ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញជា​រៀងរាល់ថ្ងៃ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​កើត​​​ជំងឺ​​រលាក​ក្រពះ ពោះវៀន លើសឈាម និង​កើតរោគ​ទឹកនោមផ្អែម ទឹកនោមប្រៃ ដែល​ក្នុងមួយ​ថ្ងៃ​ៗ​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​បង្អែក និង​គ្លីនិក​ឯកជន​នានា​ជា​ច្រើន ​គួរ​ឱ្យ​កត់សម្គាល់ ហើយ​អ្នកខ្លះ​រហូត​ដល់​ធ្លាយ​ក្រពះ​ថែម​ទៀត​ផង ដែល​បញ្ហា​ទាំងនេះ គេ​សង្ស័យ​ថា បណ្តាល​មក​ពី​អាហារ ដែល​ពួក​គាត់​ទទួលទាន​ដូច​ជា ​បន្លែ ផ្លែ​ឈើ ត្រី សាច់ និង​អាហារ​ផ្សេង​ៗ ជា​ច្រើន​ទៀត ដែល​ដាំ​ដុះ​នៅ​ក្នុងស្រុក និង​​នាំ​ចូល​ពី​បរទេស​មាន​ប្រើ​សារធាតុ​គីមី ។

​លោក​វេជ្ជបណ្ឌិត​​​ ឆេ​ង បានឱ្យ​ដឹង​ថា ​ពលរដ្ឋ​ទទួល​រង​ជំ​ងឺ​ក្រពះ ពោះវៀន ទឹកនោមផ្អែម​ប្រៃ លើសឈាម មក​ពី​កត្តា ម្ហូបអាហារ ដែល​ពួក​គាត់​ទទួលទាន​រាល់ថ្ងៃ ។ ជួន​​កាល​គាត់​ហូប​អាហារ​មិន​ទៀងទាត់​ពេលវេលា ប៉ុន្តែ​ពេល​ខ្លះ​ទៀត ក្នុង​ម្ហូបអាហារ​នោះ​មាន​សារធាតុ​គីមី ​​ដូចជា​បន្លែ​ក្តឹប​តូច​ៗ ដែល​គេ​បេះ​យក​មក​ពី​ចម្ការ លុះ​ដាក់​ថ្នាំ​ជាតិ​គីមី​ចូល​ទៅអាច​រីក​មាឌធំ​យក​ទៅ​លក់ដូរ​នៅ​ទីផ្សារ​ឆាប់រហ័ស ​​ពេល​ប្រជា​ពលរដ្ឋ​មិនដឹងទិញ​យក​ទៅ​ទទួលទាន បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​តែ​ម្តង ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​​​ថា ពេល​នេះ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ក៏​កើត​មាន​​​ជំងឺ​លើសឈាម ឈឺសន្លាក់ រលាក​ក្រពះ ពោះវៀន ដែល​ក្នុង​១​ថ្ងៃ​ៗ នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ ទទួល​អ្នក​​ជំងឺ​​ប្រភេទ​នេះ​ចេញចូល​ៗដូច​ភ្លៀងរលឹម ។

លោកគ្រូ​ពេទ្យ​សំណូមពរ​ឱ្យ​ប្រជា​ព​ល​រដ្ឋ​ដាំ​បន្លែ​ហូប​ដោយ​ខ្លួនឯង គឺ​គ្រាន់តែ​ប្រើ​ជីធម្មជាតិ​អាចម៍គោ ឬ​អាចម៍មាន់ ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។ ចំណែក​ឈ្មួញ ត្រូវ​គិត​ពី​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដែល​ទិញ​របស់​ខ្លួន​យក​ទៅ​ហូប​ផង​ដែរ មិន​ត្រូវ​គិត​​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ឡើយ ៕  ​​​​​