អ្នកវិភាគ-NGO មិនពេញចិត្ត​បក្សទាំងពីរ​ ចែកទ្រព្យគ្នា ខណៈ​មិនគិតគូរ​ពលរដ្ឋ តែ CNRP ថា ជាលទ្ធិ​ប្រជាធិបតេយ្យ​ជំហានៗ​

ភ្នំពេញ៖ ក្រុមអ្នកវិភាគ និងអង្គការសង្គមស៊ីវិល (NGO) នៅកម្ពុជា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយបង្ហាញពីការមិនពេញចិត្ត ចំពោះគណបក្សដែល មានអសនៈក្នុងរដ្ឋសភា ដែលបានបែងចែករថយន្ត សំភារៈ និងជំនួយការជាដើម ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លើកឡើងថា ជាសិទ្ធិរបស់ពួកគាត់ ហើយនេះ ក៏សបញ្ជាក់ឲ្យឃើញ ពីដំណើរការ លទ្ធិប្រជាធិបតេយ្យ ជាបណ្តើរៗ។

ដើមចមដែលនាំឲ្យពួកគេមិនសប្បាយចិត្ត ត្រូវបានពួកគេលើកឡើងថា ដោយសារមិនគិតគូចូលរួមដោះស្រាយបញ្ហាប្រជាពលរដ្ឋនិងប្រទេសជាតិទេបែរជា នាំគ្នាមកបែងចែកទ្រព្យគ្នាពេលនេះទៅវិញ ខណៈវប្បធម៌សន្ទនាបានបង្កើតឡើងជាងមួយឆ្នាំទៅហើយ។

រដ្ឋសភាបានសម្រេចផ្តល់ រថយន្តមួយគ្រឿង និងទីប្រឹក្សា និងជំនួយការសរុបចំនួន៩នាក់ ព្រមទំាងខុទ្ទកាល័យសម្រាប់ធ្វើការ ដល់ប្រធានក្រុម តំណាងរាស្ត្រភាគច្រើន ភាគីតិចក្នុងរដ្ឋសភា។

លោក មាស នី ដែលជាតាមដានសង្គម និងអ្នកវិភាគនយោបាយនៅកម្ពុជា បានលើកឡើងថា អ្នកតំណាងរាស្ត្រទាំងអស់ ជាពិសេសរដ្ឋសភា គួរតែនាំគ្នាជួយសន្សំសំចៃថវិកានៅថ្នាក់ជាតិ ហើយគួរធ្វើយ៉ាងណាដើម្បីឲ្យថវិកាធ្លាក់ទៅដល់ប្រជាពលរដ្ឋផង។

លោកបន្តថា "បើយើងស្តាប់មើលទៅបន្ថែមមនុស្ស  និងចែកឡានគ្នាប្រើ ខ្ញុំមើលទៅដូចជាគ្មានប្រយោជន៍អីផង គ្រាន់តែចែកកន្លែងគ្នាធ្វើការ ចែកលាភសការៈ ហើយបើយើងមើលរថយន្តអីសម្រាប់សភាប្រើ យើងឃើញថា ម្នាក់ៗប្រើសុទ្ធរថយន្តធុនថ្មី។  ចឹងគួរតែនាំគ្នាសន្សសំចៃថវិកាវិញល្អជាង"។

លោកបន្តថា បើនៅតែបន្តគ្នាទ្រព្យគ្នាបែបនេះទៀត ទៅថ្ងៃអនាគតរាជរដ្ឋាភិបាលនឹងមិនអាចផ្គត់ផ្គងក្នុងការបើកប្រាក់ខែជូនបានទេ។

សម្រាប់លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនៃនយោបាយ វិញ បានថ្លែងថា នៅពេលបក្សទាំងពីរជួបជជែកគ្នាម្តងៗ  ភាគច្រើនពួកគាត់មិនសូវផ្តោតសំខាន់លើបញ្ហាប្រទេសជាតិជាធំទេ គឺភាគច្រើនបែងចែកអំណាច និងផលប្រយោជន៍រៀងៗខ្លួនទៅវិញ។

