ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​ស្ត្រី​ជា​ប្រពន្ធ​យកដៃ​រុញ​ខ្នង​ប្តី​លោត​ចុះ​ពីលើ​ម៉ូតូ បណ្តាលឱ្យ​​ម៉ូតូ​ជ្រុល​ទៅ​មុខ​បុក​ជាមួយ​រថយន្ត​ដែល​បើក​មក​ពីក្រោយខ្ទាត​ជាង​៥​ម៉ែត្រ​​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១ ​កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ​។

ជន​រង​គ្រោះ​​ឈ្មោះ ពៅ រុន អាយុ​៤០​ឆ្នាំ ​​និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ម៉ុ​ន នឿ​ន អាយុ​៣៨​ឆ្នាំ អ្នក​ទាំង​២​​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​តាកែវ ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ ។

​មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិក​ ១គ្រឿង​ ដឹក​ប្រពន្ធ​ធ្វើ​ដំណើរលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ពី​កើត​ទៅ​លិច ​លុះ​​មក​ដល់​ចំណុច​កើតហេតុ ជនរង​គ្រោះ​បាន​បន្ថយល្បឿនជិះ​តិច​ៗ​បំណង​ចង់​ឆ្លងថ្នល់​ទៅ​ខាងត្បូង​ដើម្បី​ចាក់​សាំង តែ​មិន​ទាន់​បាន​ឆ្លង​ផង ស្ត្រី​ជា​ប្រពន្ធ​បាន​​រុញ​ខ្នង​ប្តី​លោត​ចុះ​ពីលើ​ម៉ូតូ ​​ដូច​រុញ​​ម៉ូតូជ្រុល​ទៅ​មុខ​ជិត​ដល់​ទ្រូង​ថ្នល់ ខណៈនោះ​ក៏​មាន​រថយន្ត​១​គ្រឿង​​ ដែល​គេ​មិន​ចាំម៉ាក​​​បើក​មក​ដល់​​បុក​ទាំង​ជន​រង​គ្រោះ​និង​ម៉ូតូ​ខ្ទាត​ជាង​៥​ម៉ែត្រ បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ចំណែក​រថយន្ត​​ក៏​បង្កើន​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​​ បន្សល់​ទុក​តែ​ស្ត្រីជា​ប្រពន្ធ​នៅ​អង្គុយ​យំ​អង្អែល​សព​ប្តី និង​ស្រែក​បន្ទោស​ខ្លួនឯង​ដែល​ធ្វើ​ឱ្យ​​ប្តី​ស្លាប់​ ។

ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​ស្រុក​ព្រះស្តេច​បាន​ទៅ​ដល់​កន្លែង​កើតហេតុជួយ​ធ្វើ​អន្តរាគមន៍​សម្រួល​​ចរាចរ​ណ៌​កុំឱ្យ​​កកស្ទះ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​​សព​ទៅ​ឱ្យ​ប្រពន្ធយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​​​​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ូ​ស្តិ៍​​រដ្ឋបាល​​រំចេក ​ដើម្បី​រង់​​ចាំ​​​ស្រាវ​ជា្រវ​​តាម​ចាប់​រថយន្ត​បង្ក​យក​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ​៕