កង​នាវា​កងទ័ព​ប្រជាជន​ចិន​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​នៅ​កម្ពុជា

កង​នាវា​កងទ័ព​ប្រជាជន​ចិន និង​កងទ័ព​ជើង​ទឹក​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ហ្វឹកហ្វឺន​រួម​គ្នា​មួយ​ជា​លើក​ដំបូង ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​ព្រះសីហនុ។ កម្មវិធី​ហ្វឹកហ្វឺន​រួម​គ្នា​នេះ មាន​រយៈពេល ៥​ថ្ងៃ​នៅ​កម្ពុជា គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

របៀបវារៈ​នៃ​កម្មវិធី​ទស្សនកិច្ច​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បញ្ជាក់​ថា នាវា​ចម្បាំង​របស់​ចិន នឹង​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។ ក្រោយ​ពី​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ កង​នាវា​កងទ័ព​ប្រជាជន​ចិន នឹង​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤ ដើម្បី​ចូល​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក លោក ទៀ វិញ ព្រម​ទាំង​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា។

ក្រោយ​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ កង​នាវា​កងទ័ព​ប្រជាជន​ចិន និង​កងទ័ព​ជើង​ទឹក​កម្ពុជា នឹង​ហ្វឹកហ្វឺន​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​លើ​ផ្ទៃ​សមុទ្រ​ខេត្ត​ព្រះសីហនុ។

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង រ៉យទ័រ (Reuters) ផ្សាយ​ថា នាវា​ចម្បាំង​របស់​ចិន ដែល​នឹង​មក​កម្ពុជា មាន​ចំនួន ៣​គ្រឿង ផ្ទុក​នាវិក​ចំនួន ៧៣៧​នាក់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ដើម្បី​សាកសួរ​លម្អិត​នៃ​ការ​ហ្វឹកហ្វឺន​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ។

ទោះ​បី​យ៉ាង​ណា អគ្គ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក​កម្ពុជា លោក វណ្ណ ប៊ុននាង ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) ថា ការ​ហ្វឹកហាត់​នេះ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​មួយ និង​ជា​ការ​ហ្វឹកហ្វឺន​រួម​គ្នា ដើម្បី​បង្កើន​ការ​ត្រៀម​ខ្លួន​ក្នុង​ករណី​មាន​ហេតុការណ៍​លិច​កាណូត ឬ​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង។

បច្ចុប្បន្ន ចិន ជា​ប្រទេស​ម្ចាស់​ជំនួយ​ចម្បង​នៃ​វិស័យ​យោធា​កម្ពុជា ដោយ​បាន​ផ្គត់ផ្គង់​នូវ​សម្ភារៈ​យោធា​ដល់​កងទ័ព​កម្ពុជា ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ការ​សាងសង់​វិទ្យាស្ថាន​យោធា ការ​ផ្ដល់​នូវ​ឧទ្ធម្ភាគចក្រ កាំភ្លើង និង​រថយន្ត​យោធា​ជាច្រើន​គ្រឿង ព្រម​ទាំង​ទទួល​យក​មន្ត្រី​យោធា​កម្ពុជា ជាច្រើន​នាក់​ទៅ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ចិន ទៀត​ផង។

វត្តមាន​កង​នាវា​កងទ័ព​ប្រជាជន​ចិន ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២២ នេះ គឺ​ស្រប​ពេល​ដែល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​តឹង​តែង ខណៈ​ចិន កាន់​តែ​បង្កើន​សកម្មភាព​យោធា​នៅ​លើ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។