លោកបញ្ជាក់ថា "ខ្ញុំសោកស្តាយ ឧទាហរណ៍ឡាន មិនទាក់ទងអីនឹងជួយជាតិ ។ ខ្ញុំមើលទៅអត់មានផលប្រយោជន៍អ្វីទាំងអស់ លុយហ្នឹងមិនមែនលុយជប់មកពីលើមេឃទេ  ពេលណាចាយលុយ  គឺយើងយកលុយពីប្រជាពលរដ្ឋ តាមរយៈបង់ពន្ធម៉ូតូ ពន្ធឡាន ផ្លូវ ប្រាក់ខែអីជាដើមហ្នឹង បែរជាយកទៅបែងចែកគ្នា កន្លែងខ្លះ ក្នុងន័យបំផ្លាញ យើងសោកស្តាយព្រោះ អីប្រទេសខ្មែរក្រ  ព្រោះគ្មានសិទ្ធិអីទៅបំផ្លាញថវិកាជាតិទេ "។

លោកថា ចំពោះរថយន្តវិញ គឺលោក មិនរីករាយជាមួយទេ ចំណែកជំនួយការវិញគឺរាជរដ្ឋាភិបាលដែលមានសំឡេងភាគច្រើននោះ គឺមានច្រើនហើយ ដោយឡែកបក្សប្រឆាំងវិញក៏មិនត្រូវការច្រើនដែរ ។

លោកសូមណូមពរឲ្យបក្សទាំងពីរដែលមានអសនៈក្នុងរដ្ឋសភាគួរជួបពិភាក្សាគ្នាដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយអត់ប្រយោជន៍ ហើយសល់ថវិកាខ្លះដើម្បីជួយប្រជាពលរដ្ឋក្រីក្រ។

ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងថា ជាសិទ្ធិរបស់ពួកគាត់ក្នុងការបញ្ចេញមតិ ហើយខាងលោកស្វាគមន៍ចំពោះមតិយោបល់នៃការរិះគន់នេះ។ ប៉ុន្តែសួរថា តើពួកគាត់ចង់ឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យទៅមុខជាបណ្តើរៗឬអត់?

លោកបន្តថា មធ្យោបាយដែលខាងរដ្ឋសភាប្រគល់ឲ្យនោះ គឺមានចំនួនតិចតួចបំផុត ព្រោះត្រូវការកន្លែងដើម្បីធ្វើការ ចំណែករថយន្តវិញក៏មានតិចតួចបំផុតសម្រាប់ក្រុមតំណាងរាស្រ្តសំឡេងភាគតិច។

លោកបានសង្កត់ធ្ងន់ថា " បើយើងចង់ចូលរួមចំណែកកែលំអរ និងជំរុញលទ្ធិប្រជាធិបតេយ្យទៅមុខ គួរមើលឲ្យឆ្ងាយ កុំយកមតិរិះគន់ ទាំងអស់នោះទាញយកប្រជាប្រិយនៅពេលដែលខ្លួនចង់បាន"។

លោក ឈាង វុន អ្នកនំាពាក្យសំឡេងភាគច្រើនខាងគណបក្សប្រជាជនកម្ពុជា បានថ្លែង ក្រោយចប់ជំនួបថ្នាក់ដឹកនាំ ភាគច្រើន និងភាគតិចក្នុងសភា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ  ថា ជំនួបពិភាក្សាបានឯកភាពជូន មធ្យោបាយជារថយន្ត ដល់ប្រធាន ឬថ្នាក់ដឹកនំា សំឡេងភាគច្រើន និងភាគតិចនូវទីប្រឹក្សា និងជំនួយការ៩រូប ព្រមទំាងខុទ្ទកាល័យផងដែរ។ អ្នកទាំងនោះមានឋានៈស្មើនឹងរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន អគ្គលេខាធិការ កញ្ចប់ថវិកា តែត្រូវចែករំលែកតាមចំនួន អសនៈ នៅក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជា មានបានប៉ុន្មាន ? និងគណបក្សសង្គ្រោះជាតិបានប៉ុន្មាន?

លោកបន្តថា ប្រាក់ដែលផ្តល់មិនត្រូវចាយវាយផ្តេសផ្តាសនោះទេ ព្រោះត្រូវចាយទៅតាមគម្រោងនិងត្រូវឆ្លងកាត់តាមរយៈគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋក្នុងការកំណត់ថា អាចប្រើប្រាស់ក្នុងក្របខណ្ឌបែបណា ៕