ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង បាន​កើត​មានរឿង​រ៉ាវ​ជា​ច្រើន ដែល​សុទ្ធសឹងតែ​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការ ងារ​សន្តិសុខ ដូច​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ និង​អំពើ​ចោរកម្ម​ជាដើម ជាមួយ​គ្នា​នេះ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក៏​កើត​មាន​រីក​ដូច​ផ្សិត​ស្ទើរ​គ្រប់​ទីកន្លែង​ផង​ដែរ​។ តែ​ផ្ទុយ​ទៅ​វិញ​សកម្មភាព​នៃ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ហាក់​នៅ​មាន​កំរិត​នៅឡើយ​ទេ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល និង​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​អនុវត្ត​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។

ទោះជា​យ៉ាងណា​ក្តី ប៉ុន្មាន​ថ្ងៃនេះ សម្រាប់​ខេត្តព្រៃវែង គេ​សង្កេត​ឃើញ​ថា មានការ​តែងតាំង និង​ផ្លាស់​ប្តូរ​តួនាទី​លោក​អធិការ​នគរបាល​ស្រុក​ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​៣​ស្រុក គឺ​ស្រុក​ពាម​ជរ ស្រុក​ពោ​ធ៌​រៀង និង​ស្រុក​ស្វាយ​អ​ន្ទ​រ ។ ការ​ផ្លាស់​ប្តូរ​នេះ ត្រូវ​បាន​គេ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ពង្រឹងគុណភាព​ការងារ​មន្ត្រី​នគរបាល​ក្នុង​ការ​ថែរក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជា​ពិសេស​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

ប៉ុន្តែ​មន្ត្រី​នគរបាល​ខ្លះ​បាន​លួច​ខ្សឹប​ប្រាប់​ថា ការ​ផ្លាស់​ប្តូរ​នេះ វា​ជា​រឿង​ធម្មតា គ្មាន​អ្វី​ប្លែក​នោះ​ទេ ដូច​តែ​រាល់ដង​អ​ញ្ចឹ​ង​អ្នក​មានបុណ្យ​ស័ក្តិតូច​ខំ​រត់ការ ដើម្បី​ឡើង​ធំ ចំណែក​អ្នកបុណ្យ​ស័ក្តិធំ តែ​ចំណូល​មិនសូវ​បាន ក៏​នាំ​គ្នា​រត់ការ​រក​កន្លែង​ខ្លាញ់​វិញ វា​តែ​ប៉ុណ្ណឹង ...!!!

សូម​បញ្ជាក់​ថា មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​តែងតាំង និង​ផ្លាស់​ប្តូរ​តួនាទី​ភារកិច្ច​នេះ មាន​ចំនួន​៤​រូប គឺ​លោក​វរសេនីយ៍ត្រី ជា ហេង អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍  ត្រូវ​បាន​តែងតាំង​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​ជរ ។ ចំណែក​លោក​វរសេនីយ៍ ទោ ជាង ម៉ុ​ន្ថា អធិការ​នគរបាល​ស្រុក​ពាម​ជរ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​ជា​អធិការ​នៃ​អ​ធិ ការដ្ឋាន​នគរបាល​ស្រុក​ពោ​ធ៍​រៀង ជំនួស​ឱ្យ​លោក​វរសេនីយ៍ទោ អ៊ុ​ង ផា​ន ដែល​ត្រូវ​ទៅ ទទួល​តួនាទី​ថ្មី ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​។ ដោយឡែក​លោក​វរសេនីយ៍ទោ ពុំ កាន់ អតីត​អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​ដក​ឱ្យទៅ​បំរើ​ការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ​។

គួរ​បញ្ជាក់​ថា ការ​ដក​តំណែង​របស់​លោក​វរសេនីយ៍ទោ ពុំ កាន់ គឺ​បន្ទាប់​ពី​លោក​អធិការ​រូប​នេះ បាន​បាញ់​ត្រូវ​ប្រជាជន​ម្នាក់ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ពេល​ដែល​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​១​កន្លែង នៅ​ឃុំ​ព្រៃខ្លា កាលពី​ថ្ងៃ​ទី​១៣ មក​រា ២០១៦ កន្លង​ទៅ ហើយ​លោក​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង អស់​រយៈពេល​ជាង​១០​ថ្ងៃ ទើប​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ និង​សង​សំណង​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នូវ​ទឹកប្រាក់​ចំនួន​១​ម៉ឺន​៤​ពាន់​ដុល្លារ​រួច​មក ៕