ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ការ​ទម្លាក់​គ្រាប់បែក​របស់​អា​មេ​រិ​កលើ​ជំរំ​ហ្វឹកហ្វឺន​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លី​ប៊ី បង្ហាញ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​ប៉ុនប៉ង​កម្ចាត់​ពួក​ជី​ហា​ដ ទោះជា​ស្ថិត​នៅ​ក្រៅ​ទីតាំង​ពួក​គេ​នៅ​ស៊ី​រី និង​អីុ​រ៉ា​ក់​ក្តី ក៏​ប៉ុន្តែ​ពុំ​មាន​បំណង​ឈរជើង​ក្នុង​ប្រទេស​ដែល​កំពុង​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​នេះ​ឡើយ ។

ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នេះ ដែល​ជា​ការ​វាយលុក​លើក​ទី​២​របស់​អា​មេ​រិ​ក ប្រឆាំង​បណ្តា​គោលដៅ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លី​ប៊ី កង​យន្តហោះ​ចម្បាំង និង​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ បាន​កម្ទេច​ជំរំ​ហ្វឹកហ្វឺន​មួយ​របស់​ពួក​ជី​ហា​ដ នៅ​ជិត​ក្រុង​សា​ប្រា​តា ភាគ​ខាងលិច​ទីក្រុង​ទ្រី​ប៉ូ​លី ដែល​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៥០​នាក់ ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ដែល​ពុំ​ផ្តល់​ពី​តុល្យការ​និយាយ​ថា ក្រោយ​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​នៃ​ការ​តាមដាន គេ​រាប់​ឃើញ​ពួក​ជី​ហា​ដ​ប្រមាណ​ជា​៦០​នាក់ កំពុង​ហ្វឹកហាត់​ក្នុង​ជំរំ​នេះ ហើយ​គោលដៅ​អាទិភាព​នៃ​ការ​វាយឆ្មក់​តាម​អាកាស​នេះ​គឺ​សម្លាប់​ជន​ឈ្មោះ NOUREDDINE CHOUCHANE ប្រមុខ​ប្រតិបត្តិការ​មួយ​រូប​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ប្រហែលជា​ត្រូវ​ស្លាប់​ដែរ ។

ការ​វាយប្រហារ​លើក​ទី​២​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា វាយតម្លៃ​ថា លោក​នឹង​ចាត់ការ​លើ​ពួក​ជី​ហា​ដ​នៅ​លី​ប៊ី​ផង​ដែរ ខណៈ​ពួក​នេះ​កំពុង​បោះទីតាំង​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ពិសេស​នៅ​ទីក្រុង​SYRTE​។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​វាយតម្លៃ​ថា​មាន​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រមាណ​ជា​៥.០០០​នាក់​ស្ថិត​ក្នុង​ប្រទេស​លី​ប៊ី ដែល​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ចាប់តាំងពី​ការ​ផ្តួលរំលំ លោក​មូ​អា​ម៉ា កា​ដា​ហ្វី ពី​ឆ្នាំ​២០១១​មក ។

លោក DEVIN NUNES ប្រធាន​គណៈកម្មការ​ស៊ើបការណ៍​របស់​សភា​អា​មេ​រិ​ក​ជា​អ្នក​សាធារណរដ្ឋ​និយាយ​ថា យើង​សង្ឃឹមថា ការ​ទម្លាក់​គ្រាប់បែក​ពេល​នេះ​តំណាង​ឱ្យ​ការ​ចាប់ផ្តើម​អន្តរាគមន៍​របស់​រដ្ឋាភិបាល លោក​អូ​បា​ម៉ា ដើម្បី​ចាត់​ទុក​លី​ប៊ី​ជា​បញ្ហា​យុទ្ធសាស្ត្រ​សាកលមួយ យកឈ្នះ​លើ​លទ្ធិ​ជី​ហា​ដ​អន្តរជាតិ ។

ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​នេះ​របស់​អា​មេ​រិ​ក​នៅ​លី​ប៊ី ប្រទេស​ស៊ែរ​ប៊ី​ប្រកាស​នា​ថ្ងៃ​ទី​២០ កុម្ភៈ ថា ជនជាតិ​ស៊ែរ​ប៊ី​២​នាក់​ដែល​ត្រូវ​ចាប់ពង្រត់​កាលពី​ខែវិច្ឆិកា នៅ​លី​ប៊ី​បាន​ស្លាប់ ។ ការ​ទម្លាក់​គ្រាប់បែក​នេះ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​លី​ប៊ី​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​ជាក់ស្តែង​លើ​អធិបតេយ្យភាព​របស់​រដ្ឋ​លី​ប៊ី ។

នៅ​ក្រុង​បែ​ល​ហ្ក្រា​ដ នាយក​រដ្ឋមន្ត្រី​ស៊ែរ​ប៊ី លោក ALEKSANDER VUCIC ថ្លែង​ថា ជនជាតិ​ស៊ែរ​ប៊ី​២​នាក់​ជា​មន្ត្រី​ក្រសួងការបរទេស​បាន​ត្រូវ​ស្លាប់ ហើយ​ពិត​ណាស់​ដោយ​សារ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ។

ម្យ៉ាងទៀត​នៅ​លី​ប៊ី​ដែរ សមាជិក​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​លី​ប៊ី​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​១៤​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​បណ្តា​ក្រុមប្រឆាំង​គ្នា នៅ​ទីក្រុង​បេន​ហ្គា​ហ្ស៊ី​ភាគ​ខាងកើត​ប្រទេស ។

បច្ចុប្បន្ន​មាន​អាជ្ញាធរ​សំខាន់​២​នៅ​លី​ប៊ី​ដែល​ប្រឆាំង​គ្នា​គឺ​អាជ្ញាធរ​មួយ​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​មា​នទី​តាំងនៅ​ភាគ​ខាងកើត​ប្រទេស ហើយ​អាជ្ញាធរ​មួយទៀត​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ទ្រី​ប៉ូ​លី​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុមចម្រុះ​អ៊ិ​ស្លា​ម​និយម​មួយ ៕