៣ ប្រការ​ចម្បង​ដែល​អាណាព្យាបាល​ត្រូវធ្វើ​

Doliprane TVC

​ការ​ប្រៀនប្រដៅ​កូន​ល្អ​បំផុត​គឺ​ធ្វើ​ដោយមាន​ឧទាហរណ៍​ជាក់ស្តែងនិងតាមរយៈ​សកម្មភាព​ទាំងអស់​ដែល​យើង​បាន​ធ្វើជា​រៀងរាល់ថ្ងៃ ។ នៅពេលដែល​ពាក្យសម្តីឬទឹកមុខ​របស់​យើង​មិន​ស៊ីចង្វាក់​គ្នាជាមួយ​សកម្មភាព​ឬ​អារម្មណ៍​ពេលនោះ​កូនៗ​នឹងកត់សម្គាល់ ។ ដូច្នេះ​ហេតុអ្វី​ក៏​មិន​ប្រើ​ចំណុច​ល្អ​នៃ​ប្រការ​ខាងលើនេះ​ជាការ​ប្រៀនប្រដៅ​កូនចៅ ? ខាងក្រោម​នេះ​ជា​ប្រកា​រទាំង ៣ យ៉ាង​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ដែល​​គួរតែ​យកចិត្តទុកដាក់​ដើម្បី​ឈ្វេងយល់​និង​យកទៅ​បង្រៀន​កូនៗ​របស់​អ្នក ។​

១ – ការបង្ហាញ​ការគោរព​
​ជាការ​ពិត​អ្នក​អាច​ប្រាប់​ឱ្យ​កូនៗ​មានការ​គោរព​អ្នក​និង​អ្នកផ្សេងៗ​ទៀត ។ អ្នក​អាច​ណែនាំ​ពួកគេ​ឱ្យ​ចេះ​ប្រើពាក្យ​ពេចន៍​ល្អៗ​និង​បញ្ចេញ​សំឡេង​ថ្នម​សមល្មម ប៉ុន្តែ​តើ​ពួកគេ​រៀន​បង្ហាញ​ការគោរព​ដោយ វិធី​ណា ? ពួកគេ​ចេះ​គោរព​អ្នកដទៃ​បន្ទាប់ពី​ពួកគេ​បានទទួល​ការគោរព​ពី​អ្នកដទៃ។តាម​ការស្រាវជ្រាវ​ រប​ស់ ToddlerABC ឱ្យដឹងថា​ក្មេងៗរៀនសូត្រ​ទៅតាម​មនុស្ស​នៅ​ជុំវិញខ្លួន​ពួកគេ ។ កូនៗ​កត់ចំណាំ​និង​ត្រាប់តាម​សកម្មភាព​ដែល​មនុស្ស​នៅក្បែរ​បានធ្វើ ។ ដូច្នេះ​ការលើក​ឧទាហរណ៍​ល្អ​និង​ជាក់ស្តែង គឺជា​វិធី​ល្អ​បំផុត​សម្រាប់​យកមក​ធ្វើជា​មេរៀន​ក្នុង​ការបង្រៀន​កូនៗ​ឱ្យ​ចេះ​គោរពនិងស្តាប់បង្គាប់​ឪពុកម្តាយចាស់ទុំ ។ អាណាព្យាបាល​ចូរ​ធ្វើជា​គំរូ​ល្អ​ដល់​កូនៗដូចជា​នៅពេល​អ្នក​ចូល​ផ្ទះ​អ្នកដទៃ​ហើយ​ដោះ​មួក​ចេញពី​ក្បាលកូនៗ​របស់​អ្នកនឹង​ធ្វើតាម​ភ្លាម ។​

