ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ និង​ពុ​ទ្ឋ​បរិ​ស័​ទ្ឋ ព្រមទាំង​តាជី យាយជី ដែល​ស្នាក់​នៅ​សំណាក់​ធម៌​លើ​កំពូលភ្នំ​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ភ្នំ​សំបុក មានការ​ភ័យ​ស្លន់ស្លោ​បាញ់​ពន្លត់​ទប់ស្កាត់​អណ្តាត​ភ្លើង​ដែល​បាន​ឆាបឆេះ​រាលដាល​ដោយ​ស្លឹកឈើ និង​ដើមឈើ​ក្រៀម​ៗ​ងាប់​នៅ​លើ​កំពូល បណ្តាល​ឲ្យ​ឆេះ​ផ្សែង​ខ្មួលខ្មាញ់​នៅ​ក្បែរ​ជើង​ជណ្ដើរ និង​រូប​បដិមាករ​មួយ​ចំនួន ។

ការ​ភ្ញាក់ផ្អើល​នេះ​កើត​មាន​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ និង​នាំ​គ្នា​ជួយ​សែង​ទឹក​ស្រោច​ពន្លត់​អណ្តាតភ្លើង​ដែល​បាន​ឆាបឆេះ​ស្លឹកឈើ​ក្រៀម និង​ដើមឈើ​ងាប់​នៅ​តាម​ជើងភ្នំ​ក្បែរ​ជើង​ជណ្ដើរ​កុំ​ឲ្យ​រាលដាល​ដល់​កំពូលភ្នំ ហើយ​ក៏​មិន​បង្ក​ឲ្យ​មានការ​ខាតបង់ ។

រម​នី​យ​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​សំបុកមាន​ទីតាំង​នៅ​ឃុំ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ហើយ​សព្វថ្ងៃ​មាន​តាជី យាយជី និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​/​នាក់ គង់​ស្នាក់​នៅ​ប្រតិបត្តិ​ធម៌​នៅ​លើ​កំពូលភ្នំ ដោយ​មាន​ជា​រោង​អាស្រម និង​ព្រះ​វិ​ហ៊ា​រ ។

គេ​មិន​ទាន់​ដឹង​ថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​រាលដាល​នេះ​កើតឡើង​បណ្តាល​មក​ពី​អ្វី​នោះ​ទេ ។ តែ​នៅ​រសៀល​កើតហេតុ គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ស្លឹកឈើ និង​មែកឈើ​ក្រៀម​នៅ​តាម​ជើង​ជណ្ដើរ​ឡើង​ទៅ​លើ​កំពូលភ្នំ ធ្វើ​អោយ​អ្នកស្រុក​ភ័យ​ស្លន់ស្លោរ​នាំ​គ្នា​ជួយ​សែង​ទឹក និង​វាយ​ទប់ស្កាត់​មុខ​ភ្លើង​កំ​ឲ្យ​បន្ត​រាលដាល ។

យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​បញ្ជាក់​ពី​លោក យ៉ា​ន់ ហ៊ៀង បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍​ឆាបឆេះ​បាន​កើតឡើង​ជិត​១​ម៉ោង​ទើប​ស្ងប់ ក្រោយ​ពី​អាជ្ញាធរ និង​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ពន្លត់ ។ លោក​ថា ការ​ឆាបឆេះ​នេះ​មិន​មាន​បង្ក​ឲ្យ​មាន​អ្នក​រង​គ្រោះ​ទេ ហើយ​ក៏​មិន​បង្ក​ឲ្យ​មានការ​ខូចខាត​សម្ភារៈ​អ្វី​ដែរ ដោយសារ​តែ​ការ​ឆាបឆេះ​មិនកើត​ឡើង​ស​ន្ឋោ​ស​ន្ឋៅ ៕