ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​តាកែវ ៖ រហូត​មក​ដល់​ពេល​នេះ​​ការ​ដណ្ដើម​គ្នា​យក​ទីតាំង​សត្តឃាត​កាប់​គោ​ជ្រូក​នៅ​ខេត្តតាកែវ ​ហាក់បីដូចជា​មាន​ភាព​ចម្រូងចម្រាសរវាង​អ្នកមាន​សិទ្ធិ​ស្របច្បាប់​ដែល​មានការ​ឯកភាព​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ ​និង​អ្នក​ដែល​គ្មាន​សិទ្ធិ​(​ខុសច្បាប់​)​ ដែល​មានការ​អនុញ្ញាត​ត្រឹម​​តែ​លោក​អភិបាលខេត្ត​​ប៉ុណ្ណោះ​រយៈពេល​១​ខែមករា​២០១៦។​ ​

ដោយ​មាន​ភាព​ចម្រូងចម្រាស​ខាង​លើ​នេះ​​ ​លោក​ ឡាយ​ វណ្ណៈ ​អភិបាល​ខេត្តតាកែវ​ បាន​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ​​មន្ទីរពេទ្យ​សត្ត​នៃ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​ និង​នេសាទ​ខេត្ត ​ជា​អ្នក​ទទួល​ភារកិច្ច​បណ្ដោះអាសន្ន​ដើម្បី​ប្រមូល​ពី​ទី​សត្តឃាត​ទាំង​៩​ស្រុក​ និង​១​ក្រុង ​រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់លើ​ធ្លាក់​មក ​។

លោក ​ចុង ​ប៊ូ​ អ្នក​វិនិយោគទុន​សត្តឃាត​ខេត្តតាកែវ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​លោក ​ហ៊​យ ​ហ៊ា​ង ​បញ្ចប់​អាណត្តិ​វិនិយោគទុន​សត្តឃាត​ទូ​ទាំង​ខេត្ត​រួច​មក ​ខាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​ និង​នេសាទ​ ដោយ​មាន​សៀវភៅ​បន្ទុក​ភាស៊ី​ត្រឹមត្រូវ​តែ​នៅ​ដើម​ខែមករា​ ២០១៦​ កន្លង​ទៅ​នេះ​ លោក​ ឡាយ​ វណ្ណៈ​អភិបាលខេត្ត​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ឈ្មោះ​ ឈួ​ង ​ជន​. គឹ​ម ​សៀង​លី​. ​សេង​ ស្រី​លាភ​ និង ​សេង​ ភក្ដី​ យក​ភាស៊ី​សត្ត​ឃាត​ជ្រូក​គោក្របី​រយៈពេល​១​ឆ្នាំ​២០១៦​រំលោភ​ទៅ​លើ​អ្នក​វិនិយោគទុន​ស្របច្បាប់​ទៅ​វិញ ​​​ដើម្បី​កុំឱ្យមាន​ភាព​ចម្រូងចម្រាស​នឹង​​គ្នា​នោះ​ ទើប​លោក​អភិបាលខេត្ត​ បាន​ចេញ​លិខិតឱ្យ​​ផ្អាក​សកម្មភាព​យក​ភាស៊ី​នៅ​សត្តឃាត​ និង​ប្រគល់​ភារកិច្ច​ឱ្យ​ទៅ​ពេទ្យសត្វ​ជា​អ្នក​ប្រមូល​ភាស៊ី​តាម​ទី​សត្តឃាត​ រង់ចាំ​សេចក្ដីសម្រេច​ពី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ធ្លាក់​មក​ទើប​ប្រគល់​ឱ្យ​​អ្នក​ស្រប​ច្បាប់​ ។

លោក​ ចុង ​ប៊ូ​ បាន​បន្ត​ទៀត​ថា ​នៅ​ថ្ងៃ​ទី​៤ ​កុម្ភៈ​ ២០១៦ ​កន្លង​ទៅ​នេះ​ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដីសម្រេច​មួយ​ច្បាប់​មក​ឱ្យ​ក្រុមហ៊ុន​របស់​លោក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រមូល​ភាស៊ី​សត្ត​ឃាត​ទូ​ទាំង​ខេត្ត ​ហើយ​លោក​អភិបាលខេត្ត​ និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​បើ​ទោះបីជា​មាន​លិខិត​ពី​ក្រសួង​សេដ្ឋកិច្ច​ធ្លាក់​មក ​យ៉ាងណា​ក៏​ដោយ ​ក៏​ខាង​មន្ទី​រកសិកម្ម​​​ខេត្ត ​​ពេទ្យសត្វ​ខេត្ត​នៅ​តែ​បន្ត​ឱ្យ​​កូនចៅ​របស់​ខ្លួន​ដើរ​ប្រមូល​លុយ​ពី​ទី​សត្ត​ឃាត​ដដែល​ ទើប​លោក​ក្នុង​នាម​អ្នក​វិនិយោគទុន​ស្រប​ច្បាប់​បាន​ប្ដឹង​ទៅ​តុលាការ​​ដើម្បី​ឱ្យ​​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​​ភាគី​មន្ទី​រកសិកម្ម​ ​ពេទ្យសត្វ​ខេត្ត ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​​ការ​ដើរ​ប្រមូល​លុយ​ពី​ទី​សត្ត​ឃាត​ ។

លោក​ ចុង ​ប៊ូ​ បាន​បញ្ជាក់​ថា​ ក្នុង​នាម​លោ​ក​ជា​អ្នក​ទទួល​សិទ្ធិ​វិនិយោគ​ទី​សត្តឃាត​នោះ ​លោក​បាន​បែងចែក​អ្នកគ្រប់គ្រង​សត្តឃាត​នៅ​តាម​បណ្ដា​ស្រុក​ក្រុងមាន​រូប​លោក​គ្រប់គ្រង​ស្រុក​ក្រុង​ចំនួន​៣ ​គឺ​ក្រុង​ដូន​កែវ​ ​ស្រុក​ត្រាំកក់​ ​ស្រុក​បាទី​ ឈ្មោះ​ ថិ​ ហ៊ុន​លី​ គ្រប់គ្រង​ស្រុក​ចំនួន​៤​ មាន ស្រុក​គិរី​វង្ស​ ​ស្រុក​កោះអណ្ដែត​ ​ស្រុក​បុរី​ជលសារ​ ​និង​ស្រុក​ទ្រាំង​ ​ឈ្មោះ​ ជា​ សុភាព​ គ្រប់គ្រង​ស្រុក​៣​ មាន ស្រុក​សំរោង​ ​ស្រុក​ព្រៃកប្បាស​ ស្រុក​អង្គ​បុរី​ ​ដោយ​វិនិយោគ​រយៈពេល​១៦​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៥​ទៅ​ដល់​ឆ្នាំ​២០៣០​៕