២ – ចេះ​ដាក់ខ្លួន​និង​ចេះ​ទទួលកំហុស​
​ចូរ​ប្រៀនប្រដៅ​កូន​ឱ្យ​ចេះ​ដាក់ខ្លួន​និង​ចេះ​ទទួលខុសត្រូវ​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​បើទោះជា​ត្រូវឬខុស ជាពិសេស​គឺ​ការសារភាព​នៅពេល​បាន​ប្រព្រឹត្ត​កំហុសឆ្គង ។ ឪពុកម្តាយ​ឬ​អ្នក​ដែលមាន​តួនាទី​ជា​អាណា​ព្យាបាល​របស់​កូនៗ​ត្រូវតែ​ចេះ​ដាក់ខ្លួន​បន្តិច​ដើម្បី​សុំទោស​កូនៗ​ឬ​សុំទោសអ្នកណាម្នាក់​នៅ​ចំពោះមុខ​កូន​ប្រសិន​ខ្លួន​បានធ្វើ​ឱ្យមាន​កំហុស ។ ប្រការនេះគឺជា​សកម្មភាព​ជាក់ស្តែង​ដែល​បានបង្ហាញ​ដល់​កូន ។ អ្នក​ក៏​ត្រូវតែ​លើកយកឧទាហរណ៍​នេះ​ដើម្បី​រំឭក​ដល់​កូន​ថា​«​សូម្បីតែ​ម្តាយ​ឪពុក​ក៏​ធ្លាប់មាន​ការខុសឆ្គងប៉ុន្តែ​សំខាន់​គឺ​ត្រូវតែ​ចេះ​ដាក់ខ្លួន​និង​ទទួលកំហុស​រួច​សុំទោសដោយ​មិន​ធ្វើឱ្យមាន​កំហុស​នៅ​ថ្ងៃក្រោយ​» ។

៣ – ការបង្ហាញ​អារម្មណ៍​ជា​គំរូ​
​ក្មេងៗ​តែងតែ​ទទួល​អារម្មណ៍​បាន​យ៉ាង​ឆាប់រហ័ស​និង​ខ្លាំងក្លា​គឺ​ដូចទៅនឹង​អ្វីដែល​ឪពុកម្តាយ​របស់​ពួកគេ​បានធ្វើ​កាលពី​នៅ​ក្មេង ។ ដូច្នេះ​ការព្យាយាម​រក្សា​អារម្មណ៍​ឱ្យនៅ​ធម្មតា​ពេល​កំពុង​ខឹង​ខ្លាំង​សប្បាយ​ខ្លាំង​ជាដើមនៅ​ចំពោះមុខ​កូនៗ​ជា​រឿង​មិន​ត្រឹមត្រូវ​ព្រោះ​វា​ជាការ​កុហក ។ ក្មេងៗ​ត្រូវការ​ដឹងថាស្ថានភាព​បែបណា​មនុស្ស​នឹងមាន​អារម្មណ៍​ពិត​យ៉ាងណា ។​

​ការភ័យខ្លាច ការព្រួយបារម្ភ​ការឈឺចាប់ ការខឹង ការសប្បាយ ការ​ពេញចិត្ត ទាំងនេះ​គឺជា​អារម្មណ៍​មួយផ្នែក​របស់​មនុស្ស ។ ការបង្ហាញ​ពី​អារម្មណ៍ជា​សារ​មួយ​ដែល​ផុស​ចេញពី​ក្នុង​ចិត្ត ។ នៅពេល​អ្នក​លាក់បាំង​អារម្មណ៍​ពិត​របស់ខ្លួនកូនៗ​របស់​អ្នក​ក៏​នៅតែ​ដឹងបាន​ថា​អ្នក​កំពុងមាន​អារម្មណ៍​បែបណា​ហើយ​ពួកគេ​នឹង​យល់ថាឪពុកម្តាយ​ពួកគេ​កំពុងតែ​កុហក​ពួកគេ ។ ម្យ៉ាងទៀតការ​លាក់បាំង​នេះ​នឹង​ក្លាយជា​សារ​មួយ​ដែលមាន​ភាពច្របូកច្របល់​ដែលនាំឱ្យ​កូនៗពេលខ្លះ​មានការ​យល់ច្រឡំ​ផងដែរ ។​

​ក្រៅពីនេះ​ការបង្ហាញ​ទឹកមុខ​មិនត្រូវ​ទៅតាម​ស្ថានភាព​និង​អារម្មណ៍​ពិត​វា​ក៏​ជា​គំរូ​មិនល្អជា​កាំ​បិតមុខ​ពីរ ព្រោះថា​កូនៗ​តែងតែ​តាមដាន​សកម្មភាព​រប​ស់​អ្នកហើយ​ពួកគេ​នឹង​រៀន​តាម​អ្នក ។ អ្វីដែល​អ្នក​បាន​និយាយ​អ្វីដែល​អ្នក​បានធ្វើគឺជា​មេរៀន​ជាក់ស្តែង​សម្រាប់​កូនៗ ។ ​ជា​ចុងក្រោយ​អ្វីដែល​អាណាព្យាបាល​ទាំងអស់​ត្រូវតែមាន​នោះ​គឺ​ការអំណត់​អត់ធន់​ក្នុងការ​ប្រៀនប្រដៅ​កូនៗ ៕​ ​បុត្រ​