រថយន្ត​​​បើកបរ​ ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ បុក​រះ​កង់​ម៉ូតូ ​​ស្លាប់​​២​នាក់​ ​របួសធ្ងន់​ម្នាក់ ​លើ​ផ្លូវជាតិ​លេខ​៥

ខេត្តកំពង់ឆ្នាំង ៖ នារី​ជិះ​កង់​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​ចំណែក​បុរស​អ្នក​បើក​ម៉ូ​តូ​ម្នាក់​​​ទៀត​បាន​ស្លាប់​ពេល​ដឹកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត រួម​​​ជា​មួយ​​ស្ត្រី​ជិះ​​ពីក្រោយ​​​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរាចរ​ណ៍​​មួយ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​កុម្ភៈ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥  ​នៅ​​ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ  ។ ​ខណៈ​ដែល​រថយន្តកាម​រី​ឆ្លាម​មួយ​គ្រឿង​បើក​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ បុក​រះ​កង់​ និង​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ។

​លោក សឿង រុន នាយ​នគរបាល​ចរាចរ​ណ៏ ស្រុក​រលាប្អៀរ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្លាប​ក្អែក ​បើក​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​ក៏​​ជ្រុល​ចង្កូត​ទៅ​បុក​កង់មួយ​គ្រឿង និងម៉ូតូ​មួយ​គ្រឿង​ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នាពី​ខាងក្រោយ ពេញ​ទំហឹង បណ្តាល​ឲ្យ​នារី​ម្នាក់​ដែល​កំពុង​ជិះ​កង់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ចំណែក​បុរសអ្នកបើក​ម៉ូតូ​បាន​រង​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រីឯស្ត្រី​ម្នាក់​ទៀត ដែលជិះ​ម៉ូតូ​ពីក្រោយ​បាន​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ អាច​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ងងុយដេកបើក​ងោក ឬ​ស្រវឹង​ពីព្រោះ​រថយន្ត​នេះ​បាន​ទៅ​បុក​កង់​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​ដៃ​ទាំង​កំរោល​តែ​ម្តង ។​

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។​ ប៉ុន្តែ​នៅ​លើ​រថយន្ត​បាន​បន្សល់​ទុក​អាវ​ចំណាំង​ប្លាត​មួយ និងអាវ​កងរាជអាវុធហត្ថ​មួយ ដែល​មាន​ប៉ាក់ ​ឈ្មោះ ហ៊ុយ សំ​ផ​ន អត្តលេខ២២៥៧៥៥ ដែល​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ​អ្នកបើកបរ​ជា​មន្ត្រី​​កង​រា​ជអាវុធហត្ថ ដែល​តែងតែ​ល្បាតលើ​ផ្លូវជាតិ​លេខ​៥ជា​ប្រចាំ ៕

រថយន្ត​​​បើកបរ​ ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ បុក​រះ​កង់​ម៉ូតូ ​​ស្លាប់​​២​នាក់​ ​របួសធ្ងន់​ម្នាក់ ​លើ​ផ្លូវជាតិ​លេខ​៥

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត