ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា MSX ១​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​សល់​តែ​គ្រោងឆ្អឹង​នៅ​ក្នុង​គំនរ​ផេះ​ផង់ ដោយសារ​តែ​មនុស្ស​មួយ​ក្រុម​នាំ​គ្នា​ដុត​កម្ទេច​ចោល ដែល​សង្ស័យ​ថា មាន​ទំនាស់​ដេញ​វាយ​គ្នា​ជាមួយ​ម្ចាស់​ម៉ូតូ​នោះ ប៉ុន្តែ​ទោះបី​បែប​ណា មិន​មាន​នរណា​ម្នាក់​បានដឹង​ថា តើ​ទំនាស់​នោះ​កើតឡើង​ដោយសារ​រឿង​អ្វី​នោះ​ឡើយ​។ ម៉ូតូ​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ និង​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ម៉ូតូ​១​គ្រឿង​នោះ​ម៉ាក​ហុងដា MSX មិនដឹង​ពណ៌ និង​ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះ​ទេ ចំណែកឯ​ម្ចាស់​ក៏​មិន​ត្រូវ​បាន​នរណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ដែរ ប៉ុន្តែ​សង្ស័យ​ជា​ក្រុម​ជន​ស្ទាវ​ដែល​ដើរ​លេង​យប់ ហើយ​ម៉ូតូ​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​នៅ​សល់​តែ​ផេះ​ផង់ និង​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ មើល​សឹងតែ​ពុំ​ស្គាល់​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​នោះ ត្រូវ​ភ្លើង​ឆេះ​អស់​នៅ​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ ហើយ​ក៏​បាន​រាយការណ៍​ជូន សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ចុះ​ទៅ​ពិនិត្យ​មើល និង​ស្រាវជ្រាវ​ពី​មូលហេតុ​ដែល​បាន​កើតឡើង ។ ព្រោះ​នៅ​ក្នុង​ពេល​នោះ​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា ម៉ូតូ​នោះ​ត្រូវ​ភ្លើង​ឆេះ​របៀប​ណា និង​នៅ​វេលា​ម៉ោង​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ប្រហែល​កើតឡើង​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ កុម្ភៈ និង​ឆេះ ព្រោះតែ​មាន​អ្នក​ដុត​កម្ទេច​ចោល​។

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​នៅ​ក្បែរ​នោះ បាន​និយាយ​ថា នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នោះ គាត់​បានឮ​សូ​សម្លេង​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ប៉ុន្តែ​ស្ដាប់​មិនដឹង​ថា បើក​ពី​ទិស​ខាង​ណា​ឆ្ពោះទៅ​ខាង​ណា​នោះ​ទេ ព្រោះ​ខណៈនោះ​ពួក​គាត់​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ដែរ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ប្រហែលជា​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​ទៅ​ពេល​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​បាត់​ស្ងាត់ឈឹង និង​បានឮ​ស្នូរ​ជើងមនុស្ស​រត់​វិញ​ម្ដង ហើយ​មិនយូរ​ប៉ុន្មាន​បានឮ​សម្លេង​ម៉ូតូ​ច្រើន​គ្រឿង​ទៀត​ទៅ​ដល់ និង​ឮ​មាត់​ស្រែក​ឡូឡា បន្តិច​ក្រោយមក​ក៏​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្ដង​។ ពេល​នោះ​គាត់​មិន​បានដឹង​ថា ភ្លើង​ឆេះ​ម៉ូតូ​នោះ​ទេ ស្មានថា ឆេះ​សំរាម ព្រោះ​ទីនោះ​ក៏​មាន​គំនរ​សំរាម​ខ្លះ​ៗ​ដែរ ហើយ​នៅ​ក្នុង​ពេល​មាន​ភ្លើង​ឆេះ ក៏​បានឮ​សម្លេង​ម៉ូតូ​ជិះ​ចេញពី​កន្លែង​កើតហេតុ​នោះ​ដែរ​។

បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​និយាយ​ថា ម៉ូតូ​នេះ ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ដែល​ម្ចាស់​ម៉ូតូ​ខាងលើ​រួម​និង​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​បាន​នាំ​គ្នា​ដើរ​លេង​សប្បាយ​ពេល​យប់ ហើយ​មាន​ទំនាស់​គ្នា​ជាមួយ​យុវជន​ស្ទាវ​មួយ​ក្រុម​ទៀត និង​ត្រូវ​បាន​គូទំនាស់​នាំ​គ្នា​ដេញ​តាម​ព្រួត​វាយ​យ៉ាង​ប្រ​កៀ​ប្រកិត ។ បន្ទាប់​មក​ដោយ​ជិះ​រត់គេច​ពី​កណ្ដាប់ដៃ​ក្រុម​គូទំនាស់​មិន​រួច ក៏​ផ្តួល​ម៉ូតូ​ចោល និង​បាន​រត់គេច​ខ្លួន​ដោយ​ថ្មើ​ជើង ហើយ​ក៏​ត្រូវ​បាន​គូទំនាស់​ដុត​កម្ទេច​ម៉ូតូ​នោះ​ចោល ដើម្បី​បញ្ចេញ​កំហឹង​តែ​ម្ដង ៕