ACU នឹង​បន្ត​ស៊ើបអង្កេត​ករណី​ បាត់លុយ​ជាង ២០​ម៉ឹនដុល្លារ​ របស់​ក្រសួង​ប្រៃសណីយ៍​

ភ្នំពេញ៖ ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងថា ACU នឹងបន្តការងាររបស់ខ្លួន ក្នុងការស៊ើបអង្កេត អ្នកដែលកិបកេងលុយ ជាង ២០ដុល្លារ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទោះបីជាមានការកំណត់ មុខសញ្ញារួចក៏ដោយ។

ការប្រកាសរបស់លោកនេះ បានធ្វើឡើងក្រោយពីក្រសួងប្រៃសណីយ៍ បានរកឃើញថា បានបាត់បង់ថវិកាជាង ២០ម៉ឹនដុល្លារ ដែលកើតឡើងពីការបំពេញ ការងារមានភាពខ្វះខាតច្រើន កាលពីពេលថ្មីៗនេះ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ថា ជាក់ស្តែង គឺបានរកឃើញថា ពិតជាបានបាត់លុយប្រាកដមែន ប៉ុន្តែថាឲ្យមានអ្នកណាយកនោះ មិនទាន់បានកំណត់មុខសញ្ញាឃើញនៅឡើយទេ ក្នុងនោះក៏បានរកឃើញ មានការធូររលុងច្រើន នៅក្នុងការគ្រប់គ្រង ក្នុងផ្នែកដែលធ្វើឲ្យបាត់លុយនេះ។

លោកបន្ថែមថា មេធំទាំងពីរដែលជាប់ពាក់ព័ន្ធ នឹងការបាត់លុយនេះ គឺត្រូវពិន័យផ្នែករដ្ឋបាលរបស់ក្រសួង ។ ខាង ACU នឹងបន្តរកទៀត ហើយមិនទាន់ ច្បាស់លាស់ទេថា អ្នកដែលសេសសល់រួចពីការចោទប្រកាន់។

លោកបញ្ជាក់ថា "យើងនឹងបន្តរកទៀតថា អ្នកណាជាប្រព្រឹត្ត និងប៉ះពាល់ ឥឡូវនេះ យើងរកឃើញថា បាត់លុយប្រាកដមែន បាត់ទៅលើអ្នកណាគឺឆ្លើយ ដាក់គ្នានៅឡើយទេ។ ចឹងពិន័យរដ្ឋបាលគឺក្រសួងជាអ្នកធ្វើ មិនមែនអង្គភាពប្រឆាំងអំពើពុករលួយជាអ្នកធ្វើទេ ប៉ុន្តែមិនមែនមានន័យថា ដកហើយរួចខ្លួន និងពិន័យអ្វីផ្សេងទៀតមិនទាន់ច្បាស់ទេ អាហ្នឹងត្រូវការធ្វើការបន្តទៀត"។

ចំណែកលោក មាសនីអ្នកវិភាគសង្គមយល់ឃើញថា  ករណីកិបកេងនេះ កើតឡើងជាញឹកញាប់ស្ទើរតែនៅគ្រប់ក្រសួង-មន្ទីររបស់រដ្ឋ  ប៉ុន្តែរកឃើញហើយក៏គេធ្វើ មិនដឹងមិនលឺ និងមានខ្លះទុកនៅបណ្តែតបណ្តោយគ្មានវិធានការចាត់ការទៅតាមផ្លូវច្បាប់។

លោកបន្តថា "ប៉ុន្តែ ចំឡែកក្រសួងប្រៃសណីយ៍ យើងអត់បានដឹងអីទាំងអស់ ស្រាប់តែប្រកាសមកដកចេញ ពាក់ព័ន្ធពុករលួយ។ មានមតិមួយចំនួនរួមទាំងខ្ញុំឆ្ងល់ថា ចុះក្រុមប្រឆាំងអំពើពុករលួយ មិនដឹង ឬមិនបានពាក់ព័ន្ធរឿងហ្នឹង។ ករណីនេះ គួរតែប្រកាសចេញពីគណៈកម្មាធិការប្រឆាំងអំពើពុករលួយ"។ ពាក់ព័ន្ធករណីនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀត លើកឡើងថា ជាទូទៅអ្នកប្រព្រឹត្តអំពើបែបនេះ  គឺទទួលពិន័យពីក្រសួងជាមុនសិន។

លោក មាស នី ថា ក្រោយពីរកឃើញបានប្រព្រឹត្តអំពើពុករលួយហើយអត់មានទោសទណ្ឌអ្វីទេ គ្រាន់តែដកដំណែង មូលហេតុទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋ និងមតិសាធារណឆ្ងល់ ប៉ុន្តែពួកគាត់ចាំមើលតទៅទៀត តើក្រុមគណៈកម្មាធិការខាងពុករលួយធ្វើអ្វីទៀត ឬមួយក៏គេលែងធ្វើការ ហើយទុកឲ្យក្រសួងជាអ្នកធ្វើជំនួសវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រសួងប្រៃសណីយ៍ បានសម្រេចដក លោក មាស ប៉ូ ចេញពីប្រធានក្រុមប្រឹក្សាភិបាល ហើយដាក់លោក ខូវ មករា ជាអនុរដ្ឋលេខាធិការ ក្រសួងជំនួសវិញ។ ក្នុងនោះ ក្រសួងក៏សម្រេចដក លោក ឡាយ ម៉ារីវ៉ូ ចេញពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃទូរគមនាគមន៍ ហើយដាក់លោក សន វី ជាអគ្គនាយករងនៃទូរគមនាគមន៍កម្ពុជាជំនួស។

ពាក់ព័ន្ធករណីនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី១៩ កុម្ភៈ ក៏បានចេញលិខិតបំភ្លឺមួយ ពីការដកតំណែង ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា ដោយលោកអះអាងថា ពួកគេទាំងពីរនាក់នេះ មិនបានជាប់ពាក់ព័ន្ធប្រព្រឹត្តកំហុសទេ ហើយការផ្លាស់ប្តូរនេះ ដើម្បីកែប្រែរចនាសម្ព័ន្ធ តែប៉ុណ្ណោះ៕

ACU នឹង​បន្ត​ស៊ើបអង្កេត​ករណី​ បាត់លុយ​ជាង ២០​ម៉ឹនដុល្លារ​ របស់​ក្រសួង​ប្រៃសណីយ៍​