ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ ដើម្បី​ពង្រឹង​គោ​លន​យោ​យ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោកស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​ក្រោម​ឱវាទ​បាន​តាម​ប្រមាញ់​ចោរ​កាច់​សោ​រក​ម៉ូតូ​ដ៏​សកម្ម​នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ រហូត​ចាប់ខ្លួន​មេ​ខ្លោង​បាន​ម្នាក់​ឈ្មោះ ផល ផា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កំ​ពៃ ឃុំ​រំចេក ស្រុក​មេមត់ រួម​នឹង​ស្រី​ស្នេហ៍​ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​កណ្តៀង​ស្រស់ ក្នុងស្រុក​ពញាក្រែក កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មកនេះ ជនសង្ស័យ​ឈ្មោះ ផា ជា​មុខសញ្ញា​កាច់​សោ​រក​ម៉ូតូ ក្នុង​នោះ​រួម​មាន​ដូច​ជា នៅ​ស្រុក​ត្បូងឃ្មុំ ស្រុក​តំបែរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង នៅ​ស្រុក​ឆ្លូង ស្រុក​ស្នួល ខេត្តក្រចេះ ។ ក្រោយ​ពី​បាន​តាមដាន​ដឹង​ពី​អត្តសញ្ញាណ​រហូត​ដល់​ដឹង​ថា ជន​នោះ​បាន​ជួល​ផ្ទះសំណាក់​កណ្តៀង​ស្រស់​ស្នាក់​នៅ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន ប្រាប់​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​សម្ងាត់ ភ្លាម​ៗ​នោះ​រូប​លោក​បាន​សុំ​គោលការណ៍​ពី​ស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត ​ដើម្បី​ឆែកឆេរ​ទាំង​យប់ ដោយ​រឹបអូស​បាន​កញ្ចក់ និង​ស្លាក​លេខ​ម៉ូតូ​មួយ​ចំនួន ហើយ​បាន​បញ្ជូន​ជន​សង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ដើម្បី​សួរនាំ ។ គ្រាន់តែ​រាប់​ត្រួស​ៗ​ម៉ូតូ​ដែល​ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច និង​កាច់​សោ​រក​ម៉ូត​ក្នុង​ទឹកដី​ស្រុក​មេមត់​មាន​៤​គ្រឿង​ឯណោះ ។

លោក​អធិការ​នគរបាល​ស្រុក​មេមត់​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​វិធានការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នោះ​​ ទើប​ដឹង​ពីមុខ​សញ្ញា​នេះ​ដែល​តែងតែ​ចល័ត​កន្លែង​ស្នាក់​នៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ តែ​ទោះជា​បែប​ណា​ក្តី​រូប​លោក​នៅ​តែ​ដឹង​ពី​កន្លែង​លាក់ខ្លួន ហើយ​ក៏​បាន​សុំ​យោបល់​ពី​លោកស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចុះ​ទៅ​ចាប់ខ្លួន​ជា​បន្ទាន់  ។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២១​កុម្ភៈ​នេះ ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​កំពុង​តែ​ធ្វើការ​សួរនាំ​ជនសង្ស័យ និង​បក្សពួក​មួយ​ចំនួន​ទៀត​នឹង​ឈាន​សុំ​ដីកា​ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

មេ​ខ្លោង​កាច់​សោរ​ម៉ូតូ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​ពិបាក និង​បាន​ចំណាយ​ពេលវេលា​យូរ​ទំ​រាំ​នឹង​ចាប់ខ្លួន​បាននេះ​ លោក​ថា សភាពការណ៍​បទល្មើស​លួច​នៅ​ស្រុក​មេមត់​នឹង​​​មាន​សភាព​ស្ងប់ស្ងាត់​មួយ​កម្រិត ទោះជា​យ៉ាងណា​​ក្តី​ក៏​សមត្ថកិច្ច​មិន​បន្ធូរ​ដៃ​នោះ​ទេ នៅ​តែ​បន្ត​រឹត​បន្តឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​បន្ត​ទៀត​ដូច​ភ្លៀងរលឹម ៕