ្ឋ​ណេ​វ៉ា​ដា ដែល​នេះ​ជា​ជ័យជម្នះ​សំខាន់​មួយ​របស់​លោកស្រី ។

យោង​តាម​ការ​រាប់​សន្លឹក​ឆ្នោត​រួចរាល់​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​៧៩,២% លោកស្រី​គ្លី​ន​តុ​ន ទទួល​បាន​សំឡេង​៥២,១% ទល់​នឹង​៤៧,៨% សម្រាប់​គូប្រជែង​លោក BERNIE SANDERS ។

នេះ​ជា​ជ័យជម្នះ​សំខាន់​មួយ​សម្រាប់​អតីត​ស្ត្រី​ទី​មួយ​សហរដ្ឋ​អា​េ​ម​រិ​ក​រូប​នេះ ដែល​បើ​យោង​ការ​ស្ទាបស្ទង់​មតិ​កម្រិត​ជាតិ​ប្រជាប្រិយភាព​របស់​លោកស្រី​ធ្លាក់​ចុះ ក្រោយ​ពី​លោកស្រី​ឈ្នះ​ការ​បោះ​ឆ្នោត​សម្រាំង​យ៉ាង​ប្រផិតប្រផើយ​នៅ​រដ្ឋ​អៃ​យ៉ូ​វ៉ា ហើយ​នៅ​រដ្ឋ​ញូ​វ​ហាម​ភៀរ​បែរជា​ចាញ់​លោក SANDERS ដល់​២២% ។

ចំណែក​បេក្ខជន​សម្រាំង​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ មហាសេដ្ឋី​ក្រុង​ញូ​វ​យ៉​ក លោក DOALD TRUMP កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​គណបក្ស​សាធារណរដ្ឋ​ដែល​រៀបចំ​ធ្វើ​នៅ​រដ្ឋ​កូ​រ៉ូ​លី​ន​ខាងត្បូង ។ រីឯ​បេក្ខជន​លោក​ជេ​ប​ប៊ូ​ស ជា​កូន និង​ជា​ប្អូនប្រុស​របស់​អតីត​ប្រធានាធិបតី​បាន​សម្រេច​ដកខ្លួន​ថយ​ចេញពី​ការ​ប្រកួត បន្ទាប់​ពី​លោក​ចាញ់​គួរ​ឱ្យ​ខកចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង នៅ​ការ៉ូ​លី​ន​ខាងត្បូង​។

អតីត​អភិបាល​រដ្ឋ​ផ្ល​រី​ដា​រូប​នេះ បាន​និយាយ​ទាំង​ស្រក់​ទឹកភ្នែក​ថា ចាប់ពី​យប់​នេះ​ទៅ ខ្ញុំ​សម្រេច​ផ្អាក​ការ​ឃោសនា​របស់ខ្ញុំ​ហើយ ៕